ដូចការសង្ស័យមែនថាតារាចម្រៀងរូបស្រស់ ពេជ្រ សូលីកា ពិតជារបូតតំណែងជាគណៈកម្មការកម្មវិធីប្រកួតទេពកោសល្យចំរុះ ROAD 2 THE STAR រដូវកាលទី៣ ប្រាកដមែន ដោយអ្នកដែលចូលមកជំនួសកៅអីរបស់នាង គឺជាតារាសម្តែងឆ្នើមលំដាប់ប្រទេស ស៊ីន យូប៊ីន។


យោងតាម poster ដែលទើបបង្ហោះក្តៅៗនៅយប់ថ្ងៃទី៣ ខែមករា ឆ្នាំ ២០២៤ នេះបង្ហាញឱ្យឃើញថា គណៈកម្មការ ROAD 2 THE STAR រដូវកាលទី៣ មានចំំនួន ៣ រូប គឺតារាចម្រៀង នីកូ , តារាចម្រៀង ភីសេន និងតារាសម្តែង ស៊ីន យូប៊ីន ពោលគឺមានការផ្លាស់ប្តូរតែគណៈកម្មការស្រីប៉ុណ្ណោះ ចំណែក នីកូ និង ភីសេន រក្សានៅដដែល។

ជុំវិញរឿងរ៉ាវនេះ នៅតែមានហ្វេនៗ និងអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនមានការងើយឆ្ងល់ថា ហេតុអ្វីទើបមានការផ្លាស់ប្តូរ សូលីកា មកជា យូប៊ីន វិញដូច្នេះ ខណៈដែលគេបានឃើញអ្នកមេម៉ាយសម័យថ្មី ពេជ្រ សូលីកា បង្ហោះ status មួយលើទំព័រហ្វេសប៊ុកផ្លូវការនាងថា «ឃើញថាមានការសង្ស័យ ឆ្ងល់ នឹង សួរនាំ នាងខ្ញុំច្រើនចំពោះការប្រ……មួយនោះ ពេលទំនេរនាងខ្ញុំនឹង Live សរុប ជូន» ថែមទាំង Comment ភ្ជាប់មកថា «កន្លែងកាងារណា ធ្លាប់អោយតម្លៃយើង យើងនឹងដើរចេញដោយស្ងៀមស្ងាត់ តែបើយើងស្ងាត់ហើយ គេនៅតែខូចមាត់ពីយើងទៀត ចឹងយើងកុំស្ងាត់ ព្រោះបណ្ដោយយូរទៅមិនបាន ខូចឈ្មោះយើងអស់ទទេៗ»។
មិនទាន់អស់ សូលីកា ក៏បាន Comment បន្តថា «រឿងខ្លះបងប្អូនខ្លះតាមអត់ទាន់ទេ ព្រោះរឿងខ្លះគេមិនដែលបញ្ចេញ» ដែលពាក្យពេចន៍ Comment ទាំងនេះធ្វើឱ្យបណ្តាហ្វេនៗកាន់តែមានការសង្ស័យចំពោះការរបូតតំណែងរបស់ សូលីកា ក្នុងការប្រកួតនេះ ខណៈដែលអ្នកខ្លះទៀតគិតថា វាអាចជាយុទ្ធសាស្ត្រទីផ្សារ ដើម្បីផ្សព្វផ្សាយឱ្យកម្មវិធីនេះរឹតតែផ្ទុះខ្លាំងឡើង។


យ៉ាងណាមិញ មកទល់ពេលនេះហាក់មិនមានអ្វីខុសប្រក្រតីកើតឡើងចំពោះរឿងនេះឡើយ ស្របពេលដែលហ្វេនៗរបស់ យូប៊ីន បាននាំគ្នាសម្តែងការអបអរសាទរដល់ Idol របស់ពួកគេ ដែលទទួលបានឱកាសធ្វើជាគណៈកម្មការ ROAD 2 THE STAR រដូវកាលទី៣ ព្រោះមែនទែនទៅ យូប៊ីន កម្រទទួលធ្វើគណៈកម្មការ ការប្រកួតអ្វីណាស់ ដោយសារនាងជាប់រវល់ការងារសិល្បៈ ថតភាពយន្ត និងមើលថែមុខជំនួញផ្ទាល់ខ្លួនរបស់នាង៕























Account
Security
Favourite Content