ការរំលោភឯកជនភាពរបស់តារាខេប៉ុបពីក្រុមហ្វេនរោគចិត្ត បានក្លាយជាបញ្ហាគួរឱ្យព្រួយបារម្ភខ្លាំង ហើយក៏ជាកត្តាដែលជំរុញឱ្យពួកគេចាត់វិធានការតាមផ្លូវច្បាប់ផងដែរ។

ជាក់ស្ដែងថ្មីៗនេះកាលពីថ្ងៃទី ២២ ខែមករា តារាចម្រៀង Kim JaeJoong ជាអតីតក្រុមចម្រៀង TVXQ និងជាសមាជិកក្រុម JYJ បច្ចុប្បន្នបានបង្ហោះក្នុងបណ្ដាញសង្គមអ៊ីនស្ដាក្រាមដោយលើកឡើងពីការតាមរំខានខ្លាំងពីសំណាក់អ្នកគាំទ្ររោគចិត្ត។ ពួកគេបានជួលតាក់ស៊ីក្នុងតម្លៃថ្លៃតាមដានលោកគ្រប់ទីកន្លែង។ ក្រោយបង្ហោះសារបែបនេះ អ្នកគាំទ្រផ្សេងទៀតរបស់លោកក៏សង្ឃឹមថាលោកនឹងចាត់វិធានការប្ដឹងអ្នកគាំទ្ររោគចិត្តទាំងនោះឆាប់ៗនេះផងដែរ។

ខណៈពេលនេះសមាជិកក្រុម EXO ក៏បានសម្ដែងការព្រួយបារម្ភរបស់ពួកគេដែលបណ្ដាលមកពីអ្នកគាំទ្ររោគចិត្តផងដែរ។ ជាទាហរណ៍កាលពីខែមីនា ឆ្នាំមុន Baekhyun បានបង្ហោះនៅលើ Bubble ទាក់ទងទៅនឹងការផ្ដោតអារម្មណ៍លើការហ្វឹកហាត់សំឡេងដោយមិនមានការរំខាន។ ប៉ុន្តែបែរជាមានអ្នកគាំទ្ររោគចិត្តតាមរំខានលោកមិនឈប់ធ្វើឱ្យពិបាកក្នុងការផ្ដោតអារម្មណ៍ខ្លាំងមែនទែន។

មិនមែនតែ Baekhyun សូម្បីតែ Sehun ក៏ធ្លាប់បានត្រូវគេរំខានដោយមានអ្នកហៅចូលទូរសព្ទរបស់លោកដល់ទៅជាង ១០០ ដងឯណោះក្នុងមួយថ្ងៃ។ កាលនោះលោកហាក់ដូចជាមានអារម្មណ៍ខកចិត្ត ហើយបាននិយាយថាលោកមិនប្ដូរលេខទូរសព្ទនោះឡើយព្រោះបើទោះជាប្ដូរក៏ដោយ ក៏ពួកគេនៅតែតេចូលមកលោកដដែលនោះទេ។

ទន្ទឹមនឹងនោះកាលពីឆ្នាំ ២០២៣ V សមាជិកក្រុម BTS ត្រូវបានអ្នកគាំទ្ររោគចិត្តម្នាក់តាមដានលោករហូតដល់ផ្ទះថែមទាំងប្រគល់សំបុត្រអាពាហ៍ពិពាហ៍ឱ្យលោកនៅក្នុងជណ្ដើរយន្ដទៀតផង។ ជាលទ្ធផលអ្នកគាំទ្រម្នាក់នោះត្រូវប្រឈមមុខជាមួយផ្លូវច្បាប់ពីបទល្មើសតាមដាន។ លើសពីនេះ Jungkook កូនពៅក្រុម BTS វិញក៏បានព្រមានអ្នកគាំទ្ររោគចិត្តដែលតែងតែបញ្ជូនអាហារទៅដល់ផ្ទះជាច្រើនលើកច្រើនសារថាលោកនឹងចាត់វិធានការផ្លូវច្បាប់ ប្រសិនបើពួកគេនៅតែប្រព្រឹត្តទង្វើនេះម្ដងទៀត។ ក្រោយកើតហេតុការណ៍ញឹកញាប់បែបនេះ Big Hit Music បានប្រកាន់ជំហរយ៉ាងរឹងមាំ ដើម្បីប្រឆាំងសកម្មភាពរំលោភបំពានសិទ្ធិឯកជនលើសិល្បកររបស់ខ្លួនផងដែរ។
គួរបញ្ជាក់ផងដែរ ដោយសារនាពេលបច្ចុប្បន្នសកម្មភាពរបស់អ្នកគាំទ្ររំលោភលើឯកជនភាពសិល្បករកាន់តែកើនឡើងច្រើនទៅៗបានធ្វើឱ្យអ្នកគាំទ្រត្រឹមត្រូវមានការព្រួយបារម្ភពីសុវត្ថិភាពរបស់អាយដល់ខ្លួនកាន់តែខ្លាំង។ បើទោះបីជាមានច្បាប់ដែលបានតាក់តែងឡើងរួមជាមួយការចាត់វិធានការដោយផ្ទាល់ក៏ដោយ ក៏វប្បធម៌របស់ហ្វេនរោគចិត្តនៅតែបន្ដមានមិនចេះអស់នោះទេ៕
























Account
Security
Favourite Content