ថ្មីៗនេះនៅលើបណ្ដាញសង្គម Xiaohongshu ឬ Red Note បានផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយចៅរបស់លោកតា ហ័ង ដែលជាមគ្គុទេសទេសចរណ៍ជនជាតិខ្មែរនិយាយភាសាចិនបង្ហោះជូនដំណឹងអំពីការទទួលមរណភាពរបស់លោកតា។

នៅក្នុងសំណេរនោះបានសរសេរថា៖ សួស្ដីអ្នកទាំងអស់គ្នា! ខ្ញុំគឺជាចៅប្រុសរបស់លោកតា ហ័ង ដែលជាមគ្គុទេសក៍របស់អ្នកទាំងអស់គ្នា។ ខ្ញុំចង់ជូនដំណឹងដល់អ្នកទាំងអស់គ្នាថាពេលនេះលោកតារបស់ខ្ញុំបានទទួលមរណភាពប៉ុន្មានថ្ងៃមកហើយដោយសារជំងឺគាំងបេះដូង។ ដូច្នេះសូមអ្នកទាំងអស់គ្នាស្វែងរកមគ្គុទេសក៍សម្រាប់ដំណើរកម្សាន្ដ។


បន្ទាប់មកពីបង្ហោះមិនបានប៉ុន្មាន សំណេរនោះទទួលបានខំមិនចូលរួមសោកស្ដាយ និងរំលែកទុក្ខយ៉ាងច្រើនពីសំណាក់ជនជាតិដែលធ្លាប់មកលេងកម្សាន្ដនៅកម្ពុជាដោយមានលោកតាធ្វើជាមគ្គុទេសរបស់ពួកគេ។ ជាបន្ដបន្ទាប់ ដំណឹងនេះក៏បានរីករាលដាលខ្លាំងឡើងរហូតដល់ធ្វើឱ្យជនជាតិចិនដែលមិនធ្លាប់មកកម្ពុជាសោះក៏បានបង្ហោះសារចូលរួមរំលែកទុក្ខដែរ។



ក្នុងខំមិនជាច្រើនបានរម្លឹកទៅដល់ពេលវេលាល្អៗ និងកក់ក្ដៅជាមួយលោកតាដោយពួកគេបានលើកឡើងថាលោកតា ហ័ង បានមើលថែពួកគេដូចជាកូនចៅរបស់គាត់យ៉ាងចិត្តទុកដាក់ ជាពិសេសមានខំមិនបាននិយាយថានៅពេលដែលគេត្រូវបានអ្នកលក់ពោតនៅសៀមរាបម្នាក់កោរ លោកតាបានជួយពួកគេទៅតថ្លៃពោតនោះវិញ ចុងក្រោយអ្នកលក់បានប្រគល់ប្រាក់ដែលយកលើសមកឱ្យគេវិញថែមទាំងសងពោតមួយផ្លែទៀតជាសំណងផងដែរ។ ម្ចាស់គណនីម្នាក់បាននិយាយថាទោះជាត្រឹមតែពោតមួយផ្លែមែន ប៉ុន្តែវាពិតជាកក់ក្ដៅខ្លាំងណាស់។



យ៉ាងណាមិញ តាមការនិយាយរបស់អ្នកលេងបណ្ដាញសង្គម Red Note ម្នាក់បានឱ្យថាបំណងប្រាថ្នាចុងក្រោយរបស់លោកតា ហ័ង គឺទៅលេងកម្សាន្ដនៅប្រទេសចិនឱ្យបានម្ដងនៅក្នុងជីវិតចុងក្រោយរបស់គាត់។ ប៉ុន្តែដោយសារមិនមានអ្នកទៅជាមួយទើបលោកតាខកខានឱកាសនេះជាយូរ រហូតដល់ថ្ងៃគាត់លាចាកលោក។



គួរឱ្យដឹងថាផងដែរ លោកតា ហ័ង គឺជាមគ្គុទេសក៍ទេសចរណ៍ជនជាតិខ្មែរនិយាយភាសាចិននៅខេត្តសៀមរាបដែលទទួលបានការគាំទ្រពេញចិត្តយ៉ាងច្រើនពីភ្ញៀវទេសចរចិន។ ដោយបំណងចង់ឱ្យជនជាតិចិនយល់ឱ្យកាន់តែច្បាស់ពីវប្បធម៌ខ្មែរ លោកតាមបានបង្កើតគណនី Red Note ដើម្បីបង្ហោះអ្វីដែលពាក់ព័ន្ធនឹងប្រវត្តិសាស្រ្ត វប្បធម៌ និងអរិយធម៌ដ៏រុងរឿងរបស់ខ្មែរ ជាពិសេសព័ត៌មានទំនាក់ទំនងរបស់លោកតាដើម្បីឱ្យភ្ញៀវមានភាពងាយស្រួលក្នុងការទាក់ទង៕




















































Account
Security
Favourite Content