កាលពីពេលថ្មីៗនេះ តារាចម្រៀងនិងសម្ដែងស្រីល្បីឈ្មោះ Selena Gomez បានចែករំលែកពីរឿងរ៉ាវជាមួយនឹងដៃគូស្នេហាថ្មីរបស់ខ្លួន ព្រមទាំងទម្លាយហេតុផលដែលនាងបើកចំហរពីស្នេហាលើកនេះជាសាធារណៈច្រើនជាងស្នេហាកន្លងមករបស់ខ្លួន។
ត្បិតរំលងទៅជាងមួយឆ្នាំហើយដែល Selena Gomez និងមិត្តប្រុស Benny Blanco បានទាក់ទងគ្នាក្នុងនាមជាសង្សារ តែទំនាក់ទំនងរវាងតារាចម្រៀង និងផលិតកររូបនេះនៅតែអាចរក្សាភាពផ្អែមល្អែម និងតែងមានរូបភាពកៀកកើយរបស់អ្នកទាំងពីរចែករំលែកដល់សារធារណជនជារឿយៗ។
ជាក់ស្ដែង តាមរយៈកិច្ចសម្ភាសជាមួយនឹង The Hollywood Reporter ដែលបានចេញផ្សាយកាលពីថ្ងៃទី២០ ខែវិច្ឆិកាកន្លងទៅ តារាស្រីវ័យ ៣២ឆ្នាំ បានរំឭកដល់មិត្តប្រុសថា៖ “ខ្ញុំអាចនិយាយបានថា នេះជាទំនាក់ទំនងដែលមានសុវត្ថិភាពបំផុតសម្រាប់ខ្ញុំ ហើយខ្ញុំក៏អាចមើលឃើញអនាគតរបស់ខ្ញុំជាមួយនឹងមនុស្សម្នាក់នេះទៀតផង”។
កន្លងមក តារាស្រីម្ចាស់បទ Single Soon តែងតែបើកបង្ហាញរូបភាពជាមួយនឹងដៃគូនៅលើគណនីបណ្ដាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួនជាញឹកញយ ដល់អ្នកគាំទ្រឱ្យបានដឹងពីស្ថានភាពជីវិតគូរបស់ខ្លួន។ ក៏ប៉ុន្តែ Selena បញ្ជាក់ថា នេះគ្រាន់តែផ្នែកតូចមួយនោះទេ ហើយផ្នែកផ្សេងៗទៀត នាងនៅតែចង់រក្សាទុកសម្រាប់ជីវិតឯកជនភាពរបស់ខ្លួន។
ដោយឡែក លោក Benny Blanco ធ្លាប់បានប្រាប់សារព័ត៌មាន People ពីសេចក្ដីសុខប្រចាំថ្ងៃដែលលោកមានជាមួយនឹងសង្សារថា៖ “យើងទាំងពីរក្រោកពីព្រឹកមែនទែន ហើយវាជាពេលវេលាដែលខ្ញុំចូលចិត្តបំផុតក្នុងការចំណាយរួមគ្នាជាមួយនឹង Selena។ វាដូចគ្នាពេលវេលាពិសេសសម្រាប់ពួកយើង មុននឹងពិភពលោកទាំងមូលក្រោក”។
ផលិតករតន្រ្តីរូបនេះ បានរៀបរាប់ពីស្នេហាក្នុងវ័យ ៣៦ឆ្នាំថា៖ “ខ្ញុំមានមិត្តម្នាក់ដែលអាចធ្វើអ្វីគ្រប់យ៉ាងជាមួយគ្នាបាន ហើយគ្រប់ថ្ងៃជាថ្ងៃដែលល្អបំផុតក្នុងជីវិតខ្ញុំ។ យើងទាំងពីរនាក់ពិតជាបានដាក់ចិត្តដាក់កាយនៅក្នុងទំនាក់ទំនងមួយនេះ”។
សូមរំឭកផងដែរថា អ្នកទាំងពីរបានចាប់ផ្ដើមស្គាល់គ្នាដំបូងក្នុងនាមជាមិត្ត និងអ្នករួមការងារក្នុងវិស័យតន្ត្រីជាច្រើនឆ្នាំកន្លងមកហើយ មុននឹងចាប់ផ្ដើមបង្ហាញទំនាក់ទំនងស្នេហាជាផ្លូវការនៅក្នុងខែធ្នូ ឆ្នាំ២០២៣៕