១. ស្តាប់ឱ្យច្រើនជាងនិយាយ រាល់ពេលប្រជុំ ព្យាយាមស្តាប់ឱ្យចប់សិន ហើយសឹមចេញមតិយោបល់។
២. បើក្រុមមានការខុសឆ្គង ជួយគ្នាដោះស្រាយសិន មិនបាច់ស្វែងរកអ្នកខុសនោះទេ រកវិធីដោះស្រាយសិន រឿងមេរៀនសឹមនិយាយគ្នាតាមក្រោយ។
៣. អ្នកមកថ្មី ផ្តល់ពេលវេលាឱ្យគាត់បន្តិច គ្រប់គ្នាសុទ្ធតែធ្លាប់ជាអ្នកថ្មី ម្ល៉ោះហើយគួរចិត្តត្រជាក់ជាមួយពួកគេ ដូចដែលធ្លាប់មានអ្នកចិត្តត្រជាក់ជាមួយយើង។ បើគេមិនទាន់ពូកែ ក៏កុំទាន់អាលកាត់សេចក្តី មនុស្សខ្លះត្រូវប្រើប្រាស់ពេលវេលា ផ្តល់ឱកាសឱ្យគាត់បន្តិច គាត់អាចនឹងពូកែជាងអ្វីដែលយើងគិត។
៤. មានអ្នកសុំឱ្យជួយ បើជួយបានក៏ជួយ ទឹកចិត្តបន្តិចបន្តួច ធ្វើឱ្យមនុស្សចងចាំបានយូរ។

៥. ទទួលខុសត្រូវលើការងារខ្លួនឯង ធ្វើផ្នែករបស់យើងឱ្យបានល្អ ក្រុមនឹងមិនបាច់តាមជួយកែខៃឱ្យឡើយ។
៦. បើដឹងច្រើនជាង រៀនចែករំលែក ចំណេះដឹងដែលទុកតែម្នាក់ឯង មិនបានធ្វើឱ្យយើងកាន់តែពូកែឡើងនោះទេ ប៉ុន្តែធ្វើឱ្យក្រុមដើរយឺតជាងមុន។
៧. គិតខុសគ្នាបាន យល់ឃើញមិនត្រូវគ្នា មិនមែនជារឿងខុសឆ្គងនោះទេ ស្តាប់ហេតុផលគ្នាទៅវិញទៅមកសិន សឹមសម្រេចចិត្ត។
៨. ការងារជោគជ័យ ត្រូវចែកក្រេឌីតឱ្យគ្នា គ្មានការងារណាជោគជ័យតែម្នាក់ឯងនោះទេ ដូច្នេះគួរអរគុណអ្នករាល់គ្នាដែលបានជួយគ្នាធ្វើ។
៩. ទៀងទាត់នឹងពេលវេលា មកតាមការណាត់ជួប ផ្ញើ/ប្រគល់ការងារតាមកំណត់ គឺជាការផ្តល់តម្លៃដល់សហការី។
១០. និយាយត្រង់ៗ មិនកាច់កុង មានបញ្ហាប្រាប់គ្នា ប្រសើរជាងទុកនៅក្នុងចិត្ត ហើយយកទៅនិយាយដើមក្រោយខ្នង។
១១. មិននិយាយដើមក្រុមការងារ មនុស្សដែលនិយាយដើមអ្នកដទៃឱ្យយើងស្តាប់ ចុងក្រោយអ្នកណាក៏មិនហ៊ានទុកចិត្តដែរ។
១២. រិះគន់លើការងារ មិនមែនលើបុគ្គល ការងារនេះនៅមិនទាន់ល្អ មិនបានប្រែថាមនុស្សដែលធ្វើមិនល្អនោះទេ។
១៣. សុំទោសនៅពេលខុស យើងខុសឆ្គងក៏ទទួលស្គាល់ ក្រុមនឹងគោរពច្រើនជាងមនុស្សដែលពូកែដោះសា។
១៤. ចេះសរសើរឱ្យចំ មនុស្សធ្វើល្អហើយទទួលបានពាក្យសរសើរ គេនឹងចង់ធ្វើល្អបន្តបន្ទាប់ទៀត។
១៥. កុំយកអារម្មណ៍មកធ្វើការ ថ្ងៃដែលអារម្មណ៍មិនល្អអាចកើតមានបាន ប៉ុន្តែកុំយកថាមពលមិនល្អទាំងនោះទៅបញ្ចេញលើមនុស្សជុំវិញខ្លួន។
១៦. ឃើញតម្លៃគ្រប់តួនាទី គ្មានការងារណាតូចតាចឡើយ អ្នករាល់គ្នាគឺជាផ្នែកមួយដែលធ្វើឱ្យការងារដំណើរការទៅមុខបាន។
១៧. ចង់ទៅឆាប់ទៅតែម្នាក់ឯង ចង់ទៅឱ្យឆ្ងាយទៅជាមួយគ្នា ពូកែតែម្នាក់ឯងអាចឱ្យយើងទៅបានឆាប់ ប៉ុន្តែបើចង់ទៅឱ្យបានឆ្ងាយ ត្រូវទៅព្រមគ្នាជាមួយក្រុម ៕























































Account
Security
Favourite Content