ជឿជាក់ថាមនុស្សនៅពេលស្រឡាញ់ខ្លាំង ជៀសមិនផុតពីការគិតដល់ដំណាក់កាលដឹកដៃគ្នាសាងជីវិតគូឡើយ។ ប៉ុន្តែពេលដើរផ្លូវជីវិតគូ មិនមែនគ្រប់រឿងទាំងអស់យើងសុទ្ធតែអាចលូកដៃចូលបានឡើយ។ ជាក់ស្ដែងថ្ងៃនេះ AMS នឹងចែករំលែកជូនប្រិយមិត្តនូវរឿង ២ យ៉ាងដែលយើងមិនគួរជ្រៀតចូលក្នុងគ្រួសារសាច់ថ្លៃ៖
១. រឿងហិរញ្ញវត្ថុ
ជាការពិតក្រោយរៀបការ យើងនឹងក្លាយជាគ្រួសារតែមួយដែលអាចពឹងពាក់គ្នា និងជួយយកអាស្រ័យគ្នាទៅវិញទៅមក។ ប៉ុន្តែសម្រាប់បញ្ហាហិរញ្ញវត្ថុគឺជារឿងសំខាន់បំផុតដែលយើងមិនមែនចេះតែលូកដៃជួយដោយមិនគិតគូរវែងឆ្ងាយឡើយ។ មូលហេតុចម្បងនោះគឺបន្ទាប់ពីបញ្ចប់ជីវិតនៅលីវ អ្វីដែលយើងត្រូវគិតបន្ដគឺជីវិតក្រុមគ្រួសារទាំងមូល។ ដូច្នេះមុនជ្រៀតខ្លួនជួយគេ ត្រូវងាកមកមើលខ្លួនឯងសិនថារឹងមាំ និងគ្រប់គ្រាន់ហើយ ឬនៅ។ ប្រសិនបើយើងព្យាយាមបែងចែកមួយចំណែកទៅជួយគេទាំងដែលខ្លួនឯងកំពុងលំបាកដែរ នោះច្បាស់ណាស់ជំនួយអាចនឹងត្រូវបន្ដមិនចេះចប់ ឬនាំឱ្យលំបាកទាំងគ្រួសាររបស់យើងទៀតផង។
២. ជម្លោះ
ជាធម្មតាក្នុងគ្រួសារនីមួយៗជៀសមិនផុតពីការទាស់ពាក្យសម្ដីគ្នា ឬជម្លោះបន្ដិចបន្ដួចនោះទេ។ ប៉ុន្តែអ្វីដែលយើងជាសាច់ថ្លៃគួរតែប្រយ័ត្នគឺការជ្រៀតខ្លួនចូលជួយទៅបញ្ចប់ជម្លោះ។ បើគិតតាមផ្លូវវិជ្ជមានគេនឹងយល់ថាយើងពិតជាចង់ជួយហាមឃាត់មិនឱ្យមានជម្លោះកាន់តែធំ។ ផ្ទុយទៅវិញប្រសិនបើជម្លោះនោះមិនចប់បែរជាកាន់តែធំទៅ នោះកំហុសទាំងអស់នឹងធ្លាក់មកលើយើងជាមិនខាន ជាពិសេសនៅពេលដែលយើងមិនបានដឹងរឿងកើតឡើងនៅក្រោយច្បាស់។ ហេតុនេះហើយនេះជារឿងទីពីរដែលយើងមិនគួរលូកដៃចូល ប្រសិនបើមិនចង់ឱ្យមានបញ្ហាកាន់តែវែងឆ្ងាយជាងនេះ៕