កាលពីថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ក្រុមចម្រៀង Sistar 19 បានប្រកាសពីដំណឹងល្អជូនអ្នកគាំទ្រត្រៀមខ្លួនបញ្ចេញចម្រៀងរួមគ្នា។ បទចម្រៀងថ្មីរបស់ក្រុម Sistar 19 ត្រូវបានគេរាយការណ៍ថា នឹងត្រូវបញ្ចេញនៅដើមខែ មករា ឆ្នាំ ២០២៤ ខាងមុខ។


ការត្រឡប់មកវិញលើកនេះដែរ គឺជាការត្រឡប់មកវិញលើកដំបូងក្រោយខកខានចេញចម្រៀងរួមគ្នាអស់រយៈពេល ១១ ឆ្នាំ។ បទចម្រៀងដែលក្រុម Sistar 19 បានបញ្ចេញចុងក្រោយគឺនៅក្នុងឆ្នាំ ២០១៣ មានចំណងជើងថា Gone Not Around Any Longer។ Sistar 19 គឺជាក្រុមចម្រៀងដែលមានសមាជិកពីររូបគឺ Bora និង Hyolyn ខណៈក្រុមមួយនេះពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំងកាលពីកំឡុងឆ្នាំ ២០១១ ដល់ ឆ្នាំ ២០១៣ ។
ជាមួយគ្នាដែរ តារាចម្រៀងស្រីខេប៉ុប Bora និង Hyolyn ក៏បានបង្ហាញមុខរួមគ្នាលើគ្របទស្សនាវដ្ដីសម្រាប់ជាផ្សព្វផ្សាយត្រៀមចេញបទចម្រៀងថ្មីឆាប់ៗ នេះ។ អ្នកទាំងពីរបានថតសម្រាប់ទស្សនាវដ្ដី Arena និងបានតុបតែងខ្លួនយ៉ាងស្រស់ស្អាតទាក់ភ្នែកយ៉ាងខ្លាំង។


គ្រាន់តែរូបភាពទាំងនេះបានបង្ហោះជាសាធារណៈភ្លាមក្រុមអ្នកគាំទ្រជាច្រើនក៏បានចូលបញ្ចេញមតិសរសើរព្រោងព្រាត និងបង្ហាញអារម្មណ៍រីករាយដែលអាចឃើញតារាស្រីទាំងពីរថតទស្សនាវដ្ដីរួមគ្នាម្ដងទៀត។ ជាពិសេស កាន់តែមិនអាចរង់ចាំនូវបទចម្រៀងដែលត្រៀមបញ្ចេញក្នុងពេលឆាប់ៗ ខាងមុខ។




គួរបញ្ជាក់ផងដែរថា ការត្រឡប់មកវិញលើកនេះរបស់ក្រុមចម្រៀង Sistar 19 ត្រូវបានអ្នកគាំទ្រជាច្រើនលើកឡើងថាជាការត្រឡប់មកវិញដ៏ធំរបស់ក្រុមចម្រៀងនារីខេប៉ុបជំនាន់ទី ២។ មែនទែនទៅ កន្លងផុតជាច្រើនឆ្នាំមកហើយក្រុមចម្រៀងខេប៉ុបនារីជំនាន់ទី ២ មិនតិចក្រុមបានដើរបែកផ្លូវគ្នា និងខកខានចេញចម្រៀងជុំគ្នាដែលធ្វើឲ្យក្រុមអ្នកគាំទ្រនឹករឭកយ៉ាងខ្លាំង៕























Account
Security
Favourite Content