មនុសខ្លះមើលទៅហាក់ប្រើប្រាស់ជីវិតយ៉ាងមានក្ដីសុខ មិនមានរឿងគិតច្រើន។ ជាក់ស្ដែង មិនមែនជីវិតរបស់ពួកគេងាយស្រួលជាងអ្នកដទៃនោះទេ ក៏ប៉ុន្តែពួកគេអាចបង្ហាត់ចិត្តរបស់ខ្លួនឯងឱ្យមើលឃើញរឿងរ៉ាវដែលអ្នកដទៃមើលរំលង តាមរយៈវិធីសាស្រ្ត Notice the Good។

ស្របពេលដែលមនុស្សជាច្រើនកំពុងដែលផ្តោតអារម្មណ៍ទៅលើអ្វីដែលខ្លួនខ្វះខាត កំហុស ឬគោលដៅដែលមិនទាន់បានសម្រេច មនុស្សមួយក្រុមទៀតបែរជាជ្រើសរើសយកចិត្តទុកដាក់លើអ្វីដែលពួកគេមាន រឿងរ៉ាវល្អៗ និងសូម្បីតែរឿងរ៉ាវតូចតាចដែលជាជំនួយផ្លូវចិត្តជាប្រចាំថ្ងៃ។
បាតុភូតនេះហៅថា Attention Bias។ ជាធម្មតា ខួរក្បាលមនុស្សមានទំនោរចាប់អារម្មណ៍ទៅលើរឿងអវិជ្ជមាន ដែលប៉ះពាល់ដល់អារម្មណ៍យ៉ាងធ្ងន់ធ្ងរ ដោយមិនដឹងខ្លួន។ ជាក់ស្ដែង មនុស្សងាយនឹងចាប់បានដំណឹងអាក្រក់ជាងដំណឹងល្អ ចងចាំពាក្យរិះគន់បានច្បាស់ជាងពាក្យសរសើរ ហើយមនុស្សច្រើនតែមានអារម្មណ៍ថាខ្លួនឯងកំពុងខ្វះខាតអ្វីមួយ ទាំងដែលការពិតពួកគេកំពុងតែមានអ្វីជាច្រើននៅជុំវិញខ្លួន។
តែដំណឹងល្អនោះគឺថា បញ្ហានេះមិនមែននៅជាប់នឹងមនុស្សម្នាក់ៗជារៀងរហូតទេ ព្រោះអ្នកអាចបង្វឹកខួរក្បាលរបស់ខ្លួនឯងឱ្យផ្លាស់ប្ដូរមកមើលឃើញរឿងល្អៗ ជាជាងរឿងមិនល្អវិញ តាមដំណើរការដែលមានឈ្មោះថា Neuroplasticity។ កាលណាដែលអ្នកបន្សាំខ្លួនឯងឱ្យចាប់អារម្មណ៍រឿងណាមួយ ខួរក្បាលរបស់អ្នកនឹងកត់ត្រារឿងនោះទុក ហើយបង្កើតវាទៅជាទម្លាប់ថ្មី។

ការហ្វឹកហាត់មើលរឿងល្អៗក្នុងជីវិត មិនមែនជាការបោកប្រាស់ខ្លួនឯងឱ្យមើលពិភពលោកក្នុងផ្លូវល្អនោះទេ តែគឺជាការទាញខ្លួនឯងចេញពីអន្លង់ដែលកំពុងតែលេបត្របាក់ថាមពលវិជ្ជមានចេញពីអ្នក។
អ្នកអាចចាប់ផ្ដើមសង្កេតរឿងរ៉ាវល្អៗដ៏តូចតាចបំផុតនៅក្នុងជីវិតប្រចាំថ្ងៃ ដូចជា អាកាសធាតុ អាហារ និងសូម្បីតែការដែលអ្នកនៅមានកម្លាំងក្រោកឡើងមកប្រើជីវិតក្នុងថ្ងៃដែលពិភពលោកកំពុងតែធ្វើទុក្ខបុកម្នេញមកលើអ្នក។ ដ្បិតការធ្វើបែបនេះមិនបានជួយដោះស្រាយបញ្ហាដោយផ្ទាល់ក្ដី យ៉ាងហោចណាស់ វាក៏ជាបង្អែកផ្លូវចិត្តមួយដែលជួយឱ្យអ្នករឹងប៉ឹងជាងមុនបានដែរ។
មនុស្សដែលអាចធ្វើបែបនេះបាន គឺជាមនុស្សដែលអាចបត់បែនផ្លូវចិត្តបានប្រសើរជាងមុន។ នៅថ្ងៃដែលពិបាកខ្លាំង ពួកគេអាចនៅមានចំណុចតូចៗដែលអាចឱ្យផ្លូវចិត្តបានឈប់សម្រាកខ្លះ មិនអាក្រក់ មិនពិបាកទាំងស្រុង។ លុះនៅថ្ងៃដែលជួបរឿងល្អៗ ពួកគេអាចរីករាយនឹងរឿងទាំងនោះបានយូរជាងមុន មិនមែនគ្រាន់តែជារឿងដែលឆ្លងកាត់ពួកគេមួយភ្លែតៗ ដោយគ្មានអត្ថន័យអ្វីឡើយ។

“ទុក្ខព្រួយ” ឬ “សុភមង្គល” ជួនកាលមិនស្ថិតនៅលើហេតុការណ៍ដែលបានកើតឡើងនោះទេ ប៉ុន្តែស្ថិតនៅលើមុំដែលយើងសម្លឹងមើលហេតុការណ៍ទាំងនោះ។ មុំដែលយើងប្រើប្រាស់ក្នុងការសម្លឹងមើលហេតុការណ៍នានាដែលកើតឡើងក្នុងជីវិត មិនមានជាទេពកោសល្យដែលទេវតាប្រទានឱ្យពីកំណើតទេ តែគឺជាជំនាញដែលមនុស្សគ្រប់គ្នាអាចហ្វឹកហាត់បាន។
Notice the Good មិនអាចធ្វើឱ្យជីវិតរបស់អ្នកល្អឥតខ្ចោះបាននោះទេ តែវាគឺជាវិធីសាស្រ្តមួយដែលធ្វើឱ្យអ្នកអាចមើលឃើញរឿងល្អៗដែលនៅនឹងមុខបានច្រើនជាងមុន។ វាធ្វើឱ្យអ្នកអាចចាប់ផ្ដើមប្រើប្រាស់ជីវិតដែលមានក្ដីសុខជាងគ្រាកន្លងមក តាមរយៈសកម្មភាពងាយៗ ដោយមិនចាំបាច់ត្រូវផ្លាស់ប្ដូរជីវិតរបស់អ្នកទាំងស្រុង៕


























Account
Security
Favourite Content