នៅពេលរដូវវស្សាមនុស្សភាគច្រើនតែងតែព្រួយបារម្ភពីជំងឺផ្ដាសាយ ឬគ្រុនឈាម ប៉ុន្តែក៏មានសត្វល្អិតតូចមួយប្រភេទដែលអ្នកដាច់ខាតមិនត្រូវប្រហែសដែរ។ បើច្រឡំទៅប៉ះ ឬកំទេចវានៅលើស្បែកតែបន្តិច វាអាចបង្កឱ្យមានការរលាកយ៉ាងធ្ងន់ធ្ងររហូតក្លាយជាដំបៅ។

នោះគឺ Nairobi Fly ឬមានឈ្មោះវិទ្យាសាស្ត្រថា Paederus eximius។ យោងតាម Capital FM Africa ទោះបីជាជាតិពុលដែលវាបញ្ចេញមកមានកម្រិតខ្លាំងជាងពិសពស់វែកក៏ដោយ ប៉ុន្តែប្រសិនបើអ្នកយល់ដឹងពីវា និងមានការប្រុងប្រយ័ត្នខ្ពស់ នោះអ្នកអាចការពារខ្លួន និងគ្រួសារបានយ៉ាងមានប្រសិទ្ធភាព។

សត្វល្អិតមួយប្រភេទមានពណ៌ក្រហមនិងខ្មៅនេះ មានប្រវែងប្រហែល ១ សង់ទីម៉ែត្រ។ ពួកវាមិនអាចទិច ឬខាំនោះទេ ប៉ុន្តែប្រសិនបើវាត្រូវបានអ្នកវាយសម្លាប់នៅលើស្បែក វាអាចបណ្តាលឱ្យទៅជារលាកស្បែកដែលគេស្គាល់ថាជា Paederus dermatitis ហើយស្នាមរលាកដែលវាបង្កឡើងគឺពិតជាគួរឱ្យខ្លាចណាស់។
សារធាតុទឹកក្នុងខ្លួនដែលគេហៅថា Haemolymph របស់វាមានផ្ទុកសារធាតុពុលដ៏ខ្លាំងក្លាមួយឈ្មោះថា pederin។ សត្វល្អិតនេះច្រើនរកឃើញនៅកន្លែងដែលមានសំណើម និងចូលចិត្តពន្លឺភ្លើងអំពូលម៉ែត្រដែលជាមូលហេតុធ្វើឱ្យគេឃើញវាច្រើននៅក្នុងផ្ទះរបស់ប្រជាពលរដ្ឋ។

រោគសញ្ញា និងផលប៉ះពាល់
បញ្ហារលាកស្បែកដែលបណ្តាលមកពីសត្វល្អិតនេះ ច្រើនតែកើតមាននៅលើ ក ដៃ និងមុខ។
- ១២ ទៅ ២៤ម៉ោងដំបូង៖ អ្នកប្រហែលជាមិនមានអាការ ឬរោគសញ្ញាអ្វីឡើយ។
- ២ ទៅ ៣ថ្ងៃក្រោយប៉ះពាល់៖ តំបន់ស្បែកនោះអាចនឹងឡើងក្រហម ហើម និងមានពងបែកតូចៗដែលអាចវិវត្តទៅជាមានលក្ខណៈដូចជាដំបៅ។
- តំបន់កន្លែងសន្លាក់៖ ប្រសិនបើ Nairobi Fly ត្រូវបានអ្នកវាយសម្លាប់នៅលើស្បែកផ្ទាល់ ដំបៅអាចនឹងលេចចេញជារូបរាងឡើងមើលទៅស្រដៀងនឹងរបួសរលាកភ្លើង។
- ស្បែកអាចមានការក្រហាយ ឡើងពងបែក និងរបក ប៉ុន្តែរោគសញ្ញាភាគច្រើននឹងជាសះស្បើយក្នុងរយៈពេល ២ ទៅ ៣សប្តាហ៍ ប៉ុន្តែនឹងបន្សល់ទុកស្នាមជាមិនខាន។
- ពេលខ្លះតំបន់ដែលរងផលប៉ះពាល់អាចមានការឆ្លងមេរោគបាក់តេរីបន្ទាប់បន្សំ មើលទៅស្រដៀងនឹងការឆ្លងមេរោគស្បែកហើយថែមទាំងអាចបន្សល់ទុកនូវស្នាមអុជខ្មៅ ឬផ្លែសាច់ផងដែរ។
- រោគសញ្ញាNairobi Eye៖ វាកើតឡើងនៅពេលដែលអ្នកប៉ះពាល់នឹងសារធាតុរាវក្នុងខ្លួនរបស់សត្វល្អិតនេះ រួចយកដៃទៅពាក់ព័ន្ធនឹងភ្នែកអាចបណ្តាលឱ្យហើមភ្នែក ឡើងក្រហម និងអាចមានផលវិបាកផ្សេងទៀត។



គន្លឹះការពារខ្លួនដើម្បីសុវត្ថិភាព
ដើម្បីសុវត្ថិភាពទាំងស្រុង ចូរជៀសវាងការប៉ះពាល់ជាមួយសត្វល្អិតទាំងនេះតាំងពីដំបូងតាមរយៈគន្លឹះខាងក្រោម៖
- បិទទ្វារ និងបង្អួច៖ ក្នុងរដូវវស្សាដែលសត្វល្អិតនេះច្រើនសំបូរ សូមបិទទ្វារ និងបង្អួចទាំងអស់មុនពេលងងឹត។
- គេងក្នុងមុង៖ សម្រាកគេងក្នុងមុងដើម្បីការពារ។
- ផ្លុំចេញជំនួសឱ្យការប៉ះពាល់៖ ប្រសិនបើអ្នកឃើញវាវារនៅលើស្បែក សូមផ្លុំវាចេញជំនួសឱ្យការយកដៃប៉ះវាដោយផ្ទាល់ដើម្បីកាត់បន្ថយហានិភ័យនៃរលាកស្បែក។ អ្នកក៏អាចប្រើក្រដាសដើម្បីដកវាចេញពីស្បែកផងដែរ។
- ជៀសវាងប៉ះភ្នែក៖ ប្រសិនបើអ្នកបានប៉ះវាដោយចៃដន្យ ចូរជៀសវាងការប៉ះពាល់ភ្នែករបស់អ្នក ហើយត្រូវលាងដៃកន្លែងប៉ះពាល់ជាមួយទឹកនិងសាប៊ូជាបន្ទាន់។
- ពិនិត្យទីកន្លែងមុនចូលគេង៖ ពិនិត្យមើលតំបន់ជុំវិញគ្រែ និងពិដានផ្ទះរបស់អ្នកមុនពេលចូលគេង។
- សម្អាតបរិស្ថាន៖ កាប់សម្អាត និងកម្ចាត់រុក្ខជាតិ ឬស្មៅដែលលើសចេញពីជុំវិញផ្ទះរបស់អ្នក។
គួរបញ្ជាក់ថា ប្រសិនបើក្នុងផ្ទះមានសមាជិកគ្រួសារណាមួយត្រូវសត្វល្អិតទិច ឬខាំ ត្រូវនាំទៅជួបគ្រូពេទ្យ ដើម្បីពិភាក្សា និងព្យាបាលដោយអ្នកជំនាញ៕





















































Account
Security
Favourite Content