នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ប្រតិភូសិល្បករខ្មែរជាច្រើននាក់ក្រោម ការដឹកនាំដោយលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ត្រូវបានអញ្ជើញចូលចួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅទីស្ដីការគណៈរដ្ឋមន្ត្រី។

នៅក្នុងកិច្ចពិភាក្សាអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរបានជម្រាបជូននូវដំណើរការប្រព្រឹត្តិរបស់សមាគមសិល្បករខ្មែរបច្ចុប្បន្នដែលមានដូចជា ការរៀបចំរចនាសម្ព័ន្ធដឹកនាំ ការរៀបចំក្រុមការងារគណៈកម្មការប្រតិបត្តិ ការរៀបចំផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព ព្រមទាំងការបង្កើតឱ្យមានលក្ខន្តិកៈផ្ទៃក្នុង ព្រមទាំងការចងក្រងជាច្រើនទៀតក្នុងរយៈពេលដ៏ខ្លីកន្លងមកជូនទៅកាន់ សម្ដេច ហ៊ុន ម៉ាណែត។

ជាឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការងាររបស់សមាគមសិល្បករខ្មែរ។ បន្ថែមលើអ្វីដែលសមាគមបាន និងកំពុងធ្វើ សម្ដេចបានណែនាំដល់សមាគមធ្វើយ៉ាងណា ត្រូវដាក់ទិសដៅឱ្យបានច្បាស់ រួមទាំងវិធានការជាក់ស្ដែងតែម្ដង ព្រោះវិស័យសិល្បៈវប្បធម៌មានវិសាលភាពធំធេងណាស់ ដោយគ្រប់ដណ្ដប់លើមនុស្សគ្រប់គ្នា ដែលមានការពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល ទោះបីពលរដ្ឋខ្លះមិនស្ថិតក្នុងវិស័យសិល្បៈវប្បធម៌ក៏ដោយ។
សម្ដេចមហាបវធិបតី ក៏បានស្នើឱ្យមានកិច្ចសហការល្អជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធនានា ដើម្បីធ្វើសកម្មភាពរួមគ្នាលើការវបង្កើតព្រឹត្តិការ ឬកម្មវិធីនានាដែលមានការពាក់ព័ន្ធទៅនឹងសិល្បៈវប្បធម៌ ដូចជាសមាគមនឹងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងទេសចរណ៍, ក្រសួងពាណិជ្ជកម្ម ជាដើម។
ជារួមសមាគមសិល្បករខ្មែរ គឺដៃគូរបស់រាជរដ្ឋាភិបាល ដូច្នេះបើរៀបចំព្រឹត្តិការនានា សូមជូនដំណឹងមកកាន់រាជរដ្ឋាភិបាល ដើម្បីសហការគ្នាទៅវិញទៅមក។ ក្រៅពីនេះ សម្ដេចធិបតី បានស្នើមកកាន់សមាគមសូមចូលរួមយកចិត្តទុកដាក់ចំពោះសិល្បករ ជាពិសេសសិល្បករចាស់ជរាទាំងសុខភាព ជីវភាពដែលអាចធ្វើទៅបាន។ ហើយអ្វីដែលសំខាន់ គឺសមត្ថភាព ចំណេះជំនាញរបស់ពួកគាត់ ធ្វើយ៉ាងណាបង្កលក្ខណៈដល់ពួកគាត់ បានចូលរួមជួយពង្រឹងសិល្បៈជាតិរបស់យើងទៅតាមអ្វីដែលអាចធ្វើទៅបានកុំឱ្យមានការបាត់បង់។
អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានបង្ហាញនូវភាពរីករាយទទួលយកនូវអនុសាសន៍ណែនាំដ៏ខ្ពង់សខ្ពស់របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងប្ដេជ្ញាខិតខំអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។ នៅក្នុងជំនួបនោះ អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានគោរស្នើសុំការឯកភាពពីសម្ដេចធិបតីនាយករដ្ឋមន្ត្រីលើសំណើររបស់សមាគមមួយចំនួនផងដែររួមមាន៖ ទី១. ស្នើសុំការអនុគ្រោះពន្ធផលិតផលភាពយន្តរបស់ផលិតករ, និងទី២. ស្នើសុំអាហាររូបករណ៍មួយចំនួនទុកផ្ដល់ជូនដល់កូនចៅសិល្បករខ្មែរ ដែលខ្វះលទ្ធភាពសិក្សានៅថ្នាក់មហាវិទ្យាល័យផងដែរ។ តបតាមសំណើរខាងលើ សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានឯកភាព និងបានស្នើដល់សមាគមសិល្បករខ្មែរពិភាក្សាជាមួយសាមីអង្គភាពដែលទទួលខុសត្រូវលើកិច្ចការងារទាំងនេះបន្ថែមទៀត។







គួរបញ្ជាក់ឱ្យដឹងដែរថា នៅក្នុងជំនួបលើកនេះក៏មានវត្តមានប្រតិភូសិល្បករជាច្រើននាក់ចូលរួមដូចជា កញ្ញា ស៊ិន យូប៊ីន លោក ទេព រិនដារ៉ូ តារាកំប្លែង នាយពាក់មី និងថ្នាក់ដឹកនាំច្រើនរូបទៀតផងដែរ៕




















































Account
Security
Favourite Content