និយាយដល់តារាចម្រៀងឯករាជ្យ នីគីនីគី យុវវ័យភាគច្រើនប្រហែលនឹកឃើញដល់បទចម្រៀងមនោសញ្ចេតនា លាយឡំភាពឈឺចាប់ បង្កប់អត្ថន័យអប់រំ និងទំនុកភ្លេងពីរោះៗរបស់នាងជាច្រើន។ មិនត្រឹមតែមានទឹកដមសំនៀងល្អប៉ុណ្ណោះទេ នីគី ថែមទាំងជាបុគ្គលម្នាក់ដែលមានគោលគំនិតវិជ្ជមាន និងចូលចិត្តចែករំលែកចំណេះដឹងទូទៅផ្សេងៗទៅកាន់មនុស្សជុំវិញខ្លួនទៀតផង។ នាងបានដាក់បញ្ចូលគំនិតច្នៃប្រឌិតថ្មីៗជាច្រើនទៅក្នុងបទចម្រៀង និងវីដេអូខ្លីៗដែលនាងនិងក្រុមការងារបានផលិតឡើង ទោះបីវីដេអូទាំងនោះជាការប្រូម៉ូតពីផលិតផល ឬសេវាកម្មណាមួយក៏ដោយ ក៏នាងមិនភ្លេចបង្កប់អត្ថន័យអប់រំណាមួយ ដើម្បីជាប្រយោជន៍ដល់អ្នកទស្សនានោះដែរ។

បន្ថែមពីលើនោះ ថ្មីៗនេះ ម្ចាស់បទ «មនុស្សជំនិត» ក៏បានលេចមុខក្នុងវិស័យហ្វេសសិនផងដែរ ដោយនាងបានបញ្ចេញសមត្ថភាពដើរបង្ហាញម៉ូដក្នុងកម្មវិធី fashion show ដ៏ធំមួយរបស់អ្នកច្នៃម៉ូដល្បីឈ្មោះ អូលីវ៉ា គង់ និងបានចេញទៅដើរម៉ូដលើឆាកអន្តរជាតិប្រទេសវៀតណាមជាលើកដំបូងក្នុងកម្មវិធី Vietnam International Junior Fashion Week កាលពីដើមខែសីហានេះផងដែរ។




ប្រាប់ឱ្យអ្នកសារព័ត៌មានក្នុងស្រុកដឹងកាលពីពេលថ្មីៗ នីគីនីគី ថា ខ្លួននាងពិតជាសំណាងដែលក្នុងនាមជាអ្នកចម្រៀងម្នាក់ នាងមានឱកាសបានបែកមែកសាខា ធ្វើនូវរឿងថ្មីៗបានច្រើនមុខមែនទែន ដូច្នេះនាងគិតថា ជីវិតជាអ្នកសិល្បៈរបស់នាង គឺពិតជាមានន័យខ្លាំងណាស់។
តាមដែលដឹងមក មុនពេលមានឱកាសប្រឡូកវិស័យបង្ហាញម៉ូដ តារាចម្រៀង នីគីនីគី ជាម៉ូយប្រចាំរបស់អ្នកច្នៃម៉ូដ អូលីវ៉ា ដោយនាងតែងតែគាំទ្រស្នាដៃច្នៃម៉ូដរបស់ designer ម្នាក់នេះតាំងពីដើមរហូតមកដល់បច្ចុប្បន្ន។ និយាយដល់រឿងនេះ ម្ចាស់ប្រេន KALKIN ក៏បានរំលឹកឱ្យដឹងថា នីគី គឺជាបុគ្គលដ៏សំខាន់សម្រាប់ជីវិតលោក ព្រោះនាងជាមនុស្សតែម្នាក់គត់ ទទួលពាក់ឈុតសម្លៀកបំពាក់របស់លោកដំបូងគេបង្អស់ តាំងពីលោកនៅបាតដៃទទេ។ ជំនាន់នោះ តារាស្រីរូបនេះឱ្យតម្លៃលើឈុតសម្លៀកបំពាក់លោកខ្លាំងណាស់ ទាំងដែលមនុស្សជាច្រើនទៀតគេមិនទទួលស្លៀកឈុតលោកឡើយ។

អូលីវ៉ា រំភើបចិត្តខ្លាំងណាស់ពេលដែល នីគី ព្រមទទួលស្លៀកឈុតនោះ ហើយលោកគិតថា នឹងមិនយកលុយឈុតនោះទេ គឺចង់ sponsor ឱ្យនាងតែម្តង ដើម្បីបានរូបមកបង្ហោះជា credit ឱ្យស្នាដៃខ្លួនឯង ប៉ុន្តែ នីគី មិនព្រម ដោយនាងបានបកយកលុយមកឱ្យលោកទាល់តែបាន។ ទឹកចិត្តដ៏ប្រពៃរបស់តារាស្រីរូបនេះ ធ្វើឱ្យអ្នកច្នៃម៉ូដ អូលីវ៉ា រំភើបរហូតស្រក់ទឹកភ្នែក ដោយមិននឹកស្មានថា នាងឱ្យតម្លៃឈុតសម្លៀកបំពាក់លោកដល់ថ្នាក់នេះឡើយ។ ម៉្យាង ពេលនោះលោកគ្មានសូម្បីលុយទិញបាយហូប ដល់ពេលឃើញបែបនេះ ធ្វើឱ្យលោករឹតតែរំភើបចិត្តខ្លាំងឡើង។
អូលីវ៉ា ចាត់ទុក នីគី ជាបុគ្គលម្នាក់ដែលតែងតែជួយគាំទ្រ និងជំរុញទឹកចិត្តលោក។ លោកមានគ្រប់យ៉ាងដូចសព្វថ្ងៃ មួយចំណែកក៏ដោយសារ នីគី ដែរ ដូច្នេះទើបលោកចង់ឱ្យម្ចាស់បទ «Set My Soul On Fire» មានវត្តមានគ្រប់កម្មវិធីរបស់លោក ទោះបីកម្មវិធីនោះតូចឬធំ បើមិនបានដើរបង្ហាញម៉ូដ ក៏សូមឱ្យនាងមានវត្តមានជាភ្ញៀវកិត្តិយសដែរ។


ជាក់ស្តែង ក្រោយចប់ការដើរបង្ហាញម៉ូដលើឆាកអន្តរជាតិប្រទេសវៀតណាមរួចមក អូលីវ៉ា ក៏បានហៅ នីគីនីគី ឱ្យចូលរួមដើរបង្ហាញម៉ូដលើឆាកអន្តរជាតិបន្ទាប់ទៀតដែរ តែ នីគី នៅមិនទាន់បានធ្វើការសម្រេចចិត្តនៅឡើយទេ ដោយសារនាងក៏មានការណែនដៃដូចគ្នានៅអំឡុងចុងឆ្នាំ ២០២៣ នេះ៕




















































Account
Security
Favourite Content