ក្នុងកម្មវិធីប្រគល់ពានរង្វាន់ Grammy Awards ឆ្នាំ២០២៥ ដែលបានប្រារព្ធឡើងកាលពីយប់ថ្ងៃទី២ ខែកុម្ភៈ តារាចម្រៀង Beyonce បានក្លាយជាម្ចាស់ពានរង្វាន់ធំអាល់ប៊ុមប្រចាំឆ្នាំដែលជាពានធំជាងគេក្នុងកម្មវិធីសម្រាប់អាល់ប៊ុម “Cowboy Carter.” ថែមទាំងបានក្លាយជាតារាចម្រៀងស្បែកខ្មៅដំបូងក្នុងប្រវត្តិសាស្ត្រដែលបានឈ្នះពានរង្វាន់ Best Country Album សម្រាប់អាល់ប៊ុមខាងលើនេះដូចគ្នា។

ជាមួយជយលាភីសរុប ៣ ពានរង្វាន់ក្នុងឆ្នាំនេះ ធ្វើឱ្យ Beyonce ក្លាយជាសិល្បករដែលឈ្នះពានរង្វាន់ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រកម្មវិធី Grammy ពោលចំនួន ៣៥ ពានរង្វាន់ តែយ៉ាងណានេះជាលើកទី២ ប៉ុណ្ណោះដែលតារាវ័យ ៣៤ឆ្នាំរូបនេះបានទទួលពានរង្វាន់ធំ ដោយលើកទីមួយកាលពីឆ្នាំ២០១០ នាងបានទទួលពាន Song of the Year សម្រាប់បទ “Single Ladies (Put a Ring on It)”។

ក្រឡេកមើលជយលាភីលេចធ្លោផ្សេងទៀតក្នុងកម្មវិធី Grammy ឆ្នាំនេះមានដូចជាតារារ៉េប Kendrick Lamar ដែលបានឈ្នះពានច្រើនជាងគេ គឺចំនួន ៥ ពានរង្វាន់ រួមទាំងពាន record of the year និង song of the year សម្រាប់បទចម្រៀង Diss Track ដ៏ល្បីមានចំណងជើងថា “Not Like Us”។

តារាចម្រៀង Charli XCX បានឈ្នះពានរង្វាន់ចំនួនបីរួមមានពាន Dance Pop Recording សម្រាប់បទ “Von Dutch” ពាន Dance/Electronic Album និងពាន Packaging សម្រាប់អាល់ប៊ុម “Brat”។

តារាចម្រៀង Sabrina Carpenter បានឈ្នះពានរង្វាន់២រួមមានពាន Best Pop Vocal Album សម្រាប់អាល់ប៊ុម “Short n’ Sweet” និងពានរង្វាន់ Pop Solo Performance សម្រាប់បទ “Espresso”។

តារាចម្រៀង Chappell Roan បានឈ្នះពានរង្វាន់សិល្បករថ្មី។

តារាចម្រៀង Lady Gaga និង Bruno Mars បានឡើងទទួលពានរង្វាន់ Best Pop Group Performance រួមគ្នាសម្រាប់ការសហការក្នុងបទ “Die with a Smile”។

ដោយឡែក កំពូលតារាចម្រៀង Taylor Swift នៅឆ្នាំនេះមិនបានទទួលពានរង្វាន់សូម្បីតែមួយ បើទោះជានាងមានឈ្មោះប្រកួតប្រជែងពានរង្វាន់រហូតដល់ ៦ ពានក៏ដោយ។
គួរបញ្ជាក់ដែរថា កម្មវិធី Grammy Awards ឆ្នាំនេះក៏មានការរៃអង្គាសថវិកាដើម្បីសម្រាលការលំបាកដោយសារភ្លើងឆេះព្រៃនៅ Los Angeles កាលពីពេលថ្មីៗកន្លងទៅនេះដែរ ដោយនៅពេលចប់កម្មវិធីពិធីករបានប្រកាសថាទទួលបានការបរិច្ចាគសរុប ៧ លានដុល្លារអាមេរិក ៕




















































Account
Security
Favourite Content