ក្រុមតារាចម្រៀងខេប៉ុបដ៏ល្បី Super Junior និងសិល្បករខ្មែរជាច្រើនរូប នឹងបង្ហាញវត្តមាននៅក្នុងកម្មវិធី “ការប្រគំតន្រ្តីសប្បុរសធម៌ចែករំលែកសង្គ្រោះជីវិតសកល” ដែលនឹងធ្វើឡើងនៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមការបញ្ជាក់ពីក្រសួងទេសចរណ៍ កាលពីរសៀលថ្ងៃទី១៦ ខែមករាកន្លងទៅ។
នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ដែលប្រព្រឹត្តធ្វើឡើងឯទីស្តីការក្រសួងទេសចរណ៍ កាលពីព្រឹកថ្ងៃដដែលនេះ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា និងលោក KIM YONG HWAN នាយកមូលនិធិចែករំលែកសង្គ្រោះជីវិតសកល បានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ពី “ការប្រគំតន្រ្តីសប្បុរសធម៌ចែករំលែកសង្គ្រោះជីវិតសកល” ក្នុងគោលបំណងស្នើរសុំការសម្របសម្រួល និងពិនិត្យលទ្ធផលក្នុងការសហការរៀបចំ។
ក្រសួងទេសចរណ៍បានឱ្យដឹងបន្ថែមថា កម្មវិធីខាងលើនេះ គ្រោងធ្វើឡើងនៅចន្លោះខែឧសភា ដល់ខែតុលា ឆ្នាំ២០២៥ នៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ដោយមានការចូលរួមសម្ដែងពីតារាខេប៉ុបល្បីៗពីប្រទេសកូរ៉េខាងត្បូង រួមមានក្រុមចម្រៀងបុរស Super Junior ក៏ដូចជាសិល្បករខ្មែរជាច្រើនរូបទៀត ដោយនឹងបន្តផ្សព្វផ្សាយសរុប ៥ ប្រទេស រួមមាន ប្រទេសកម្ពុជា, កូរ៉េ, ជប៉ុន, ហ្វីលីពីន និងចិន។
គួរបញ្ជាក់ផងដែរថា “ការប្រគំតន្រ្តីសប្បុរសធម៌ចែករំលកសង្គ្រោះជីវិតសកល” ធ្វើឡើងក្នុងគោលបំណង ប្រមូលមូលនិធិសប្បុរសធម៌ជួយគាំទ្រដល់មន្ទីរពេទ្យ និងគ្រឹះស្ថានអប់រំនានានៅក្នុងប្រទេសកម្ពុជា៕