លោកស្រី សែត ហាច ត្រូវបានចាត់ជាស្ត្រីខ្មែរដែលលេចធ្លោក្នុងវិស័យកសិកម្ម ក៏ជាស្ត្រីខ្លាំងមួយរូបដែលអាចឈរនៅលើឆាកអន្តរជាតិទទួលនូវពានរង្វាន់ «ស្ត្រីឆ្នើម ១០០រូប» ក្នុងព្រឹត្តិការណ៍ស្បៀងអាហារពិភពលោកឆ្នាំ ២០២៦ ទីក្រុងរ៉ូម ប្រទេសអ៊ីតាលី កាលពីថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០២៦។

កើតក្នុងត្រកូលកសិករ ដែលមានដើមកំណើតក្នុងស្រុកជីក្រែង ខេត្តសៀមរាប លោកស្រី សែត ហាច បានបន្តការចិញ្ចឹមជីវិតនិងផ្គត់ផ្គង់គ្រួសារតាមរយៈការចិញ្ចឹមសត្វ និងការដាំដុះតាមបែបប្រពៃណី តែក៏ពុំសូវទទួលបានផលគាប់ប្រសើរនោះដែរ។ រហូតដល់អំឡុងឆ្នាំ ២០១៤ លោកស្រីក៏បានចូលរួមវគ្គបណ្ដុះបណ្ដាលជាមួយអ្នកជំនាញកសិកម្មនិងអង្គការផ្សេងៗ បូកផ្សំជាមួយការខិតខំប្រឹងប្រែងបន្ថែមទៀតនោះលោកស្រីក៏ទទួលផ្លែផ្កាសម្រាប់ខ្លួនឯង និងគ្រួសារ និងបានក្លាយជាអ្នកដឹកនាំសហគមន៍ដែលអាចជួយដល់ស្ត្រីក្នុងសហគមន៍និងកសិករជាច្រើនគ្រួសារថែមទៀតផង។
ជាង ១០ ឆ្នាំមកនេះ កសិករវ័យ ៤០ ឆ្នាំប្លាយរូបនេះបានចំណាយពេលវេលាក្នុងការសិក្សារៀនសូត្រនិងសិក្សាស្វែងយល់ជារៀងរាល់ថ្ងៃមិនថាទៅលើបច្ចេកទេសនៃការដាំដុះ ការចិញ្ចឹមសត្វ ជាពិសេសលោកស្រីតែងចំណាយពេលក្នុងការប្រមែប្រមូលកសិករជាពិសេសស្ត្រីដើម្បីចែករំលែកនិងផ្ដល់ចំណេះជំនាញលើផ្នែកកសិកម្មដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់គ្រួសារកសិកររាប់រយគ្រួសារ ជាពិសេសស្ត្រីនៅក្នុងសហគមន៍ជនបទ។
សម្រាប់ពានរង្វាន់ដែលលោកស្រីទទួលបាននាពេលនេះមិនមែនត្រឹមជាមោទកភាពសម្រាប់លោកស្រី ក្រុមគ្រួសារ និងសហគមន៍នោះទេ តែជាមោទកភាពមួយសម្រាប់ស្ត្រីកម្ពុជា ហើយក៏ជាគំរូមួយដ៏ល្អ ដែលជាកាតាលីករជំរុញស្ត្រីមិនថានៅតំបន់ជនបទ ឬតាមសហគមន៍ដាច់ស្រយាល ឱ្យហ៊ានក្រោកឈរបង្ហាញនូវភាពខ្លាំងរបស់ខ្លួននៅក្នុងសង្គម៕





រូបភាព ៖ FAO



















































Account
Security
Favourite Content