ធ្លាប់តែឮឈ្មោះ ពេលនេះភូមិ ចិនដំដែក ដែលជាភូមិចំណាស់ជាងគេមួយក្នុងរាជធានីភ្នំពេញបានរៀបចំកម្មវិធីពិព័រណ៍ក្នុងភូមិ ដើម្បីឱ្យអ្នកទស្សនាបានសិក្សាស្វែងយល់ និងស្គាល់ភូមិមួយនេះកាន់តែច្បាស់បន្ថែមទៀត។
តាមរយៈការបង្ហោះជូនដំណឹងរបស់ហ្វេសបុកផេក គម្រោងចិនដំដែក Chen Dam Deak Project បានឱ្យដឹងថា នាថ្ងៃសៅរ៍ ៣០ ខែវិច្ឆិកា ខាងមុខនេះ ចាប់ពីម៉ោង១រសៀល ដល់ម៉ោង៦ល្ងាច ភូមិចំណាស់ដែលមានឈ្មោះថា ភូមិ «ចិនដំដែក» បានរៀបចំកម្មវិធីពិព័រណ៍ក្នុងភូមិដែលមាន ផ្សារចំណីអាហារ ភេសជ្ជៈចម្អិនដោយអ្នកភូមិ បណ្ណាល័យចល័តសម្រាប់កុមារ របាំបុរាណ និងប្រពៃណីខ្មែរ ក៏ដូចជាការដើរទស្សនា និងផ្ដិតយករូបភាពដើម្បីស្វែងយល់ពីរបៀបនៃការរស់នៅរបស់អ្នកភូមិក្នុងភូមិចំណាស់១នេះ។ ការរៀបចំកម្មវិធីនេះឡើងគឺនៅក្នុងគោលបំណងដើម្បីឱ្យមហាជនបានសិក្សាស្វែងយល់ពីភូមិចំណាស់ដែលមានជីវិតរស់រវើក និងកេរដំណែលស្ថាបត្យកម្មប្រវត្តិសាស្ត្រនៅភូមិ ចិនដំដែក មួយនេះ។
ភូមិ «ចិនដំដែក» មានប្រវត្តិគួរឱ្យចង់សិក្សាស្វែងយល់ ដោយហេតុថាភូមិមួយនេះជាទីតាំងចំណាស់ជាងគេមួយក្នុងរាជធានីភ្នំពេញដែលបានកកើតតាំងពីស.វទី ១៥ មកម្ល៉េះ។ ភូមិ «ចិនដំដែក» មានវត្តព្រះពុទ្ធសាសនាដ៏ចំណាស់មួយឈ្មោះថា វត្តពិភទ្ទរង្សី (ហៅវត្តចិនដំដែកខាងជើង) ដែលត្រូវបានកសាងឡើងវិញក្នុងឆ្នាំ ១៨៨៧។
ក្នុងភូមិមួយនេះមានអគារសាសនា ២ ទៀត គឺអតីតព្រះវិហារចិនសានកុងពី (កសាងឡើងប្រមាណក្នុងឆ្នាំ១៩១៣) និងអតីតព្រះវិហារកាតូលិកបងប្អូនស្រី (កសាងឡើងប្រមាណក្នុងឆ្នាំ ១៩១០)។ ក្រោយរបបខ្មែរក្រហមដួលរលំទៅនៅឆ្មាំ ១៩៧៩ ព្រះវិហារកាតូលិក ក៏បានប្រែក្លាយទៅជាមណ្ឌលកុមារកំព្រាដំបូងគេនៅភ្នំពេញឈ្មោះថា កូលាប ១ សម្រាប់ថែទាំកុមារដែលបានបាត់បង់ឪពុកម្តាយ។ ក្រោយមកទៀត ប្រជាជនក៏បានតាំងទីលំនៅជាបន្តបន្ទាប់ក្នុងព្រះវិហារកាតូលិក ព្រះវិហារចិន និងនៅលំហចន្លោះអគារសាសនាទាំងបីនោះ។
សព្វថ្ងៃនេះ ភូមិ «ចិនដំដែក» មានប្រជាពលរដ្ឋរស់នៅប្រមាណជាង ១៧០០ នាក់ ដែលទីតាំងភូមិស្ថិតនៅ ផ្លូវលេខ ៧៩ ភូមិ១៥ ឬ ភូមិកុលាប១ ឬ ភូមិចិនដំដែក សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕
ប្រភពរូបភាព ៖ ហ្វេសបុក គម្រោងចិនដំដែក