ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ “Temporary Children” ដែលជាអាជីវកម្មកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

នៅក្នុងប្រទេសចិន ចំនួនមនុស្សចាស់ដែលត្រូវរស់នៅតែម្នាក់ឯងបានកើនឡើងនៅទូទាំងប្រទេស។ ការចុះផ្សាយរបស់សារព័ត៌មាន BBC កាលពីថ្ងៃទី១៣ ខែតុលា កន្លងទៅនេះ បានឱ្យដឹងថា កត្តានេះកើតឡើងដោយសារហេតុផលជាច្រើន។ តួយ៉ាង ដូចជាករណីអ្នករស់នៅឯទីជនបទត្រូវធ្វើចំណាកស្រុកដើម្បីស្វែងរកឱកាសសេដ្ឋកិច្ច ឬករណីនិស្សិតដែលត្រូវចាកចេញពីស្រុកកំណើតដើម្បីស្វែងរកការងារនៅទីក្រុងផ្សេងជាដើម។
“ការជួលកូនបណ្ដោះអាសន្ន” គឺជាអាជីវកម្មដែលអតិថិជន ភាគច្រើនជាមនុស្សចាស់រស់នៅផ្ទះតែម្នាក់ឯង នឹងផ្តល់ប្រាក់ឈ្នួលដល់អ្នកស៊ីឈ្នួលដែលដើរតួជា “កូន” ដើម្បីមកធ្វើជាមិត្តបំបាត់ភាពឯកា ចាប់តាំងពីការមកសួរសុខទុក្ខនៅផ្ទះ ជជែកកម្សាន្ត យកអាហារមកឱ្យ ជួយធ្វើការងារផ្ទះតិចតួច ជួសជុលឧបករណ៍នានា ឬនាំទៅមន្ទីរពេទ្យជាដើម។
ការជួលកូនបណ្ដោះអាសន្ន គឺជាសេវាកម្មមួយស្ថិតនៅក្រោមឈ្មោះ “ឧស្សាហកម្មភាពឯកា” ឬ “Loneliness Industry” ដែលកំពុងទទួលបានប្រជាប្រិយភាពជាលំដាប់ចាប់តាំងពីឆ្នាំ ២០២៥ មកម៉្លេះ។ យ៉ាងណាមិញ ការជួលមនុស្សដើម្បីបំបាត់ភាពឯកានេះ មិនមែនកើតឡើងតែចំពោះមនុស្សចាស់ប៉ុណ្ណោះទេ សូម្បីតែយុវជនខ្លះក៏បានជួល “មិត្តបណ្ដោះអាសន្ន” ដើម្បីកំដរផងដែរ។

ផ្អែកលើនិន្នាការនេះ ក្រុមហ៊ុន Sinolink បានវាយតម្លៃទីផ្សារនៃសេវាកម្មប្រភេទខាងលើថាមានតម្លៃប្រមាណ ៧.៤ លានដុល្លារអាមេរិក ខណៈរំពឹងទុកថាទំហំនៃសេវាកម្មនេះនឹងកាន់តែធំជាងមុននៅពេលខាងមុខ។
អ្នកស្រី Teresa Kuan សាស្ត្រាចារ្យពីសាកលវិទ្យាល័យ Chinese University of Hong Kong បានវិភាគពីការផ្ទុះឡើងនៃសេវាកម្មនេះថា ដោយសារតែមនុស្សនាពេលបច្ចុប្បន្នកំពុងប្រឈមមុខនឹងភាពឯកា ទើបធ្វើឱ្យយើងត្រូវស្វែងរកការភ្ជាប់ទំនាក់ទំនងរវាងមនុស្សកាន់តែច្រើន។
សាស្ត្រាចារ្យរូបនេះបានឱ្យដឹងបន្ថែមថា ប៉ុន្តែការបង្កើតទំនាក់ទំនងជាមួយអ្នកដទៃជារឿងដែលមិនច្បាស់លាស់ ដូច្នេះការជួល ឬបង់ប្រាក់ គឺប្រៀបដូចជាចំណងមួយក្នុងរូបភាពជាសេវាកម្ម ដែលមានភាពច្បាស់លាស់ជាង។ អ្នកស្រីបានប្រាប់ទៀតថា សម្រាប់មនុស្សមួយចំនួនជ្រើសរើសបង់ប្រាក់ ដើម្បីរំសាយការលំបាកក្នុងចិត្តរបស់ខ្លួនទៅឱ្យមនុស្សប្លែកមុខស្តាប់។
លោក Wang Yingwei ដែលជាអ្នកផ្ដល់សេវាកម្មនេះបានប្រាប់សារព័ត៌មាន BBC ថា៖ “មនុស្សចាស់ធ្វើមកលើពួកយើងដូចជាពួកយើងជាកូនចៅរបស់គាត់អ៊ីចឹង។ ដូចគ្នាដែរ ពួកយើងក៏ប្រព្រឹត្តទៅលើពួកគេដូចជាឪពុកម្តាយរបស់ពួកយើងដូចគ្នា”។

ទន្ទឹមគ្នានេះ លោកយាយ Zheng Ruizhi ដែលជាអ្នកជួលបាននិយាយថា៖ “ខ្ញុំស្រឡាញ់អ្នក (Wang Yingwei) អស់ពីបេះដូង។ ខ្ញុំកោតសរសើរ និងទុកចិត្តអ្នក។ ពេលដែលអ្នកជួយខ្ញុំ ខ្ញុំគ្មានការព្រួយបារម្ភ ឬភ័យខ្លាចអ្វីឡើយ”។
ក្រៅពីហេតុផលផ្នែកចិត្តវិទ្យា អាជីវកម្មនេះក៏ពាក់ព័ន្ធនឹងការដែលប្រទេសចិនឈានចូលដល់ “សង្គមចាស់ជរា” យ៉ាងពេញលេញផងដែរ ដោយនៅចុងឆ្នាំ ២០២៥ ប្រទេសចិនមានប្រជាជនអាយុ ៦០ ឆ្នាំឡើងទៅ ប្រមាណ ៣២៣.៣៨ លាននាក់ ស្មើនឹង ២៣ ភាគរយ នៃប្រជាជនសរុប។ ខណៈមានការព្យាករណ៍ថា ទីក្រុងប៉េកាំង រដ្ឋធានីនៃប្រទេសចិន នឹងឈានចូល “សង្គមចាស់ជរាកម្រិតកំពូល” ឬ Super-aged society នៅក្នុងឆ្នាំ ២០៣៥។
គួបផ្សំនឹងស្ថានភាពសេដ្ឋកិច្ច និងសង្គម ដែលយុវជនត្រូវចេញទៅធ្វើការនៅក្រៅផ្ទះ ឬទីក្រុងផ្សេង ធ្វើឱ្យមនុស្សចាស់ត្រូវរស់នៅដោយឯកាកាន់តែខ្លាំង។ ហេតុដូច្នេះហើយ បញ្ហាប្រឈមដែលរដ្ឋាភិបាលប្រទេសនីមួយៗត្រូវជួបប្រទះក្នុងស្ថានភាពសង្គមចាស់ជរា មិនមែនគ្រាន់តែគោលនយោបាយដែលជំរុញឱ្យប្រជាជនមានកូនបន្ថែមប៉ុណ្ណោះទេ។
ប៉ុន្តែគឺជាគោលនយោបាយដែលផ្ដោតទៅលើសុខុមាលភាពសម្រាប់មើលថែមនុស្សចាស់គ្រប់រូបភាព រួមទាំងមនុស្សចាស់ដែលត្រូវការទីពឹង មានជំងឺធ្ងន់ធ្ងរ ឬរស់នៅតែម្នាក់ឯង ដើម្បីធានាថាពួកគាត់នឹងមានគុណភាពជីវិត និងស្ថានភាពផ្លូវចិត្តប្រសើរឡើង៕





















































Account
Security
Favourite Content