Connection គឺជាក្រុមមនុស្សដែលអ្នកស្គាល់ ហើយពួកគេអាចជួយជ្រោមជ្រែងអ្នកបាន។ គិតត្រលប់មកវិញ ខ្លួនអ្នកផ្ទាល់ក៏ត្រូវដឹងដែរថា អ្នកពូកែខាងអ្វី ហើយអាចជួយពួកគេលើរឿងអ្វីបានដូចគ្នា។

ភាគីនីមួយៗផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក
ស្តាប់ទៅដូចជាមិនសូវល្អ ប៉ុន្តែតាមពិតទៅ Connection ជាពិសេស Connection ដែលល្អ គឺគ្មានអ្វីលើសពីការជួយជ្រោមជ្រែងគ្នាទៅវិញទៅមកនោះទេ។ នេះមិនមែនជាការកេងប្រវ័ញ្ច ឬទាញយកផលប្រយោជន៍ពីភាគីម្ខាងទៀតឡើយព្រោះបើ
អ្នកជាប់គាំងរឿងនេះ ខ្ញុំអាចជួយអ្នកបាន។ ខ្ញុំជាប់គាំងរឿងនេះ អ្នកអាចជួយខ្ញុំបាន។
តើយើងអាចបង្កើត Connection ដោយរបៀបណា? ចម្លើយគឺ៖
១. ធ្វើការងារឱ្យឃើញលទ្ធផល (ស្នាដៃ)

គ្មានអ្វីដែលអាចធ្វើឱ្យមនុស្សចងចាំអ្នកបានល្អជាង «ស្នាដៃ» ដែលអ្នកបានបង្កើតនោះឡើយ។
ជាពិសេសបើស្នាដៃ អាជីវកម្ម ផេក ឬឆានែល YouTube របស់អ្នកត្រូវបានគេស្គាល់ច្រើនប៉ុណ្ណា នៅពេលអ្នកណែនាំខ្លួនទៅកាន់អ្នកដទៃថាជាម្ចាស់ស្នាដៃនេះ ជាម្ចាស់អាជីវកម្មនេះ ឬជាម្ចាស់ផេកនេះ គេនឹងកាន់តែចាប់អារម្មណ៍លើរូបអ្នកកាន់តែខ្លាំង។
អ្វីដែលអ្នកបានបង្កើតឡើង គឺជាតម្លៃដែលឆ្លុះបញ្ចាំងចេញពីខ្លួនរបស់អ្នក។
គ្មាននរណាម្នាក់ចង់បាន Connection ជាមនុស្សដែលគ្មានសមត្ថភាពនោះទេ ដូច្នេះមុននឹងចាប់ផ្តើមស្វែងរក Connection សាកល្បងសួរខ្លួនឯងសិនថា៖
- «តើខ្ញុំពូកែគ្រប់គ្រាន់ដើម្បីឱ្យគេស្វែងរកជំនួយពីខ្ញុំហើយឬនៅ?»
- «តើខ្ញុំមានស្នាដៃអ្វីដែលលេចធ្លោ ហើយមនុស្សភាគច្រើនស្គាល់ដែរឬទេ?»
រឿងទាំងអស់នេះកើតឡើងពីការបង្កើតស្នាដៃឱ្យលេចធ្លោគ្រប់គ្រាន់ រហូតដល់អ្នកដទៃមិនអាចមើលរំលងបាន។
២. ចេញទៅចូលរួមកម្មវិធីផ្សេងៗ (Events)

ការចូលរួមក្នុងកម្មវិធីផ្សេងៗដែលមានមនុស្សនៅក្នុងវិស័យដែលអ្នកចាប់អារម្មណ៍ ឬចង់មាន Connection ជាមួយ ត្រូវបានចាត់ទុកថាជាផ្លូវកាត់យ៉ាងល្អក្នុងការធ្វើឱ្យអ្នកដទៃស្គាល់អ្នកកាន់តែច្រើន។
- ប្រសិនបើអ្នកចង់បាន Connection ខាងផ្នែកហិរញ្ញវត្ថុ ចុះទៅចូលរួម Event ហិរញ្ញវត្ថុ
- ប្រសិនបើអ្នកចង់បាន Connection ខាងផ្នែកអាជីវកម្ម ចុះទៅចូលរួម Event អាជីវកម្ម
- ប្រសិនបើអ្នកចង់បាន Connection ខាងផ្នែកទីផ្សារ ចុះទៅចូលរួម Event ទីផ្សារ
ព្យាយាមនាំខ្លួនឯងទៅស្ថិតនៅក្នុងចំណោមមនុស្សដែលអ្នកចង់ភ្ជាប់ទំនាក់ទំនងជាមួយ កុំសម្ងំតែនៅផ្ទះពេក។ ចេញទៅរាប់អាន ណែនាំខ្លួន ប្រាប់ឈ្មោះ ប្រាប់ពីអ្វីដែលកំពុងធ្វើ និងរស់នៅជាមួយអ្នកដទៃខ្លះ ព្រោះភាគច្រើន ឱកាសតែងតែចេញមកពីមនុស្សដែលយើងជួប ដូចជារឿងការងារ រឿងអាជីវកម្ម ឬវិធីដោះស្រាយបញ្ហា។
ហើយប្រសិនបើអ្នកជាមនុស្សដែលមានស្នាដៃ និងជាមនុស្សពូកែស្រាប់ផងនោះ អ្នកដទៃរឹតតែចង់មកស្គាល់អ្នក ទោះបីជាអ្នកមិនចង់ទៅស្គាល់នរណាសោះក៏ដោយ។
៣. ធ្វើជាមនុស្សមានអត្តចរិតល្អ

យុទ្ធសាស្ត្រចុងក្រោយដែលធ្វើឱ្យ Connection ដែលទើបតែស្គាល់គ្នាចង់ Keep Connect (រក្សាទំនាក់ទំនង) ជាមួយអ្នកបន្ត គឺ ការធ្វើជាមនុស្សមានអត្តចរិតល្អ។
ធ្វើជាមនុស្សល្អ ទាំងជាមួយមនុស្សដែលល្អដាក់យើង និងជាមួយមនុស្សដែលមិនល្អដាក់យើង ព្រោះយ៉ាងហោចណាស់ប្រសិនបើអ្នកមិនអាចបង្កើតមិត្តបានទេ ក៏កុំភ្លាត់ស្នៀតទៅបង្កើតសត្រូវបន្ថែមអី វានឹងជារឿងល្អជាង។
Connection ដែលល្អ មិនបានវាស់វែងលើការដែលអ្នកស្គាល់មនុស្សច្រើនកម្រិតណានោះទេ ប៉ុន្តែចេញមកពី តម្លៃរបស់អ្នក ថាតើអ្នកអាចជួយជ្រោមជ្រែងអ្នកដទៃបានច្រើនកម្រិតណា។
ជាចុងក្រោយ មិនបាច់ប្រញាប់ មិនបាច់តក់ក្រហល់ពេកទេ ព្រោះ Good Connection មិនបានកើតឡើងត្រឹមតែមួយយប់ ឬត្រឹមតែប៉ុន្មានថ្ងៃ ប៉ុន្មានខែនោះទេ។ ពេលខ្លះ ទម្រាំតែឃើញផលនៃការបង្កើត Connection វាអាចប្រើពេលជារាប់ឆ្នាំ ឬរាប់សិបឆ្នាំ។
អ្វីទាំងនេះប្រៀបដូចជាការដាំដើមឈើ ពោលគឺអ្នកត្រូវស្រោចទឹក ដាក់ជី ពីមួយថ្ងៃទៅមួយថ្ងៃ មុនពេលវារីកផ្កាផ្លែផ្កា។ មិនចាំបាច់ប្រញាប់ប្រញាល់នោះទេ ព្រោះគ្រប់យ៉ាងសុទ្ធតែមានពេលវេលារបស់វា ហើយ Connection ដែលល្អក៏ដូចគ្នាដែរ ៕























































Account
Security
Favourite Content