ងិន ម៉ារ៉ាឌី លម្អិត​ពីវិនាទី​រន្ធត់​ពេល​​ឈុតតំណាងជាតិមានបញ្ហាបច្ចេកទេសលើឆាកអន្តរជាតិ

ដូចប្រិយមិត្តអ្នកអានបានដឹងស្រាប់ហើយ កញ្ញា ងិន ម៉ារ៉ាឌី កញ្ញាឯកចក្រវាឡកម្ពុជាឆ្នាំ២០២១ បានត្រឡប់មកដល់មាតុប្រទេសវិញកាលពីសប្តាហ៍កន្លងទៅ ក្រោយបញ្ចប់បេសកម្មតំណាងជាតិកម្ពុជាក្នុងកម្មវិធី Miss Universe លើកទី៧០ នៅប្រទេស អ៊ីស្រាអ៊ែល។

ត្រលប់ដល់ប្រទេសកំណើតភ្លាម កញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ២០២១រូបនេះ បានរៀបចំកម្មវិធី Fan Meeting មួយយ៉ាងអធិកអធម ដើម្បីជួបជុំហ្វេនៗជាអ្នកគាំទ្រកញ្ញា នៅបរិវេណផ្សារទំនើបអូឡាំព្យារ។

ផ្តល់កិច្ចសម្ភាសន៍ឱ្យ AMS ដឹងមុនកម្មវិធី Fan Meeting ចាប់ផ្តើម កញ្ញា ងិន ម៉ារ៉ាឌី ថា ខ្លួនរំភើប និងមានមោទនភាពយ៉ាងខ្លាំងដែលបានធ្វើជាតំណាងឱ្យប្រជាជនកម្ពុជារាប់លាននាក់ក្នុងកម្មវិធីអន្តរជាតិដ៏ធំនេះ។

ម៉ារ៉ាឌីបន្តថា កម្មវិធីនេះបានផ្តល់បទពិសោធន៍ជាច្រើនដល់កញ្ញា ធំធេងជាងគេនោះ គឺកម្មវិធីនេះ បានធ្វើឱ្យកញ្ញាកា្លយជាមនុស្សស្រីរឹងជាងមាំ និងក្លាហានច្រើនជាមុនទ្វេដង។ ការលើកឡើងយ៉ាងដូច្នេះមិនមែនមានន័យថា ពីមុនកញ្ញាទន់ជ្រាយទេ តែវេទិកាប្រកួតនេះបង្រៀនឱ្យកញ្ញារឹតតែរឹងប៉ឹង។

អំឡុងពេលទៅស្នាក់នៅទីនោះ កញ្ញាក៏បានជួបផលលំបាកជាច្រើន ជាក់ស្តែងការស្នាក់នៅ និងម្ហូបអាហារជាដើម។ រីឯ ប្រជាជននៅទីនោះវិញមិនខុសពីប្រជាជនកម្ពុជាប៉ុន្មានទេ គឺមានភាពរួសរាយរាក់ទាក់ និងជួយយកឧស្សាហ៍គ្នា មានអ្វីក៏ចែករំលែកគ្នាទៅវិញទៅមក។

រំលឹកដល់ការប្រកួតវិញនោះ កញ្ញាឯកចក្រវាឡកម្ពុជាឆ្នាំ២០២១ ពេញចិត្តត្រង់វគ្គប្រកួតឈុតតំណាងជាតិខ្លាំងជាងគេ បើទោះបីមានកំហុសបច្ចេកទេសបានកើតឡើងដោយយថាហេតុពេលដើរជិតដល់ចប់ក៏ដោយ។

និយាយដល់ចំនុចនេះ ទឹកភ្នែក កញ្ញា ងិន ម៉ារ៉ាឌី បានរមៀលស្រក់កាត់ផែនថ្ពាល់ ពោរពេញដោយភាពក្តុកក្តួលចំពោះទិដ្ឋភាពដែលបានកើតឡើងនោះ ដោយកញ្ញាប្រាប់ឱ្យដឹងថា៖ «ក្នុងអារម្មណ៍របស់ខ្លួនឯងពេលជ្រុះភា្លមមានអារម្មណ៍ថាភ័យខ្លាំងមែនទែន ប៉ុន្តែដោយសារនាងខ្ញុំ អាចនិយាយបានថាជាស្រ្តីម្នាក់ដែលរឹងមាំ ចឹង! ខ្ញុំអត់បានបាក់ទឹកចិត្ត ឬឈរស្រឡាំងកាំងកណ្តាលឆាកអត់ដឹងធ្វើអីនោះទេ ដូចថាជ្រុះហើយយើងមិនអាចឱនរើសបានទេ ព្រោះឈុតដែលស្លៀកតឹងហើយធ្ងន់ ដោយគម្រោងដើរទៅក្រោយវិញ តែដោយសារអ្នកចាត់ការ ​Miss Universe មកខ្សឹបប្រាប់នាងខ្ញុំថា ចង់ត្រឡប់ទៅដើរម្តងទៀត ឬទៅក្រោយឆាកតែម្តង ហើយខ្ញុំក៏បានប្រាប់គាត់ថា ខ្ញុំសុំឱកាសចុងក្រោយដើរម្តងទៀត ហើយប្រសិននាងខ្ញុំដើរម្តងទៀតគឺត្រូវតែយកខ្នងខាងក្រោយមកពាក់ឱ្យខ្ញុំវិញ… អួលដើមក … ប៉ុន្តែអ្នកចាត់ចែងប្រាប់ថា បើសិនខ្នងនិងធ្ងន់បាច់ពាក់ទេ ដើរធម្មតាទៅ តែខ្ញុំប្រាប់គាត់ថាអត់ទេ បើអ្នកឱ្យឱកាសខ្ញុំចុងក្រោយដើរជាមួយឈុតមួយនិង បើអត់មានខ្នងចុងក្រោយខ្ញុំអត់ដើរទេ។ ខ្ញុំក៏សម្រេចថា ខ្ញុំត្រូវតែដើរទោះធ្ងន់មិចក៏ដោយ ទើបក្រុមការងារយកខ្នងឱ្យនាងខ្ញុំវិញ ហើយពេលដើរនោះខ្ញុំបានទម្លាក់ទឹកមុខទៅហើយដោយសារយើងភ័យផង យើងធ្ងន់ ខ្ញុំឃើញមានស្នូរទះដៃអបអរសាទរពីប្រជាជន មិនថាប្រជាជនខ្មែររបស់យើង និងប្រជាជនស្រុកគេទេ វាធ្វើឱ្យនាងខ្ញុំមានកម្លាំងចិត្ត ហើយខ្ញុំក៏ញញឹមសើចឡើងវិញ»។

សំនួរ៖ បើដឹងថាផ្នែកខ្នងនោះធ្ងន់ហើយ តើអ្វីជំរុញឱ្យ ម៉ារ៉ាឌី នៅតែជម្នះដោយខ្នងនោះឡើងវិញឱ្យខានតែបាន?

«តាមពិតគេដឹងថាខ្នងនោះធ្ងន់ ទើបគេប្រាប់ថាបើធ្ងន់បាច់ដាក់ខ្នងទេ ដើរទៅតែឈុតនិងប្រដាប់កាន់និងទៅ តែខ្ញុំថាបើមិនគ្រប់គ្រឿងខ្ញុំមិនដើរទេ ព្រោះយើងបង្ហាញគឺយើងបង្ហាញពី National Costume អត្តសញ្ញាណរបស់ខ្មែរយើង ហើយបើអត់គ្រប់គ្រឿងផង យើងបង្ហាញដើម្បីអី ហើយឱកាសបង្ហាញលើឆាកអន្តរជាតិនេះមិនមែនមានរៀងរាល់ឆ្នាំ ឬរាល់ថ្ងៃទេ មួយឆាកជីវិតយើងមានតែម្តង ចឹងគឺនាងខ្ញុំគិតថាបើអត់គ្រប់គ្រឿង អត់គ្រប់រណ្តាប់គឺខ្ញុំសុខចិត្តដើរទៅក្រោយឆាក។ បើឱ្យឱកាសខ្ញុំដើរម្តងទៀតត្រូវតែគ្រប់គ្រឿង ខ្ញុំអត់ខ្វល់រឿងធ្ងន់ទេ សំខាន់ខ្ញុំបានប្រាប់ពិភពលោកថា នេះគឺជារបស់ខ្មែរ របស់ទាំងអស់ដែលជារបស់ខ្មែរគឺមានប៉ុណ្ណឹង។ នេះជាហេតុផលមួយដែលខ្ញុំអះអាងថា យ៉ាងណាក៏ដោយគឺត្រូវតែគ្រប់ចំនួនទើបខ្ញុំដើរត្រឡប់មកវិញ»។

សំនួរ៖ គេឃើញមានស្នាមញញឹមដ៏ផូផង់មួយបានផុសឡើងពេលដើរត្រលប់វិញ តើពេលនោះម៉ារ៉ាឌី នឹកគិតដល់អ្វីដែរ?

«ពេលនោះខ្ញុំគិតថាវាជាឱកាសមួយចុងក្រោយសម្រាប់នាងខ្ញុំហើយ ដែលនាងខ្ញុំដែលបានបង្ហាញ National Costume យូរជាងប្រទេសដទៃ ព្រោះប្រទេសដទៃអស់ហើយគឺត្រឹម ១ទៅ២នាទី ប៉ុន្តែខ្មែរយើងជាងចូលជាង៣នាទី គឺយើងនៅឈរបង្ហាញពីកាយវិការឈុតរបស់យើងនៅហ្នឹង ហើយខ្ញុំចង់បង្ហាញដល់ប្រជាជនខ្មែរថា ទោះមានបញ្ហាបច្ចេកទេសតិចតួច ធ្លាក់ក៏ដោយ ខ្ញុំត្រលប់មកវិញគឺខ្ញុំនិងបង្ហាញរបស់ខ្មែរឱ្យគ្រប់រណ្តាប់ទាំងអស់អត់ឱ្យខ្វះទេ។ ដូច្នេះកុំបាច់មានអារម្មណ៍ថាភ័យបាក់ទឹកចិត្តអីទេ ទោះបីជាយ៉ាងណាខ្ញុំអាចតស៊ូ ខ្ញុំអាចទ្រាំទ្របាន មិនអីនោះទេ គឺយើងគ្រប់គ្រឿងទាំងអស់»។

ដោយឡែក សម្រាប់លទ្ធផលដែលកញ្ញាទទួលបានពីកម្មវិធីប្រកួតបវរកញ្ញាលើកទី៧០នេះ ម៉ារ៉ាឌី ថា «ខ្ញុំមិនខកបំណងនោះទេ ដោយសារខ្ញុំគិតថា បេក្ខភាពទាំងអស់នៅជុំវិញពិភពលោកដែលមកចូលរួមប្រកួតគឺសុទ្ធតែខ្លាំងៗ មិនមែនខ្មែរយើងខ្សោយទេ។ ទោះមិនបានចូលដល់ Top តែយើងបានជានិមិត្តរូបមួយរបស់ប្រទេសកម្ពុជា ហើយនាងខ្ញុំក៏បានប្រឹងអស់ពីសមត្ថភាពដែរ។ នាងខ្ញុំក៏ទទួលបានការលើកទឹកចិត្តពីបងប្អូនទាំងអស់គ្នា ខ្ញុំចាំបានថា «បើអត់បានចូល Top ក៏អត់អីដែរ សំខាន់គឺខ្ញុំធ្វើបានល្អ» ចឹងទោះលទ្ធផលបែបណាក៏ខ្ញុំទទួលយក ហើយសប្បាយចិត្ត និងមានមោទនភាពលើខ្លួនឯងដែលអាចបង្ហាញថាស្រ្តីកម្ពុជាយើងគឺមានភាពក្លាហានខ្លាំងដូចស្រ្តីផ្សេងៗទៀតដែលមកពីបណ្តាប្រទេសនានា និងបានបង្ហាញឈុត National Costume ទៅពិភពលោកឱ្យដឹងថានេះជារបស់ខ្មែរយើងក្នុងព្រះរាជាណាចក្រកម្ពុជាផ្ទាល់តែម្តង» ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ