មានមនុស្សខ្លះដែលអ្នកអាចជួបបានត្រឹមតែមួយខែម្ដង ឬយូរៗម្ដង ដោយសារតែបញ្ហាកន្លែងរស់នៅឆ្ងាយពីគ្នា ឬមានកាលវិភាគមិនត្រូវគ្នា រហូតធ្វើឱ្យការណាត់ជួបគ្នាម្ដងៗជារឿងពិបាក។ ទោះបីជាមិនសូវមានពេលឱ្យគ្នា ក៏ប៉ុន្តែនៅពេលដែលជួបគ្នាម្ដងៗ អ្នកនៅតែអាចជជែកគ្នាបានយ៉ាងស្រណុកចិត្ត រៀបរាប់ទុក្ខលំបាកឱ្យគ្នាស្ដាប់បាន នៅតែអស់សំណើចជាមួយនឹងរឿងចាស់។ ជាពិសេស អ្នកតែងតែមានអារម្មណ៍ថា ពេលវេលាដែលចំណាយជាមួយគ្នាគឺជាពេលវេលាដ៏មានតម្លៃ។

អារម្មណ៍បែបនេះអាចកើតមានចំពោះគូស្នេហ៍ មិត្តភក្ដិ ឬសមាជិកគ្រួសារដែលអ្នកធ្លាប់រស់នៅ ឬមានពេលវេលាចំណាយជាមួយគ្នាច្រើន ក៏ប៉ុន្តែស្ថានភាពបច្ចុប្បន្នអាចបង្ខំឱ្យអ្នកត្រូវឃ្លាតគ្នា។ យ៉ាងណាមិញ នៅពេលដែលអ្នកបានត្រឡប់មកជួបគ្នាម្ដងៗ ដ្បិតអាចជារយៈពេលខ្លី តែអ្នកហ៊ាននិយាយយ៉ាងពេញមាត់ថា “សមតម្លៃនឹងរង់ចាំ”។
គម្លាតមិនមែនជាឧបសគ្គនៃភាពស្និទ្ធស្នាល
ភាពស្និទ្ធស្នាលមិនមែនកើតឡើងពីការជួបមុខគ្នាញឹកញាប់នោះទេ ប៉ុន្តែកើតចេញពីការទទួលដឹងថា បុគ្គលម្នាក់ទៀតយល់ចិត្ត ឱ្យតម្លៃ និងយកចិត្តទុកដាក់លើរូបអ្នក។ ការផ្ញើសារសួរនាំបន្តិចបន្តួច ឬការចងចាំពីរឿងរ៉ាវដែលធ្លាប់និយាយគ្នា សុទ្ធសឹងតែជាវិធីសាស្ត្រដែលអាចភ្ជាប់ទំនាក់ទំនង និងកសាងអារម្មណ៍ពេញចិត្ត ដ្បិតមិនបានជួបគ្នាញឹកញាប់ក្ដី។
គម្លាតមានសម្រាប់កសាងចិត្តនឹក
ពេលខ្លះទំនាក់ទំនងល្អមួយ មិនមែនត្រូវតែរស់នៅជាមួយគ្នា ឬជួបមុខគ្នាញឹកញយនោះទេ ប៉ុន្តែការបណ្ដោយឱ្យមានគម្លាតពីគ្នា គឺជាការបើកឱកាសឱ្យអ្នកបង្កើតចិត្តនឹកនាដល់គ្នា។ ពេលវេលាកំណត់ដែលមានចំពោះគ្នានោះ គឺជាការកសាងពេលវេលាដ៏មានតម្លៃមួយរួមគ្នា។
គម្លាតអាចកាត់ផ្ដាច់ដោយភាពទៀងទាត់
នៅគ្រាដែលពេលវេលា និងចម្ងាយផ្លូវគឺជាកត្តាដែលរារាំងមិនឱ្យអ្នកអាចជួបគ្នាបានតាមការគួរ ភាពទៀងទាត់គឺជាកម្លាំងចលករមួយដែលអាចធ្វើឱ្យមិត្តភាព ឬក្ដីស្រឡាញ់របស់អ្នកនៅតែបន្តមានឱ្យគ្នា។ ព្យាយាមភ្ជាប់ទំនាក់ទំនងជាមួយគ្នាឱ្យបានទៀងទាត់ មិនថាដោយផ្ទាល់ ដូចជា ការណាត់ជួបគ្នា ១ សប្ដាហ៍ម្ដង ឬការប្រើប្រាស់បច្ចេកវិទ្យាដើម្បីបានជួបគ្នា ដូចជា ការទូរស័ព្ទជជែកគ្នាជាដើម។

គម្លាតអាចខិតជិតជាងមុននៅពេលហ៊ាននិយាយត្រង់ៗ
នៅថ្ងៃខ្លះអ្នកអាចនឹងមានអារម្មណ៍ ២ ប្រជែងគ្នាវិលវល់ក្នុងខួរក្បាលរបស់អ្នក។ អ្នកយល់ថា បុគ្គលម្នាក់ទៀតកំពុងរវល់ ក៏ប៉ុន្តែអ្នកក៏អាចមានអារម្មណ៍ថានឹក ចង់ជួបគ្នា។ បើសិនជាធ្លាក់ក្នុងស្ថានភាពនេះ អ្នកអាចសាកល្បងនិយាយគ្នាដោយត្រង់ៗ ដើម្បីអាចស្វែងរកផ្លូវចេញរួមគ្នាបាន។ ពេលខ្លះការស្វែងរកដំណោះស្រាយ អាចមិនពិបាកដូចអ្វីដែលអ្នកបារម្ភនោះទេ។
ជាចុងក្រោយ សូមចងចាំថា ការរង់ចាំខ្លះត្រូវផ្ដល់ឱ្យមនុស្សដែលគួរតែទទួលបាន។ គម្លាតអាចជាវិធីសាស្ត្រមួយដែលធ្វើឱ្យអ្នកសន្សឹមៗស្គាល់មនុស្សម្នាក់ឱ្យបានច្បាស់ជាងមុន។ មុននឹងផ្ដល់ការរង់ចាំដល់នរណាម្នាក់ អ្នកត្រូវសួរខ្លួនឯងថា តើទំនាក់ទំនងនេះបានព្យាយាមដោយភាគីទាំងសងខាងទេ? អ្នកអាចនិយាយពីតម្រូវការបានទេ? ភាគីម្ខាងទៀតនៅតែឱ្យតម្លៃដល់អ្នកទៀតទេ? ចម្លើយនឹងលេចឡើងនៅពេលដែលអ្នកចាប់ផ្ដើមឃ្លាតពីគ្នា។ ដល់ពេលនោះហើយ ដែលអ្នកអាចសម្រេចចិត្តបានដោយខ្លួនឯងថា តើបុគ្គលនោះ “សមតម្លៃនឹងរង់ចាំ” ដែរឬទេ?



















































Account
Security
Favourite Content