ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិតត្រូវបានត្រួតពិនិត្យ និងធ្លាប់ទទួលបានការគាំទ្រផ្ទាល់ពីសំណាក់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញលិខិតសរសើរ ព្រមទាំងលើកទឹកចិត្តនោះ បានចាក់បញ្ចាំងនៅលើរោងភាពយន្តហើយ។

រឿង “សូម៉ា” បានដាក់សម្ពោធកាលពីល្ងាចមិញថ្ងៃ ៦ ខែតុលា ឆ្នាំ ២០២៦ នៅរឿងភាពយន្ត Sabay Cinema ទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកសិល្បៈក៏ដូចជាអ្នកស្នេហាវិស័យភាពយន្តផងដែរ។ សម្រាប់រឿងនេះ ផលិតករជើងចាស់ដែលជាអ្នកដឹកនាំក៏ដូចជាម្ចាស់ផលិតកម្ម Wonder Film លោក សែម វិសាល បានបញ្ជាក់ ថាលោកបានសរសេររឿងនេះ តាំងតែពី ឆ្នាំ ២០១២ មកម្ល៉េះ ហើយបានយកទៅឆ្លងនៅនាយដ្ឋានភាពយន្តនៃក្រសួងវប្បធម៌ផងដែរ។
តែទោះជាយ៉ាងណា គ្រោងឆ្អឹងរឿងនាពេលប្រមាណជាងមួយទសវត្សរ៍មុននោះមិនអាចឲ្យអ្នកមើលរឿងខ្មែរ និងអ្នកផលិតអាចបង្កើតចេញជារូបរាងបានទេ នៅត្រឹមលើក្រដាស។ ទើបមកដល់ឆ្នាំ ២០២៤ ម្ចាស់ផលិតកម្មខ្មែរដែលសូម្បីអន្តរជាតិទទួលស្គាល់រូបនោះសម្រេចបាននូវជំហានមួយថ្មីដោយអាចធ្វើចេញជារូបរាង និងក្លាយជារឿងខ្មែរថ្មី ប្លែកបែបវិទ្យាសាស្ត្រដែលមិនសូវមានអ្នកផលិត។

លោក សែម វិសាល បានបញ្ជាក់ថា សូម៉ា បានសម្រិតសម្រាំង និងផ្ចិតផ្ចង់ជាទីបំផុតមិនថាសាច់រឿង ទីតាំង តួសម្ដែង និងសម្ភារថតក៏ត្រូវបានលោក និងក្រុមការងារយកចិត្តទុកដាក់ជាទីបំផុត។ មិនតែប៉ុណ្ណោះ បច្ចេកទេសគ្រប់ផ្នែក មុនពេលចាប់ផ្ដើមថត ត្រូវបានសិក្សាស្រាវជ្រាវយ៉ាងល្អិតល្អន់ ដើម្បីឲ្យអ្នកទស្សនា មើលហើយចងចាំរឿងនេះតែម្ដង។
រឿង សូម៉ា បានចំណាយពេលថតជាង ២ ឆ្នាំទម្រាំមកដល់ថ្ងៃចាក់បញ្ចាំង ធ្វើឲ្យតួឯកស្រី កូនខ្មែរ កាត់បារាំង ខេមា លាន់មាត់ថា ការផលិតយូរពេក នាងភ្លេចសាច់រឿងសឹងតែអស់ទៅហើយ តែភាពអស្ចារ្យ នៃការរៀបចំកន្លង នាងមិនអាចបំភ្លេចបានទេ។ មួយវិញទៀត រឿងនេះមិនមែនតែបែបវិទ្យាសាស្ត្រម្យ៉ាងទេ វាក៏ជាភាពយន្តបង្ហាញពីមនោសញ្ចេតនាការលះបង់ ការការពារ និងការដឹងគុណ ដើម្បីគ្រួសារ និងមនុស្សជាទីស្រលាញ់។

រឿង “សូម៉ា” របស់ Wonder Film ជាភាពយន្តដ៏ស្មុគស្មាញមួយ ដោយមិនត្រឹមតែបែប sci-fi មួយមុខទេ តែក៏មានភាពភ័យខ្លាច action ក្នុងរឿងតែមួយ។ រឿងនេះ ត្រូវបានលោក វិសាល ពណ៌នាថា បានបង្ហាញពីចក្ខុវិស័យ ឧបសគ្គ ផលលំបាក ការបរាជ័យ ការកែសម្រួល តស៊ូជាច្រើនឆ្នាំ ទម្រាំបានចេញជារូបរាង។
គួរបញ្ជាក់ថារឿង “សូម៉ា” នឹងត្រូវចាក់បញ្ចាំងគ្រប់រោងភាពយន្ត ចាប់ពីថ្ងៃ ៨ ខែតុលា ឆ្នាំ ២០២៦ តទៅ ដែលនេះជាប្រភេទរឿងមិនសូវមានអ្នកផលិតឡើយក្នុងប្រទេស តែផលិតកម្ម Wonder Film បានជ្រើសផលិត ដើម្បីបង្ហាញថា ខ្មែរអាចបង្កើតភាពយន្តបែបថ្មីក្រៅពីរឿងខ្មោច និងកំប្លែងបាន៕





























































Account
Security
Favourite Content