កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជាបវរកញ្ញាខ្មែរ ទទួលបានការគាំទ្រខ្លាំងក្នុងសង្គម ត្រៀមបង្កើតប្រវត្តិសាស្ត្រ ដែលអ្នកទាំង ២ នឹងតំណាងយុវតីកម្ពុជា រត់ភ្លើងគប់ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ ២០២៦ ក្រោមអធិបតីភាព នាយករដ្ឋមន្ត្រីកម្ពុជា។

ពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ ២០២៦ ជាព្រឹត្តិការណ៍កីឡាដ៏សំខាន់មួយរបស់កម្ពុជា ដែលនឹងធ្វើឡើងនៅថ្ងៃ ៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ ខាងមុខនេះ។ ការចូលរួមរបស់បវរកញ្ញាទាំង ២ រូប មិនត្រឹមតែជាកិត្តិយសផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញពីសមត្ថភាព ឆន្ទៈ និងស្មារតីកីឡារបស់យុវតីខ្មែរ ដែលកំពុងរួមចំណែកលើកកម្ពស់កិត្តិយសជាតិផងដែរ។
កម្មវិធីនឹងមានការដង្ហែទង់ជាតិ ទង់កីឡាជាតិ ទង់អូឡាំពិក និងទង់ប៉ារ៉ាឡាំពិក ព្រមទាំងក្បួនព្យុហយាត្រារបស់ប្រតិភូកីឡាមកពីបណ្តាស្ថាប័ន និងរាជធានី-ខេត្ត។ ក្រៅពីនេះ ទស្សនិកជនក៏នឹងបានទស្សនាការសម្តែងសិល្បៈ និងចម្រៀងវប្បធម៌ពីសិល្បករល្បីៗ រួមមាន អ្នកនាង ទេព បូព្រឹក្ស អ្នកអង្គម្ចាស់ នរោត្តម ចេនណា និង លោក វណ្ណដា ព្រមទាំងកម្មវិធីពិសេសជាច្រើនទៀត។
អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ គឺការដើរបង្ហាញស្បៃខ្មែរ ដោយបវរកញ្ញា និងបុរសឯកប្រមាណ ៥០ រូប ដើម្បីបង្ហាញពីសម្រស់ អត្តសញ្ញាណ និងភាពសម្បូរបែបនៃវប្បធម៌ខ្មែរ។ ក្នុងនោះក៏មានវត្តមានរបស់កញ្ញា អ៊ិន លក្ខិណា និងកញ្ញា កុយ អេនណា ចូលរួមផងដែរ។ ចំពោះការជ្រើសរើសបវរកញ្ញាទាំង ២រូប ឲ្យរត់ភ្លើងគប់ លោកជំទាវ ញ៉ែម មរកត ប្រធានសមាគមបវរកញ្ញាកម្ពុជា និងជាសមាជិកគណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយបានបញ្ជាក់ថា អ្នកទាំង ២ មានសមិទ្ធផលគួរឲ្យកោតសរសើរ និងជាគំរូដ៏ល្អសម្រាប់យុវជនកម្ពុជា។

កញ្ញា កុយ អេនណា ត្រូវបានលើកឡើងពីសមិទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍ ក្នុងការដើរថ្មើរជើងពីភ្នំពេញទៅកាន់ខេត្តសៀមរាប ក្នុងចម្ងាយប្រមាណ ៣១៥ គីឡូម៉ែត្រ ដើម្បីបុព្វហេតុមនុស្សធម៌។ សមិទ្ធផលនេះបង្ហាញពីការតស៊ូ ការប្តេជ្ញាចិត្ត និងបេះដូងដែលចង់ចូលរួមជួយសង្គម។
ចំណែកកញ្ញា អ៊ិន លក្ខិណា គឺជាអតីតកីឡាការិនីហែលទឹកថ្នាក់ជាតិ ដែលមានបទពិសោធន៍ក្នុងវិស័យកីឡា និងការងារសង្គម។ លើសពីនេះ នាងក៏បានបង្កើតសមិទ្ធផលគួរឲ្យមោទនភាព ដោយជាប់ក្នុងចំណោមបេក្ខភាព Top 40 នៃការប្រកួតបវរកញ្ញាពិភពលោកឆ្នាំ២០២៦។


សមិទ្ធផលរបស់បវរកញ្ញាទាំង ២ រូប គឺជាសក្ខីភាពបង្ហាញថា សម្រស់ សមត្ថភាព ស្មារតីកីឡា និងការលះបង់ ដើម្បីសង្គម អាចដើរទន្ទឹមគ្នា និងក្លាយជាកម្លាំងវិជ្ជមានសម្រាប់ប្រទេសជាតិ។
នេះមិនមែនគ្រាន់តែជាការរត់ភ្លើងគប់នោះទេ ប៉ុន្តែជាការបញ្ជូនសារនៃក្តីសង្ឃឹម ការតស៊ូ និងមោទនភាពជាតិ តាមរយៈស្មារតីរបស់យុវតីខ្មែរ ដែលត្រៀមបង្ហាញសមត្ថភាពនៅលើឆាកជាតិ។
សូមជម្រាបថា ការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ៧ ដល់ថ្ងៃ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦៕





















































Account
Security
Favourite Content