ថ្មីៗនេះតារាសម្ដែងប្រុសហុងកុងជើងចាស់ លោក Bowie Wu បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល និងក្លាយជាប្រធានបទត្រូវបានគេលើកមកពិភាក្សា។ លោកបានចូលរួមក្នុងកម្មវិធីពានរង្វាន់ 2023 Top Music Trend Awards Ceremony ជាមួយតារាចម្រៀងវ័យក្មេង Huang Zile និង Zhong Xueying។


មែនទែនទៅ បច្ចុប្បន្នលោកមានវ័យ ៩១ ឆ្នាំទៅហើយ មិនយូរទៀតទេសល់ត្រឹមកន្លះខែ លោកនឹងឈានចូលវ័យ ៩២ ឆ្នាំ។ បើក្រឡេកមកមើលសុខភាពរបស់លោកពិតជាមើលទៅរឹងមាំខ្លាំង និងអាចដើរទៅមកបានយ៉ាងស្រួលដោយមិនចាំបាច់មានអ្នកជួយទប់ឡើយ។ លើសពីនេះ ក្នុងកម្មវិធីលោកក៏បានឡើងច្រៀងចម្រៀងចំនួន ២ បទ មានចំណងជើងថា “The Day I Don’t Want You” និង “Love Is Eternal”។ វត្ដមានរបស់លោកធ្វើឲ្យកម្មវិធីកាន់តែមានសប្បាយរីករាយ ដោយសារតែការសម្ដែងរបស់លោកពិតជាជក់ចិត្ដ និងរស់រវើក។


ការសម្ដែងរាំច្រៀងយ៉ាងរីករាយរបស់លោកលើឆាកតន្ដ្រីធ្វើឲ្យមហាជនជាច្រើនសឹងតែមិនជឿថា លោកមានវ័យជាង ៩០ ឆ្នាំឡើយ។ លោក Bowie Wu ត្រូវបានគេចាត់ទុកថា ជាតារាប្រុសហុងកុងដំបូងដែលមានវ័យចំណាស់ខ្លាំង ប៉ុន្ដែនៅតែអាចរាំច្រៀង និងធ្វើការប្រគំតន្ដ្រីនៅចំពោះមុខអ្នកគាំទ្រជាច្រើនដោយគ្មានបញ្ហា។ ជាពិសេស លោកចូលរួមកម្មវិធីតាំងពីម៉ោង ៧ យប់ រហូតដល់ ម៉ោងជិត ១២ យប់ លោកនៅតែបង្ហាញស្នាមញញឹម និងគាំទ្រដល់តារាវ័យក្មេងជាច្រើនដែលមានវត្ដមាននៅទីនោះ។


គួរបញ្ជាក់ថា លោក Bowie Wu បានកើតនៅថ្ងៃទី ១៨ ខែ មករា ឆ្នាំ ១៩៣២។ លោកបានចាប់អាជីពជាអ្នកសម្ដែងក្នុងឆ្នាំ ១៩៥៣ ក្នុងអាជីពជាអ្នកសិល្បៈលោកបង្ហាញខ្លួនក្នុងភាពយន្ដកុន និងរឿងភាគនានាមិនតិចជាង ៥០ រឿងឡើយ៕

























































Account
Security
Favourite Content