ថ្មីៗនេះក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងដល់ ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ឱ្យបន្តចូលរួមសហការថែរក្សាប្រភពទឹកទុកសម្រាប់រដូវប្រាំងនាពេលខាងមុខ និងចូលរួមប្រើប្រាស់ទឹកដោយសន្សំសំចៃប្រកបដោយស្មារតីទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់ ខណៈបាតុភូតអែលនីញ៉ូ (El Niño) ត្រូវបានព្យាករថានឹងបន្តស្ថិតក្នុងកម្រិត ១០០% រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧។

El Niño គឺជាបាតុភូតអាកាសធាតុធម្មជាតិមួយដែលកើតឡើងដោយសារសីតុណ្ហភាពផ្ទៃសមុទ្រប៉ាស៊ីហ្វិកកើនឡើងក្តៅជាងធម្មតា។ បាតុភូតនេះបង្កឱ្យមានការប្រែប្រួលរបបទឹកភ្លៀង និងសីតុណ្ហភាពនៅទូទាំងពិភពលោក ដែលបណ្តាលឲ្យតំបន់ខ្លះជួបវិបត្តិគ្រោះរាំងស្ងួត និងការកើនឡើងកម្ដៅខ្លាំង ខណៈតំបន់ខ្លះទៀតជួបប្រទះការធ្លាក់ភ្លៀងគំហុក និងគ្រោះទឹកជំនន់។ ការប្រែប្រួលអាកាសធាតុដ៏ធ្ងន់ធ្ងរទាំងនេះ អាចប៉ះពាល់យ៉ាងខ្លាំងដល់ប្រភពទឹក ស្បៀងអាហារ ជីវភាពរស់នៅ និងសេវាចាំបាច់នានាដែលកុមារត្រូវការពឹងផ្អែកជាប្រចាំ។ ផ្អែកតាមអង្គការយូនីសេហ្វ កុមារប្រមាណ ១,៣ លាននាក់នៅកម្ពុជា ប្រឈមនឹងហានិភ័យបម្រែបម្រួលអាកាសធាតុបង្កដោយ បាតុភូត El Niño នេះ។
ដើម្បីត្រៀមខ្លួនបង្ការ និងកាត់បន្ថយផលប៉ះពាល់ពីបាតុភូត El Niño នេះជាវិធានការសំខាន់ៗដែលអ្នកអាចអនុវត្តបាន៖
វិធីសាស្ត្រថែរក្សា និងគ្រប់គ្រងទឹក
- ការសន្សំសំចៃ៖ កាត់បន្ថយការប្រើប្រាស់ទឹកខ្ជះខ្ជាយ និងពិនិត្យមើលប្រព័ន្ធទុយោការពារកុំឱ្យមានការលេចធ្លាយ។
- ការស្តុកទឹក៖ រៀបចំអាង ពាង ឬធុងសម្រាប់ត្រៀមបម្រុងទឹកទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។
- វិស័យកសិកម្ម៖ ជ្រើសរើសពូជដំណាំដែលធន់នឹងការរាំងស្ងួត និងប្រើប្រាស់ប្រព័ន្ធស្រោចស្រពកម្រិតតិច (ដូចជាប្រព័ន្ធដំណក់ទឹក)។
វិធីសាស្ត្រការពារសុខភាពអំឡុងពេលកម្ដៅខ្លាំង
- ពិសាទឹកឱ្យបានច្រើន៖ កំឡុងពេលឡើងកម្ដៅខ្លាំង ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានណែនាំការញ៉ាំទឹកឱ្យបានទៀងទាត់ និងច្រើនជាង ២ លីត្រក្នុងមួយថ្ងៃ ទោះជាមិនទាន់ស្រេកទឹកក៏ដោយ ដើម្បីការពារការបាត់បង់ជាតិទឹក។
- សម្លៀកបំពាក់៖ ស្លៀកសម្លៀកបំពាក់រលុងៗ មានពណ៌ស្រាល និងមានសាច់ក្រណាត់ស្តើងដែលអាចខ្យល់ចេញចូលបានល្អ។
- ជៀសវាងកម្ដៅថ្ងៃ៖ កាត់បន្ថយការធ្វើការងារ ឬសកម្មភាពធ្ងន់ៗនៅក្រោមពន្លឺព្រះអាទិត្យចំពេលថ្ងៃត្រង់។
- ការពារស្បែក និងភ្នែក៖ ប្រើប្រាស់ឡេការពារកម្ដៅថ្ងៃ ពាក់មួកគែមធំ ឬវ៉ែនតាការពារកម្ដៅថ្ងៃពេលចេញក្រៅ ៕






















































Account
Security
Favourite Content