ម្ចាស់ស្នាដៃសៀវភៅ «The Man Who stole the gods» នឹងបង្ហាញវត្តមានដោយផ្ទាល់នៅកម្ពុជាដើម្បីចូលរួមចែករំលែក និងបកស្រាយរឿងរ៉ាវនៃការលួច និងជួញដូរវត្ថុបុរាណខ្មែរឱ្យកាន់តែលម្អិតស៊ីជម្រៅ។

នាថ្ងៃទី ៥ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ខាងមុខ លោក Matthew Campbell ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅឯសារមន្ទីរ ព្រះស្រីឦសានវរ្ម័ន (សសរ) ចាប់ពីម៉ោង ៦ កន្លះល្ងាចតទៅ ក្នុងកម្មវិធីសិក្ខាសាលាមួយក្រោមប្រធានបទ «The Man Who Stole the Gods: A True Story of War, Obsession, and a Global Art Conspiracy» ។ អ្នកសារព័ត៌មានដែលទទួលបានពានរង្វាន់ Bloomberg Businessweek រូបនេះ នឹងចូលរួមបកស្រាយយ៉ាងលម្អិតនិងស៊ីជម្រៅអំពីសាច់រឿងនៅពីក្រោយការលួចនិងជួញដូរវត្ថុបុរាណខ្មែរ។
ជាមួយគ្នា បុរសដែលប្រើរយៈពេលច្រើនឆ្នាំចងក្រងសៀវភៅ The Man Who stole the gods ក៏នឹងបង្ហាញអំពីតួនាទីរបស់អាជីវករជួញដូរវត្ថុបុរាណ Douglas Latchford ព្រមទាំងលាតត្រដាងនូវការពិតពីវិធីដែលសម្បត្តិវត្ថុបុរាណកម្ពុជាត្រូវបានគេលួចចេញទៅកាន់ទីផ្សារសិល្បៈអន្តរជាតិ និងសារមន្ទីរល្បីៗលើពិភពលោក រួមទាំងការរំលេចអំពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ក្នុងការស្វែងរក និងទាមទារយកបេតិកភណ្ឌវប្បធម៌កម្ពុជាត្រឡប់មកវិញផងដែរ។
គួរបញ្ជាក់ថា បទបង្ហាញនឹងធ្វើឡើងជាភាសាអង់គ្លេស។ មហាជនអាចចូលរួមចុះឈ្មោះបានដោយសេរី (ចំនួនកៅអីមានកំណត់) ។ ទីតាំងរៀបចំនៅច្រកចូលតាមផ្លូវលេខ ១០៦ (ច្រកចូលខាងមុខសារមន្ទីរ ស.ស.រ )។ មួយទៀត ជាការជូនដំណឹងបន្ថែមពី សសរ ត្បិតថាការចុះឈ្មោះនាពេលនេះត្រូវបានបិទ បុន្តែការអញ្ជើញមកដោយផ្ទាល់នៅតែស្វាគមន៍សម្រាប់អ្នកចូលរួមគ្រប់គ្នា៕



















































Account
Security
Favourite Content