យោងតាមការវិភាគរបស់វិទ្យាស្ថានវប្បធម៌ និងទេសចរណ៍កូរ៉េ បានបង្ហាញថាប្រាក់ចំណូលពីក្រៅប្រទេសរបស់វិស័យ K-Pop ក្នុងឆ្នាំ 2023 ត្រូវបានប៉ាន់ប្រមាណថាមានចំនួន 895,60 លានដុល្លារអាមេរិក ដែលកើនឡើង 34.3% ធៀបនឹងឆ្នាំមុន។ តួលេខនេះបានមកពីការបញ្ចូលគ្នានៃប្រាក់ចំណូលពីការនាំចេញទំនិញអាល់ប៊ុម ទិន្នន័យ Streaming នៅក្រៅប្រទេស និងការប្រគំតន្ត្រីទេសចរណ៍ពិភពលោក។

ក្នុងនោះចំណូលមួយផ្នែកធំមែនទែនគឺបានមកពីការប្រគំតន្ត្រីក្រៅប្រទេសដែលមានចំនួន 426 លានដុល្លារ ស្មើនឹង 47.5% នៃចំណូលសរុប និងបង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់ធៀបនឹងចំនួន 160 លានដុល្លារកាលពីឆ្នាំកន្លងទៅ។ ចំណែកឯការនាំចេញអាល់ប៊ុមបានរួមចំណែក 281 លានដុល្លារអាមេរិក ស្មើនឹង 31.4% (កើនឡើង 13.2% ធៀបនឹងឆ្នាំមុន) ខណៈពេលដែលសេវាកម្ម Streaming ទទួលបាន 188 លានដុល្លារ ស្មើនឹង 21.0% (កើនឡើង 24.1% ធៀបនឹងឆ្នាំមុន) ។
គួរបញ្ជាក់ថា ចំណូលពីការប្រគំតន្ត្រីសម្រាប់ក្រុមហ៊ុនធំៗទាំងប្រាំមួយ រួមមាន SM, JYP, YG, និង HYBE បានកើនឡើងក្នុងអត្រាជាមធ្យមប្រចាំឆ្នាំ 35.0% ពីឆ្នាំ 2018 ដល់ឆ្នាំ 2023។ នៅពេលដែលដំណើរប្រគំតន្ត្រីទេសចរណ៍ជុំវិញពិភពលោកបានបន្តឡើងវិញក្រោយ COVID-19 ប្រាក់ចំណូលការប្រគំតន្ត្រីក្នុងឆ្នាំ2023 បានមើលឃើញការកើនឡើង 65.6% ធៀបនឹងមួយឆ្នាំមុន។

យោងតាម Billboard សិល្បករ HYBE បានសម្តែងការប្រគំតន្ត្រីចំនួន 60 ដងក្នុងឆ្នាំ 2022 ដោយទាក់ទាញអ្នកចូលរួមចំនួន 865,625 នាក់។ នៅឆ្នាំ 2023 ពួកគេបានធ្វើការប្រគំតន្ត្រីចំនួន 93 ដង ដោយបានទាក់ទាញអ្នកចូលរួមចំនួន 1,006,000 នាក់។ ទន្ទឹមនឹងនេះ BLACKPINK បានពង្រីកវត្តមានអន្តរជាតិរបស់ពួកគេ ដោយបង្កើនការប្រគំតន្ត្រីក្រៅប្រទេសរបស់ពួកគេពី 24 ដងក្នុងឆ្នាំ 2022 ទៅ 38 ដងនៅឆ្នាំ 2023 ។
ការនាំចេញអាល់ប៊ុមចម្រៀងនិងទំនិញពាក់ព័ន្ធមានការកើនឡើងគួរឱ្យកត់សម្គាល់ ពោលរហូតដល់ 7.6 ដងធៀបនឹងឆ្នាំ 2017 និង 4.5 ដងធៀបនឹងឆ្នាំ 2018 ។ របាយការណ៍បានកត់សម្គាល់ថា “ចាប់ពីឆ្នាំ 2018 ដល់ឆ្នាំ 2023 មានអត្រាកំណើនប្រចាំឆ្នាំជាប់លាប់ប្រហែល 35%”។ ការប៉ាន់ប្រមាណប្រាក់ចំណូលពីសេវាកម្ម Streaming ក៏បានកើនឡើងយ៉ាងខ្លាំងផងដែរ ដោយឈានដល់ 3.4 ដងនៃតួលេខឆ្នាំ 2017 និង 2.7 ដងនៃតួលេខឆ្នាំ 2018 ។
ខណៈដែលកាលពីមុនអាស៊ីជាទីផ្សារចម្បងសម្រាប់ K-Pop ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយ វិស័យតន្ត្រីមួយនេះមានការរីកចម្រើនយ៉ាងខ្លាំងនៅអឺរ៉ុប និងអាមេរិក។ ចំណែកទីផ្សារសម្រាប់វិស័យខេប៉ុបឥឡូវគឺ 48.4% នៅអឺរ៉ុប 42.7% នៅអាមេរិក 33.6% នៅអូសេអានី និង 14.7% នៅអាស៊ី ៕






















































Account
Security
Favourite Content