សមាជិកក្រុមចម្រៀងនារីខេប៉ុប IVE នាង Jang Won Young បានរៀបរាប់ពីភាពចៃដន្យ និងព្រហ្មលិខិតដែលនាំឱ្យនាងចូលប្រឡូកនៅក្នុងវិស័យចម្រៀង ទាំងដែលកន្លងមកនាងតែងប៉ងចង់ក្លាយជា អ្នកប្រកាសព័ត៌មាន។
កាលពីថ្ងៃទី១៥ ខែមករាកន្លងទៅ តារាចម្រៀងសំឡេងផ្អែម Jang Won Young បានចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធី You Quiz on the Block ជាមួយគ្នានឹង Ahn Yu Jin ដោយបានជជែកគ្នាពីការចាប់ផ្ដើមដំបូងក្នុងនាមជា Trainee និងតារាចម្រៀងខេប៉ុប។
តារាស្រីវ័យ២០ឆ្នាំបានសារភាពថា កន្លងមកនាងមិនធ្លាប់ចង់ក្លាយជាតារាចម្រៀងម្ដងណាឡើយ ហើយរាល់ពេលដែលមានគេសួរពីការងារក្នុងថ្ងៃអនាគត នាងតែងតែឆ្លើយត្រឡប់វិញថា ខ្លួនចង់ក្លាយជាអ្នកប្រកាសព័ត៌មាន។ សិល្បករពហុជំនាញរូបនេះ បានរៀបរាប់ពីដំណើរដើមទងដំបូងនៃឱកាសចូលជាតារាហ្វឹកហាត់នៅ Starship Entertainment ថា៖ “ខ្ញុំបានទៅចូលរួមក្នុងកម្មវិធីបញ្ចប់ការសិក្សារបស់បងប្អូនស្រីខ្ញុំ ហើយចៃដន្យអីក៏នៅពេលនោះក៏មានគេមើលឃើញខ្ញុំ រហូតជ្រើសរើសក្លាយជាអ្នកចម្រៀងដូចសព្វថ្ងៃ”។
“មូលហេតុដែលខ្ញុំគិតថា នេះជារឿងដែលព្រហ្មលិខិតកំណត់នោះ ក៏ព្រោះតែ បន្ទាប់ពីបុគ្គលិករូបនេះជ្រើសរើសយកខ្ញុំរួច ៣ថ្ងៃក្រោយគាត់ក៏បានលាឈប់ពីកន្លែងការងារតែម្ដង” នាងបន្តបែបនេះ។
ជាច្រើនឆ្នាំកន្លងមក Jang Won Young តែងព្យាយាមស្វែងរកអ្នកដែលត្រួសត្រាយផ្លូវរូបនោះនៅតាមទីកន្លែងនានាដែលខ្លួនបានទៅធ្វើការដើម្បីចង់អរគុណទៅរូបគេ តែមកទល់ពេលនេះ នាងនៅមិនទាន់បានជួបនឹងនារីម្នាក់នោះនៅឡើយទេ។
Jang Won Young បានបញ្ចប់ដោយពន្យល់ថា សម្រាប់នាងរឿងនេះជាជោគវាសនាសុទ្ធសាធតែម្ដង ព្រោះជំនួបដ៏ចៃដន្យនេះកើតឡើងទាំងដែលកម្មវិធីពេលនោះមិនមែនជាកម្មវិធីបញ្ចប់ការសិក្សារបស់ខ្លួនឡើយ ហើយមនុស្សស្រីដែលជួយនាងឱ្យចូលក្នុងវិស័យនេះ បានជួបខ្លួននៅពេលចុងក្រោយបង្អស់នៃតួនាទីការងាររបស់គេបាត់ទៅហើយ៕