ថ្មីៗ នេះ សមាជិកក្រុមចម្រៀងនារីល្បី Girls Generation បានធ្វើឱ្យអ្នកគាំទ្រ និងមហាជនចាប់អារម្មណ៍ខ្លាំង ក្រោយរូបនាងបង្ហោះពាក្យពេចន៍មួយចំនួនក្នុង story អ៊ីនស្ដាក្រាមផ្លូវការរបស់នាង ខណៈមានការជជែកវែកញែកគ្នាពាសពេញលើបណ្ដាញសង្គម។
នៅថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២៣ រូបនាងបានចែករំលែកសារមួយក្នុង story អ៊ីនស្ដាក្រាមផ្លូវការដែលមានខ្លឹមសារថា៖ រឿងគ្រប់យ៉ាងអាចប្រែប្រួល ទាំងចិត្តគំនិត បេះដូង មនុស្ស។ គ្រប់យ៉ាងដែលអ្នកគិតថាអាចនឹងនៅគង់វង្សជារៀងរហូត តែវាក៏បានផ្លាស់ប្ដូរ។ នាងថែមទាំងបង្ហោះរូបភាពស្ដាប់ចម្រៀងបទ “Changes” របស់តារាចម្រៀងប្រុសល្បី Justin ទៀត។
ជាមួយគ្នាដែរ មុនរូបនាងបង្ហោះនូវពាក្យពេចន៍ទាំងនេះ៖ នាងក៏បានបង្ហោះឈុតមួយក្នុងរឿងភាគល្បី “The Glory” ជាឈុតដែលបុគ្គលិកបានសរសេរសំបុត្រលាឈប់ និងគប់ដាក់មុខថៅកែទៀត។ អ្វីដែលសំខាន់នាងបានផ្លាស់ប្ដូរឈ្មោះតួអង្គក្នុងរឿង ជំនួសឱ្យឈ្មោះនាងវិញ។
ក្រោយបង្ហោះរឿងរ៉ាវទាំងអស់នេះ មហាជន និងអ្នកគាំទ្រជាច្រើនបានគិតថាវាប្រហែលជាសញ្ញាបញ្ជាក់ប្រាប់ពីទំនាក់ទំនងរបស់នាងជាមួយផលិតកម្ម SM Entertainment អាចនឹងកំពុងប្រេះឆា និងមានបំណងចាកចេញឆាប់ៗ ជាមិនខាន។ ស្របពេលដែលកុងត្រារបស់នាងជាមួយខាងផលិតកម្មក៏ជិតផុតកំណត់ឆាប់ដែរគឺនៅពាក់កណ្ដាលឆ្នាំនេះតែម្ដង។
គួររំឮកថា Taeyeon គឺជាសិល្បករមួយរូបដែលនៅក្នុងផលិតកម្ម SM យូរឆ្នាំណាស់មកហើយ បើរាប់ទៅប្រមាណជិត ១៧ ឆ្នាំ។ នាងចាប់ផ្ដើមបង្ហោះសារប្លែកៗ ក្នុងអំឡុងពេលដែលមានភាពចម្រូងចម្រាសជុំវិញការទិញយក SM Entertainment រវាង HYBE និង Kakao។ រហូតដល់មហាជនជឿថា អាចនឹងមានបញ្ហាផ្ទៃក្នុងច្រើនទើបនាងបង្ហោះយ៉ាងដូច្នេះ៕






















































Account
Security
Favourite Content