វត្ដឈើខ្មៅជាអារាមមួយ អាយុកាលប្រមាណ១៣៥ ឆ្នាំមកហើយ។ ជាវត្ដបុរាណដែលមានទីតាំងស្ថិតនៅតាមបណ្ដោយតំបន់ព្រៃលិចទឹក នៃបឹងទនេ្លសាបលើទួលក្នុងភូមិកោះជីវាំង ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាប់ព្រំប្រទល់ជាមួយភូមិទ្រាយ ឃុំពោធិ៍ទ្រាយ ស្រុកពួក ខេត្តសៀមរាប។ វត្តនេះ ត្រូវបានសាងសង់នៅកំឡុងឆ្នាំ ១៨៨៧ ជំនាន់ព្រះ គ្រូចៅអធិការព្រះនាម។
វត្តឈើខ្មៅជាទួលសក្ដិសិទ្ធិ និងជាកន្លែងដែលទាក់ទាញភ្ញៀវទេសចរមកទស្សនាគ្រប់រដូវកាល ពិសេសភ្ញៀវទេសចរអន្តជាតិដែលចង់ឃើញ ចង់ស្គាល់សំណង់បុរាណដ៏កម្រ។ សំឡេងកាណូតបើកកាត់ផ្ទៃទឹកបង្កើតបានជារលកតូចៗ រត់ប្រដេញគ្នាតាមដងស្ទឹងសង្កែឆ្ពោះទៅកាន់ ភូមិកោះជីវាំង មិនដែលដាច់ឡើយ។

ដើម្បីទៅទស្សនាវត្តឈើខ្មៅ ភ្ញៀវទេសចរអាចជ្រើសរើសការធ្វើដំណើរតាមម៉ូតូ ឬទូកម៉ាស៊ីន។ សម្រាប់ការធ្វើដំណើរដោយម៉ូតូគេអាចចេញដំណើរពីខេត្តសៀមរាប តាមផ្លូវជាតិលេខ ៦ ឆ្ពោះទៅឃុំសសរស្តម្ភ។ ដោយឡែករវាងមធ្យោបាយទាំងពីរនេះ ទេសចរហាក់និយមធ្វើដំណើរតាមផ្លូវទឹកជាងដោយសារការធ្វើដំណើរតាមទូក មានផ្ទាំងទស្សនីយ៍ភាពស្អាតៗជាច្រើនដែលកម្រនៅលើបឹងទន្លេសាប ក៏ដូចជាផ្ទះបណ្ដែតទឹកតូចៗនៅតាមដងស្ទឹងសង្កែ រួមជាមួយការប្រកបរបរកស៊ីចិញ្ចឹមជីវិតរបស់ប្រជាជនដែលរស់នៅក្នុងតំបន់នោះ និងជុំរុំសត្វស្លាបទឹកព្រែកទាល់ជាដើម។
ពេលធ្វើដំណើរជិតដល់ នៅចំពីមុខផ្លូវធ្វើដំណើរគេនឹងប្រទះឃើញវត្តបុរាណមួយហាក់ដូចជាប្រាសាទផុសចេញពីក្នុងផ្ទៃទឹក នៅកណ្តាលតំបន់ព្រៃរនាមបឹងទន្លេសាបនោះ ដែលនោះគឺជាវត្តឈើខ្មៅ ជាទួលសក្ដិសិទ្ធិ ឬទួលអណ្តែតដែលសម្បូរដោយដើមឈើខ្មៅ ហើយព្រះវិហារវត្តឈើខ្មៅទៀតសោតក៏ធ្វើទ្បើងពីរុក្ខជាតិឈើខ្មៅសុទ្ធសាធ ។
បើទោះបីជាមធ្យោបាយដើម្បីទៅដល់វត្តមួយនេះមានលក្ខណៈពិបាកបន្តិចមែន ប៉ុន្តែទេសចរបរទេសកម្រចោលគោលដៅទេសចរណ៍មួយនេះណាស់ ប្រសិនបើពួកគេបានទៅដល់បឹងទន្លេសាបហើយ។ ចំណែកឯប្រជាជនក្នុងតំបន់វិញនៅមានជំនឿមុតមាំចំពោះទីសក្ការៈមួយនេះណាស់។ ដំណាលតាំងពីដើមមក ទួលនេះគឺជាទួលសក្ដិសិទ្ធិនៅក្នុងកណ្តាលតំបន់ព្រៃរនាមដៃបឹងទន្លេសាប ។
ជាការពិត ទោះបីជាមានទឹកជំនន់ធំប៉ុណ្ណា ក៍ទួលដែលសាងសង់ព្រះវិហារនោះពុំដែលលិចទ្បើយ។ ហេតុនេះទើបអ្នកស្រុកប្រសិទ្ធិនាមវត្តនេះថា “ទួលអណ្តែត” ។ ចំណែកនៅរដូវប្រាំង ព្រះវិហារនេះមើលទៅដូចជាប្រាសាទមួយស្ថិតនៅកណ្តាលព្រៃរនាម ហាក់ដូចជាអណ្តែតពីក្នុងផ្ទៃទឹក ហើយនៅលើទួលនេះមានសល់ទូកងមួយធ្វើពីឈើគគីរ ដែលដុះនៅលើទួលនោះ ដែលគេកសាងទ្បើង តាំងពីពេលកកើតវត្ត ហើយទូកនោះមានបារមីខ្លាំងពូកែ ពេលប្រកួតម្តងៗមិនដែលចាញ់ឡើយ។ មកទល់បច្ចុប្បន្ន អ្នកស្រុកឯកភ្នំ តែងតែនាំគ្នាធ្វើបុណ្យគោរពបូជា និង នៅតែមានជំនឿលើបារមីរបស់ព្រះពុទ្ធរូបនៅក្នុងព្រះវិហារវត្តឈើខ្មៅឬទួលអណ្តែតនេះ៕































































Account
Security
Favourite Content