ផលិតកម្ម Wonder Film Entertainment បានសំងំផលិតភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់រយៈពេលប្រមាណ ២ឆ្នាំ ទីបំផុតស្នាដៃដែលសម្រិតសម្រាំងចំណងជើង «សូម៉ា» របស់ Wonder Film Entertainment បង្ហាញពីការខិតខំប្រឹងប្រែងរបស់ក្រុមការងារ ក្នុងការសាកល្បងនូវទម្រង់ និងបច្ចេកទេសថ្មីៗ ដើម្បីបន្តអភិវឌ្ឍន៍គុណភាពភាពយន្តខ្មែរឲ្យកាន់តែមានភាពចម្រុះ និងសមស្របសម្រាប់ទាំងទីផ្សារក្នុងស្រុក និងអន្តរជាតិ ត្រូវបានប្រកាសចាក់បញ្ចាំងជាផ្លូវការនៅតាមរោងភាពយន្តចាប់ពីថ្ងៃ ៨ ខែតុលា ឆ្នាំ ២០២៦ ខាងមុខនេះតទៅ។

ក្រៅពីការប្រកាសចាក់បញ្ចាំងជាផ្លូវការនៅគ្រប់រោងភាពយន្តក្នុងប្រទេសកម្ពុជា ផលិតកម្ម Wonder Film Entertainment មានមោទនភាពក្នុងការប្រកាសនាំយកភាពយន្តខ្មែរ ២ រឿង គឺ រឿង «សូម៉ា» និងរឿង «កំណើតអរូប ២» ទៅកាន់ American Film Market 2026 (AFM 2026) ជាវេទិកាពាណិជ្ជកម្ម និងទីផ្សារភាពយន្តអន្តរជាតិដ៏សំខាន់មួយ សម្រាប់ការជួបជុំរវាងអ្នកផលិត អ្នកចែកចាយ អ្នកលក់សិទ្ធិ និងអ្នកជំនាញក្នុងឧស្សាហកម្មភាពយន្តពីប្រទេសជាច្រើន។
កាលពីរសៀលថ្ងៃ ១៨ ខែកញ្ញា ឆ្នាំ ២០២៦ លោក សែម វិសាល ចាងហ្វាងផលិតកម្ម Wonder Film Entertainment បានឲ្យដឹងក្នុងសន្និសីទសារព័ត៌មានថា នេះជាជំហានថ្មីមួយទៀតរបស់ Wonder Film ក្នុងការពង្រីកសក្ដានុពលភាពយន្តខ្មែរ និងស្វែងរកលទ្ធភាពសម្រាប់កិច្ចសហការនាពេលអនាគត។ នេះក៏ជាជំហាននៃការបើកទ្វារឲ្យស្នាដៃពីកម្ពុជាអាចមានវត្តមាន និងទទួលបានការចាប់អារម្មណ៍កាន់តែទូលំទូលាយនៅក្នុងទីផ្សារអន្តរជាតិ។

លោក សែម វិសាល បន្តថា នេះមិនមែនជាលើកដំបូងដែលផលិតកម្ម Wonder Film Entertainment នាំយកភាពយន្តខ្មែរទៅកាន់ទីផ្សារអន្តរជាតិនោះទេ ប៉ុន្តែនេះជាលើកទី១ ដែល Wonder Film នាំយកភាពយន្តខ្មែរទៅកាន់ផ្សារភាពយន្តអន្តរជាតិដ៏សំខាន់នៅអាមេរិក American Film Market 2026 (AFM 2026)។ ការចូលរួមក្នុង American Film Market 2026 មិនមែនមានន័យត្រឹមតែការនាំភាពយន្តទៅបង្ហាញនៅក្រៅប្រទេសនោះទេ ប៉ុន្តែជាឱកាសសម្រាប់ស្នាដៃភាពយន្តខ្មែរ ក្នុងការចូលទៅកាន់បណ្ដាញអាជីវកម្ម និងទីផ្សារភាពយន្តអន្តរជាតិ ស្វែងយល់ពីតម្រូវការទីផ្សារ និងបង្កើតទំនាក់ទំនងជាមួយដៃគូអន្តរជាតិ។
ម្ចាស់ផលិតកម្ម Wonder Film នឹងទៅចូលរួមព្រឹត្តិការណ៍ American Film Market ឆ្នាំ ២០២៦ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃ ១០ ដល់ថ្ងៃ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៦ នៅទីក្រុង Los Angeles ដោយធ្វើឡើងនៅសណ្ឋាគារ Fairmont Century Plaza ។

លោក ប៉ុក បូរក្ស ជាប្រធាន និង លោក ឆាយ ប៉ូរា ប្រធានសមាគមភាពយន្តកម្ពុជាក្រោមការជ្រោមជ្រែង និងគាំទ្រយ៉ាងពេញទំហឹងពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តាមរយៈ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ដែលមាន បានក្លាយជាចលករដ៏សំខាន់ជំរុញឲ្យ ផលិតកម្ម Wonder Film Entertainment កាន់តែមានជំនឿចិត្តខ្ពស់ថា ការនាំយករឿង «សូម៉ា» និងរឿង «កំណើតអរូប ២» ទៅសហរដ្ឋអាមេរិកនេះ នឹងជំរុញការផ្សព្វផ្សាយវប្បធម៌ និងអត្តសញ្ញាណខ្មែរកាន់តែទូលំទូលាយ តាមរយៈការបង្ហាញស្នាដៃ និងសមត្ថភាពរបស់អ្នកផលិតភាពយន្តខ្មែរ ទៅកាន់ទស្សនិកជន និងអ្នកជំនាញអន្តរជាតិ។ ស្វែងរកឱកាសជួប និងពិភាក្សាជាមួយអ្នកផលិត អ្នកចែកចាយ អ្នកលក់សិទ្ធិ និងដៃគូអាជីវកម្មក្នុងឧស្សាហកម្មភាពយន្ត។
សិក្សាពីទីផ្សារអន្តរជាតិ និងស្វែងរកលទ្ធភាពនាំយកភាពយន្តខ្មែរទៅកាន់ទស្សនិកជននៅក្រៅប្រទេស។ ម៉្យាង នេះក៏ជាបទពិសោធន៍ និងជាជំហានមួយដែលអាចជួយបង្កើតឱកាសបន្ថែមសម្រាប់អ្នកផលិតភាពយន្តខ្មែរនាពេលអនាគត៕
























































Account
Security
Favourite Content