ក្រុមហ៊ុនសែលកាត ដែលជាប្រតិបត្តិករទូរគមនាគមន៍ឌីជីថល និងសមាគមសិល្បករខ្មែរ បានរៀបចំកម្មវិធីប្រគល់ និងទទួលថវិកាទ្រទ្រង់សម្រាប់ឆ្នាំទី ៣ មានចំនួន ៤០០ លានរៀល។

ដោយកាលពីថ្ងៃ ១៥ ខែកញ្ញា ឆ្នាំ ២០២៦ ម្សិលមិញ ក្រុមហ៊ុនសែលកាត ដែលជាប្រតិបត្តិករទូរគមនាគមន៍ឌីជីថលគ្រប់គ្រងដោយកូនខ្មែរ ១០០% បានប្រកាសជាផ្លូវការផ្ដល់នូវថវិកាទ្រទ្រង់ ១០ ម៉ឺនដុល្លារ ឬស្មើប្រមាណ ៤០០ លានរៀល ដល់សមាគមសិល្បករខ្មែរ ដែលក្នុងពិធីនោះរៀបចំឡើងនៅការិយាល័យកណ្ដាល DCT ក្នុងអគារ Royal Group Central។
កម្មវិធីនេះដែរ រៀបចំឡើងក្រោមវត្តមានលោក Manu Rajan អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនសែលកាត និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកសិល្បករជាច្រើនរូប។

ក្រុមហ៊ុនទូរគមនាគមន៍សែលកាតបានបង្វែរផ្លែផ្កា និងប្រាក់ចំណេញ បានមកពីការផ្ដល់សេវាកម្មជូនអតិថិជន មកចូលរួមចំណែកអភិវឌ្ឍសង្គមវិញ។ ក្រុមហ៊ុនសែលកាត តែងតែចងចាំ និងមិនបំភ្លេចឡើយនូវកាតព្វកិច្ចដ៏សំខាន់ក្នុងការទ្រទ្រង់សិល្បៈវប្បធម៌ជាតិ តាមរយៈការគាំទ្រដល់ការអភិរក្ស ការអភិវឌ្ឍ និងការផ្សព្វផ្សាយសិល្បៈ និងអត្តសញ្ញាណជាតិខ្មែរឱ្យកាន់តែរីកចម្រើន។
ក្រុមហ៊ុនសែលកាត បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ដោយគាំទ្របេសកកម្មរបស់សមាគមសិល្បករខ្មែរ ក្នុងការថែរក្សាទម្រង់សិល្បៈបុរាណ ការផ្តល់ការអភិវឌ្ឍជំនាញដល់អ្នកបង្កើតថ្មី និងការបង្កើតបណ្ដាញសាមគ្គីភាពក្នុងសហគមន៍សិល្បៈ ក្រោមប្រធានបទ «Better Together»។

ប្រធានសមាគមសិល្បករខ្មែរលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានថ្លែងថា ក្រុមហ៊ុន សែលកាត បានឧបត្ថម្ភទ្រទ្រង់សមាគមសិល្បករខ្មែរ ក្នុងទឹកប្រាក់ ១០០ ០០០ ដុល្លារក្នុងមួយឆ្នាំ។ ការឧបត្ថម្ភនេះ មិនមែនគ្រាន់តែជាការគាំទ្រផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ។ ក្នុងនោះក៏មាន ៣ ចំណុចសំខាន់ៗបន្ថែមទៀត៖
ទី១៖ ការឧបត្ថម្ភ របស់ សែលកាត (Cellcard) បាន បង្ហាញពីតម្លៃមួយ ថា ការអភិវឌ្ឍប្រទេសមួយ មិនអាចផ្អែកតែលើសេដ្ឋកិច្ច និងបច្ចេកវិទ្យាតែ ប៉ុណ្ណោះទេ ត្រូវដើរទន្ទឹមគ្នាជាមួយការថែរក្សា និងលើកស្ទួយអត្តសញ្ញាណ សិល្បៈ និងវប្បធម៌ជាតិផងដែរ។ ពោលគឺសេដ្ឋកិច្ចកាន់តែ រីកចម្រើន អត្តសញ្ញាណ ជាតិ កាន់តែត្រូវលើកតម្កើង។
ទី២៖ សម្រាប់សមាគមសិល្បករខ្មែរ ថវិកាឧបត្ថម្ភនេះ គឺជាកម្លាំងចិត្ត ក្តីសង្ឃឹម និងជាធនធានដ៏សំខាន់មួយ សម្រាប់ជំរុញសកម្មភាពរបស់សមាគម ក្នុងការលើកកម្ពស់សុខុមាលភាពសិល្បករ អភិរក្សស្នាដៃសិល្បៈ បណ្តុះបណ្តាល និងផ្ទេរចំណេះដឹងពីជំនាន់មួយទៅជំនាន់មួយ ព្រមទាំងលើកស្ទួយសិល្បៈវប្បធម៌ខ្មែរ ឱ្យកាន់តែរីកចម្រើន និងមាននិរន្តរភាព។ នេះគឺជាដំណើរនៃកសាង បច្ចុប្បន្ន ដើម្បីអនាគតនៃអត្តសញ្ញាណ។
ទី៣៖ ប្រធានសមាគមសិល្បករខ្មែរ ជឿជាក់ថា បច្ចេកវិទ្យា និងសិល្បៈវប្បធម៌ គឺជាកម្លាំង ២ ដែលអាចដើរទន្ទឹមគ្នា ដើម្បីកសាងអនាគតកម្ពុជា។ បច្ចេកវិទ្យាអាចជួយឲ្យសិល្បៈខ្មែរឈានទៅដល់មនុស្សកាន់តែច្រើន ទាំងក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ ខណៈសិល្បៈ និងវប្បធម៌វិញ ផ្តល់អត្តសញ្ញាណ និងខ្លឹមសារដល់ការរីកចម្រើនរបស់សង្គមឌីជីថល។ បច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗ ជំរុញភាពរស់រវើកនៃសិល្បៈ វប្បធម៌កម្ពុជា លើលំហសាកលលោក៕




























































Account
Security
Favourite Content