និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើបបញ្ចប់ការសិក្សា បានធ្លាក់ចុះយ៉ាងគំហុក ៤៥.៦ ភាគរយ ស្ថិតនៅក្នុងកម្រិតទាបបំផុត។

ទិន្នន័យចុងក្រោយបង្អស់ពី Adzuna បានបង្ហាញថា កាលពីខែ កក្កដា កន្លងទៅ គេហទំព័រស្វែងរកការងារនេះបានផ្សព្វផ្សាយការងារសម្រាប់និស្សិតបញ្ចប់ការសិក្សាចំនួន ៨ ៣៨៣ កន្លែង ដែលថយចុះ ៤៥.៦ ភាគរយ បើធៀបនឹងឆ្នាំមុន។ តួលេខនេះ គឺជាកម្រិតទាបបំផុតចាប់តាំងពី Adzuna បានចាប់ផ្តើមតាមដានឱកាសការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សាក្នុងឆ្នាំ ២០១៦។
ហេតុនេះ បានធ្វើឱ្យចំនួនបេក្ខជនប្រកួតប្រជែងដណ្តើមយកតំណែងការងារនីមួយៗក៏បានកើនឡើងដូចគ្នា ដោយមានបេក្ខជនជាមធ្យម ២.១៤ នាក់សម្រាប់ការងារមួយកន្លែង បើធៀបនឹង ១.៩៣ នាក់កាលពីឆ្នាំមុន។
លោក Andrew Hunter សហស្ថាបនិកនៃ Adzuna បានប្រាប់សារព័ត៌មាន The Guardian ថា៖ “តួលេខក្នុងខែ កក្កដា នេះ គឺជាការដើរថយក្រោយ មិនមែនជាការប្រែប្រួលបណ្តោះអាសន្ននោះទេ”។
តួលេខទាំងនេះបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងទីផ្សារការងារសម្រាប់និស្សិតបញ្ចប់ការសិក្សា បើប្រៀបធៀបទៅនឹងទសវត្សរ៍មុន។ យោងតាមសារព័ត៌មាន The Guardian ក្នុងឆ្នាំ ២០១៧ ធ្លាប់មានតំណែងការងារសម្រាប់និស្សិតបញ្ចប់ការសិក្សារហូតដល់ទៅ ៥៥ ០០០ កន្លែង។

យោងតាមសារព័ត៌មាន BBC ទីផ្សារការងារដែលធ្លាក់ចុះនេះ បានបង្កើតឱ្យមានការព្រួយបារម្ភអំពីអនាគតរបស់យុវជនដែលទើបតែចូលធ្វើការ ដោយសារតួនាទីកម្រិតដំបូងមួយចំនួន ឬហៅថា Entry-level កំពុងរងផលប៉ះពាល់កាន់តែខ្លាំងពីប្រព័ន្ធស្វ័យប្រវត្តិកម្ម និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។
ក្រុមហ៊ុន និងអាជីវកម្មនានាក៏បានគិតគូរកាន់តែខ្លាំងក្នុងការជ្រើសរើសបុគ្គលិក ដោយសារតែកំណើនឡើងនៃប្រាក់បៀវត្សរ៍ និងប្រាក់ឈ្នួលអប្បបរមា។ ហេតុដូច្នេះ ទើបក្រុមហ៊ុនមួយចំនួនកំពុងបង្វែរថវិកាវិនិយោគទៅលើឧបករណ៍ស្វ័យប្រវត្តិកម្ម និង AI ជំនួសឱ្យការបង្កើនចំនួនបុគ្គលិក៕




















































Account
Security
Favourite Content