លោក Jeon Gyeong Cheol ជាអ្នកនិពន្ធម្នាក់ដែលធ្លាប់បានលាតត្រដាងរឿងរ៉ាវជីវិតដ៏កម្សត់ក្នុងការចិញ្ចឹមកូនប្រុស អូទីហ្សឹម ធ្ងន់ធ្ងរក្នុងនាមជាឪពុកតែម្នាក់ នៅតាមកម្មវិធីទូរទស្សន៍ល្បីៗរួមទាំង You Quiz on the Block បានទទួលមរណភាពហើយ ក្រោយពេលលោកបានតស៊ូប្រជែងនឹងជោគវាសនាដើម្បីថែកូនប្រុសម្នាក់នេះរហូតដល់វិនាទីចុងក្រោយ។

លោកស្រី Jeong Yu Jin ប្រធានវេទិកាអ្នកជំនាញគាំទ្រជនមានពិការភាពផ្នែកការអភិវឌ្ឍបានចែករំលែកដំណឹងដ៏សោកសៅនេះលើបណ្តាញសង្គមកាលពីថ្ងៃអាទិត្យថា៖ លោក Jeon Gyeong Cheol ដែលគ្រប់គ្នាហៅថាឪពុករបស់ Peter Pan បានសម្លឹងមើលពិភពលោកនេះជាលើកចុងក្រោយ និងបានចាកចេញទៅយ៉ាងស្ងប់ស្ងាត់នៅវេលាម៉ោង ៧:៥៦ នាទីយប់ ថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦។ លោកស្រីបានបន្ថែមថា ពិធីបុណ្យសពត្រូវរៀបចំឡើងយ៉ាងស្ងប់ស្ងាត់បំផុតដោយគ្មានការតាំងសពជាសាធារណៈឡើយទៅតាមបំណងប្រាថ្នាចុងក្រោយដ៏សមរម្យរបស់លោក។

យោងតាម The Korea Times អស់រយៈពេលជាច្រើនឆ្នាំហើយ លោកបានពុះពារចិញ្ចឹមកូនប្រុសអាយុ ២៧ ឆ្នាំ ដែលមានជំងឺអូទីហ្សឹមធ្ងន់ធ្ងរ និងមានកម្រិតប្រាជ្ញាស្មើនឹងកុមារអាយុត្រឹម ២ ឬ ៣ ឆ្នាំតែម្នាក់ឯង។ នៅពេលដឹងថាខ្លួនឯងមានជំងឺមហារីកថ្លើមដំណាក់កាលចុងក្រោយ អ្វីដែលលោកបារម្ភមិនមែនជារាងកាយខ្លួនឯងដែលទ្រុឌទ្រោមទៅហើយនោះទេ ប៉ុន្តែជាអនាគតរបស់កូនប្រុសនៅថ្ងៃដែលគ្មានរូបលោក។ លោកបានកត់ត្រារាល់ដំណក់ទឹកភ្នែក និងក្តីស្រឡាញ់ចូលទៅក្នុងសៀវភៅ «លាហើយ Peter Pan» (Goodbye, Peter Pan) ដែលជាបណ្ដាំបេះដូងបន្សល់ទុកឱ្យពិភពលោកមួយនេះ។

រហូតដល់ដង្ហើមចុងក្រោយ លោកមិនដែលបោះបង់ក្ដីស្រមៃក្នុងការបង្កើត Neverland ដែលជាសហគមន៍កក់ក្តៅមួយសម្រាប់ជនមានពិការភាពផ្នែកការអភិវឌ្ឍ។ កាលនៅមានជីវិតលោកបានប្តេជ្ញាបរិច្ចាគរាល់ប្រាក់សិទ្ធិអ្នកនិពន្ធ និងចំណូលពីសៀវភៅ «Goodbye, Peter Pan» ដើម្បីបង្កើតមូលនិធិ Peter Pan Foundation សម្រាប់កសាង សហគមន៍ដែលផ្តល់ការថែទាំយ៉ាងយកចិត្តទុកដាក់ពេញ ២៤ ម៉ោងចំពោះជនមានពិការភាពផ្នែកការអភិវឌ្ឍ។

នៅក្នុងកម្មវិធី You Quiz on the Block កាលពីថ្ងៃទី១២ ខែសីហា ពោលគឺត្រឹម ២៤ ថ្ងៃមុនពេលលោកចាកចេញ លោកបានរៀបរាប់ទាំងស្នាមញញឹមថាលោកអាចរស់នៅបានយូរជាងការព្យាករណ៍របស់គ្រូពេទ្យដល់ទៅពីរដង ក៏ព្រោះតែកូនប្រុសជាប្រភពថាមពលតែមួយគត់ដែលជំរុញរូបលោកងើបឈរមកប្រយុទ្ធនឹងជំងឺនេះ។ ពេលត្រូវគេសួរថាតើមានពាក្យអ្វីចង់ផ្ដាំទៅកាន់កូនប្រុស លោកបានពោលពាក្យយ៉ាងរំជួលចិត្តថា៖

«វាពិតជាមិនស្មោះត្រង់នោះទេប្រសិនបើខ្ញុំនិយាយថាខ្ញុំចង់ឱ្យកូនភ្លេចឪពុករបស់គេចោលទាំងអស់ ហើយរស់នៅដើម្បីតែសេចក្តីសុខរបស់ខ្លួនឯងនោះ។ ខ្ញុំគ្រាន់តែចង់បន្តជាបុរសម្នាក់ដែលកូនចងចាំមិនច្បាស់ ជាបុរសម្នាក់ដែលដោយសារតែកូនប្រុសមិនអាចយល់ពីហេតុផលបានស្រាប់តែចាស់ទៅៗ ប៉ុន្តែគឺជាមនុស្សម្នាក់ដែលប្រកបដោយភាពកក់ក្តៅ និងចិត្តល្អ។ ជាមនុស្សម្នាក់ដែលគេមិនអាចនឹកឃើញច្បាស់ ប៉ុន្តែតែងតែនឹកនាដល់រាល់ពេលដែលរូបភាពនោះលេចឡើងក្នុងការគិត»។

ក្រុមការងារកម្មវិធី «You Quiz on the Block» បានចូលរួមរំលែកទុក្ខ និងសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកនិពន្ធ Jeon Gyeong-cheol ដែលបានខិតខំតស៊ូរហូតដល់នាទីចុងក្រោយដើម្បីជនមានពិការភាព ព្រមទាំងប្តេជ្ញាចងចាំនូវសេចក្តីស្រឡាញ់ដ៏ធំធេងដែលលោកបានបន្សល់ទុក។
គួរបញ្ជាក់ផងដែរfaមូលហេតុដែលលោក Jeon Gyeong Cheol ប្រៀបប្រដូចកូនប្រុសទៅនឹង Peter Pan គឺដោយសារនៅក្នុងរឿងព្រេង Peter Pan ជ្រើសរើសមិនព្រមធំធាត់ព្រោះគេខ្លាចបាត់បង់ភាពសេរីភាព ខ្លាចការទទួលខុសត្រូវ ខ្លាចការងងគំនៀបពីច្បាប់សង្គម និងមិនចង់ប្រែជាមនុស្សធំដែលរវល់គ្មានពេលទំនេរដូចឪពុកឡើយ។ ស្រដៀងគ្នានេះដែរកូនប្រុសរបស់លោកដែលកើតមកជាមួយពិការភាពខួរក្បាល ឬអូទីហ្សឹមដែលត្រូវបានជោគវាសនាកំណត់ឱ្យខួរក្បាលលូតលាស់ត្រឹមវ័យ ២-៣ ឆ្នាំប៉ុណ្ណោះ។ រូបគេគេប្រៀបដូចជា «Peter Pan ក្នុងពិភពពិត» ដែលនឹងរក្សាភាពទន់ភ្លន់ បរិសុទ្ធ និងមិនព្រមធំធាត់ទៅតាមពេលវេលាជារៀងរហូត៕
























































Account
Security
Favourite Content