ជាលើកដំបូងក្រោយរយៈពេលជាងមួយទសវត្សរ៍ ពេលនេះកម្ពុជាអាចធ្វើបានហើយជាមួយសមិទ្ធផលនៃការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិរហូតដល់ ១ លានតោនត្រឹមរយៈពេល ៩ ខែ ។

ក្រសួងរុក្ខាប្រមាញ់និងនេសាទបានបញ្ជាក់ថា តួលេខនេះគឺជាការបំបែកកំណត់ត្រាឆ្នាំចាស់បានយ៉ាងជោគជ័យ និងជាសមិទ្ធផលដ៏ត្រចះត្រចង់សម្រាប់ជាតិ និងវិស័យកសិកម្មទាំងមូល។ នេះជាញើសឈាម និងការខិតខំប្រឹងប្រែងរួមគ្នារបស់បងប្អូនកសិករខ្មែរ សហគមន៍កសិកម្ម និងគោលនយោបាយគាំទ្រយ៉ាងសកម្មពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់គុណភាព និងការស្វែងរកទីផ្សារអង្ករកម្ពុជាលើឆាកអន្តរជាតិ។
ការនាំចេញអង្ករឱ្យបាន ១ លានតោនក្នុង១ឆ្នាំ គឺបានសម្រេចក្នុងឆ្នាំ ២០២៦ ដោយរាប់ចាប់ពីថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០២៥ រហូតដល់ថ្ងៃទី ១៩ តុលា ឆ្នាំ ២០២៦ (៩ខែ ១៩ថ្ងៃ) ។ នេះបើតាមការជូនដំណឹងនៅលើផេកផ្លូវការរបស់ក្រសួងរុក្ខាប្រមាញ់និងនេសាទ។

គួរបញ្ជាក់បន្ថែមថា ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករទៅហ្វីលីពីនបានចំនួន១២២ ១០២ តោន ដែលស្មើនឹងជាង១៥,៤ភាគរយ នៃបរិមាណនាំចេញអង្ករសរុប ៧៩២ ២១២តោន កើនឡើងជាង៣៤ដងធៀបទៅនឹងការនាំចេញពេញមួយឆ្នាំ២០២៥។ តាមការបញ្ជាក់របស់សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) អង្ករដែលមានកិច្ចសន្យាទិញរួចហើយសម្រាប់ខែកញ្ញាដល់ខែធ្នូឆ្នាំនេះ ត្រូវបានគេរំពឹងថានឹងមាន៨៧ ៣៤៤តោនបន្ថែមទៀត ដែលនឹងធ្វើឱ្យបរិមាណនាំចេញសរុបទៅហ្វីលីពីនក្នុងឆ្នាំ២០២៦ ឈានដល់ប្រមាណ ២០៩ ៤៤៦តោន។
ទីផ្សារថ្មីនេះក៏នឹងរួមចំណែកប្រមាណ២០ភាគរយដល់ការព្យាករឆ្ពោះទៅកាន់ការនាំចេញអង្ករកម្ពុជាសរុបច្រើនជាង១លានតោននៅឆ្នាំ២០២៦នេះ ដែលជាការបំបែកឯតទគ្គកម្ម ៩៥០ ៣២១តោននៃការនាំចេញកាលពីឆ្នាំ២០២៥។
គួរឱ្យដឹងថា គិតចាប់ពីឆ្នាំ ២០១៥ មកទល់នឹងពេលនេះកម្ពុជាបាននាំចេញអង្ករក្នុងបរិមាណដ៏ច្រើនក្នុង១ឆ្នាំៗ។ ខាងក្រោមជាចំនួនដែលបានស្រង់តាមស្ថិតិផ្ដល់ដោយក្រសួងរុក្ខាប្រមាញ់និងនេសាទ។
- ឆ្នាំ ២០១៥ ចំនួន ៥៣៨ ពាន់តោន
- ឆ្នាំ ២០១៦ ចំនួន ៥៤២ ពាន់តោន
- ឆ្នាំ ២០១៧ ចំនួន ៦៣៦ ពាន់តោន
- ឆ្នាំ ២០១៨ ចំនួន ៦២៦ ពាន់តោន
- ឆ្នាំ ២០១៩ ចំនួន ៦២០ ពាន់តោន
- ឆ្នាំ ២០២០ ចំនួន ៦៩១ ពាន់តោន
- ឆ្នាំ ២០២១ ចំនួន ៦១៧ ពាន់តោន
- ឆ្នាំ ២០២២ ចំនួន ៦៣៧ ពាន់តោន
- ឆ្នាំ ២០២៣ ចំនួន ៦៥៦ ពាន់តោន
- ឆ្នាំ ២០២៤ ចំនួន ៦៤៦ ពាន់តោន
- ឆ្នាំ ២០២៥ ចំនួន ៩៤០ ពាន់តោន ៕




















































Account
Security
Favourite Content