ធ្លាប់តែឮការនិយាយតៗគ្នាពីមាត់មួយទៅមួយអំពី «ផ្ទះសសរ១០០» ក្នុងខេត្តក្រចេះ មិននឹកស្មានសោះថា ផ្ទះបុរាណខ្មែរដែលមានអាយុកាលជាង ១០០ ឆ្នាំ នេះនៅមានរូបរាងនៅឡើយ គ្រាន់តែមិនបាននៅទីតាំងដើម ហើយសសរក៏មិននៅគ្រប់ចំនួននោះដែរ។

កាលដើមឡើយផ្ទះបុរាណមួយនេះស្ថិតនៅក្នុងភូមិកណ្ដុរ ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។ ក្រោយមក ត្រូវបានរុះរើនិងតម្លើងឡើងវិញដោយរក្សានូវរូបរាងដើមនៅភូមិរកាកណ្ដាលទី១ សង្កាត់រកាកណ្ដាល ក្រុងក្រចេះ ដោយសារតែម្ចាស់ផ្ទះជំនាន់ទី៧ ដែលជាម្ចាស់ផ្ទះចុងក្រោយនៃផ្ទះបុរាណមួយនេះសម្រេចរុះរើផ្ទះ ដើម្បីយកដីចែកឱ្យកូនចៅ។
ដំណឹងនេះត្រូវបានក្រសួងវប្បធម៌ចុះសម្របសម្រួល ហើយបានទិញយកផ្ទះបុរាណនេះក្នុងតម្លៃ ៨ ពាន់ដុល្លារ ដើម្បីរក្សាទុកជាសំណង់ប្រវត្តិសាស្ត្របន្តដល់កូនចៅជំនាន់ក្រោយ និងរៀបចំឱ្យក្លាយជាសារមន្ទីរដោយប្រមែប្រមូលវត្ថុនិងសម្ភារៈប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនខ្មែរនាពេលអតីតកាល ដើម្បីឱ្យភ្ញៀវបរទេស និងភ្ញៀវជាតិចូលទស្សនា។
គួរឱ្យដឹងដែរថា ផ្ទះសសរ១០០ ជាប្រភេទផ្ទះឈើរោងឌឿងសង់ខ្ពស់ផុតពីដីប្រក់ក្បឿងមានសសរឈើកកោះមូលប្រណិត ១០០ ទ្រដោយជើងតាងថ្មក្រានីត ជញ្ជាំង និងបន្ទះរនាបធ្វើពីឈើកកោះលាយឈើផ្សេងៗ។ ចំនួនសសរដ៏ច្រើនសន្ធឹកនេះហើយដែលគេនាំហៅផ្ទះនេះថា «ផ្ទះសសរ១០០»។
ចំណែកប្លង់ទូទៅនៃផ្ទះសសរ១០០ រៀបចំជា៣ផ្នែកសំខាន់គឺយ៉មុខនិងចំហៀង តួផ្ទះ និងផ្ទះបាយ។ យ៉មុខ និងចំហៀងមានសសរចំនួន ៤៤ ដើម តួផ្ទះមាន ៤០ ដើម រីឯផ្ទះបាយមានចំនួន ១៦ ដើម (ប្លង់ផ្ទះ)។ យ៉ខាងមុខនិងចំហៀង ត្រូវបានរុះរើក្នុងសម័យខ្មែរក្រហម រីឯផ្ទះបាយរងគ្រោះដោយអគ្គិភ័យសម័យសង្គ្រាមវៀតកុង។
ក្នុងសម័យខ្មែរក្រហម ផ្ទះបុរាណនេះជាកន្លែងកងកុមារ ដែលមានអាយុក្រោម ១០ ឆ្នាំ ។ ក្រោយការដួលរលំនៃរបបខ្មែរក្រហមមានគ្រួសារចិន ៨ គ្រួសារ ចូលរស់នៅក្នុងផ្ទះនេះ។ លុះដល់អំឡុងឆ្នាំ ១៩៨៨ គ្រួសារចិនទាំងនោះបានប្ដូរទីលំនៅទៅតំបន់ផ្សារឆ្លូងនៅរវាងឆ្នាំ ១៩៨៨-១៩៨៩ ទើបម្ចាស់ផ្ទះបច្ចុប្បន្ន (អ្នកស្រី អ៊ា សារ៉ា) មករស់នៅលើផ្ទះនេះវិញដោយរៀបចំជួសជុលផ្នែកខ្លះនៃជញ្ជាំងខាងក្នុង។
ក្នុងឆ្នាំ ២០២២ ផ្ទះនេះសល់សសរត្រឹម ៤៨ ដើម ហើយផ្នែកខ្លះនៃផ្ទះស្ថិតក្នុងសភាពទ្រុឌទ្រោម ខូចខាតខ្លាំង និងកែលម្អកន្លែងខូចខាតជាបន្តបន្ទាប់បណ្ដាលឱ្យទីធ្លាផ្ទះកាត់បន្ថយនិងតូចចង្អៀតជាងមុន។ បន្ទាប់មកទៀត មន្ត្រីជំនាញសង្កេតឃើញថា សសរចំនួន ៨ ដើមមានសភាពទ្រុឌទ្រោមខ្លាំង ក៏សម្រេចដកសសរនោះចេញនិងតម្លើងផ្ទះដែលសល់សសរត្រឹមតែ ៤០ ដើមប៉ុណ្ណោះមកទល់បច្ចុប្បន្ន៕









រូបភាព ៖ កម្ពុជាអស្ចារ្យ – Cambodia Amazing





















































Account
Security
Favourite Content