Kim SooHyun ជាតារាសម្ដែងប្រុសកូរ៉េដែលកំពុងមានភាពលេចធ្លោម្នាក់នាពេលបច្ចុប្បន្ន។ ប្រជាប្រិយភាព Kim SooHyun បន្ដកើនឡើងស្រឺតៗជាលំដាប់ ក្រោយពីសម្ដែងក្នុងរឿងភាគ “Queen Of Tears”។ លោកត្រូវបានគេរាយការណ៍ថា ជាតារាប្រុសកូរ៉មានតម្លៃខ្ពស់ដាច់គេក្នុងចំណោមតារាប្រុសវ័យស្រករៗគ្នា។ ក្រៅពីមានសមត្ថភាព ពូកែសម្ដែង អមជាមួយរូបរាងដ៏សង្ហា អ្វីដែលមហាជនជាច្រើនចាប់អារម្មណ៍នោះគឺជីវិតស្នេហារបស់កំលោះវ័យ ៣៦ ឆ្នាំរូបនេះតែម្ដង។ មកទល់បច្ចុប្បន្ន លោកមិនទាន់មានមនុស្សជាទីស្រឡាញ់ឡើយ។



២០២៤ គឺជាឆ្នាំ ដែលតារាប្រុស Kim SooHyun ជាប់ជំពាក់ជាមួយពាក្យចចាមអារ៉ាមស្នេហាជាច្រើនដង ដោយគិតត្រឹមពាក់កណ្ដាល ៦ ខែប៉ុណ្ណោះ លោកត្រូវបានគេសង្ស័យមានទំនាក់ទំនងស្នេហាដល់ទៅ ៣ ដង។ ដូចកាលពីខែមីនា ឆ្នាំ ២០២៤ Kim SooHyun ជាប់ជំពាក់ព័ត៌មានស្នេហាជាមួយតារាស្រី Kim SaeRon។ រឿងនេះកើតឡើង ដោយសារតារាស្រី Kim SaeRon ស្រាប់តែបង្ហោះរូបភាពស្និទ្ធស្នាលកៀកកើយជាមួយតារាប្រុសរូបនេះ ហើយនាងក៏លុបវិញត្រឹមរយៈពេល ៣ នាទីក្រោយបង្ហោះ។ រឿងនេះបានក្លាយជាប្រធានបទក្ដៅគគុកក្នុងបណ្ដាញសង្គម។ តែខាងក្រុមហ៊ុន Kim SooHyun ក៏បានចេញមុខបដិសេធ។ មែនទែនទៅ ចំពោះរូបភាពស្និទ្ធស្នាល ត្រូវបានគេជឿថា ជារូបពេលអ្នកទាំងពីរ ថតអំឡុងពេលស្ថិតក្រោមផលិតកម្មតែមួយ។



ចំណែកលើកទី២ ស្របពេលតារាប្រុស Kim SooHyun ត្រូវបានគេប្រទះឃើញ ចូលរួមកម្មវិធីតន្ដ្រីជាមួយអតីតសមាជិកក្រុមចម្រៀង I.O.I គឺ Im NaYoung។ អ្នកទាំងពីរបានបង្ហាញភាពជិតស្និទ្ធខុសធម្មតា និងមើលទៅដូចជាគូស្នេហ៍ណាត់គ្នាទៅដើរកម្សាន្ដ។ រឿងមួយនេះក៏បានចែកចាយពាសពេញបណ្ដាញសង្គម និងក្លាយជាប្រធានបទក្ដៅលើអ៊ីនធើណេត។ តែក្រោយមកផលិតកម្មតំណាងអ្នកទាំងពីរបានចេញមុខបដិសេធពីទំនាក់ទំនងស្នេហាមួយនោះ។

រីឯលើកទី៣ នេះវិញ កើតឡើងថ្មីៗ ដោយសង្ស័យពីទំនាក់ទំនងរបស់ Kim SooHyun និងតារាស្រី Kim JiWon។ អ្នកទាំងពីរជាដៃគូសម្ដែងដ៏ស័ក្តិសមគ្នា ក្នុងរឿងភាគល្បីប្រចាំឆ្នាំ “Queen Of Tears”។ ចាប់តាំងពីរឿងមួយនេះបានចាក់ផ្សាយ អ្នកគាំទ្រជាច្រើនបានស្រឡាញ់ពេញចិត្តតួឯកប្រុសស្រីគូនេះយ៉ាងខ្លាំង ខណៈពាក្យចចាមអារ៉ាមស្នេហាបន្ដលេចឡើងមកជាហូរហែ។ ដោយអង្គរក្ស និងក្រុមការងារធ្លាប់ធ្វើការឲ្យ Kim SooHyun ត្រូវបានប្រទះឃើញនៅជាមួយតារាស្រី Kim JiWon។ ថ្មីៗនេះ អ្នកទាំងពីរ ក៏បានបង្ហោះរូបភាព ៣ សន្លឹកដែលមើលទៅមានភាពស្រដៀងគ្នាខ្លាំង ទាំងឈុត និងកាយវិការ។ មិនបានប៉ុន្មាន តារាប្រុស Kim SooHyun ក៏បានលុបរូបទាំងនោះចោលវិញ កាន់តែធ្វើឲ្យមហាជនសង្ស័យពីទំនាក់ទំនងអ្នកទាំងពីរ។ ផលិតកម្មតំណាងអ្នកទាំងពីរ មិនបានចេញមុខបដិសេធពីទំនាក់ទំនងស្នេហាឡើយ ដោយលើកឡើងថា ពួកគេមិនអាចឆ្លើយតបនឹងរឿងទាំងនេះបានទេ។ ចុះប្រិយមិត្ដយល់យ៉ាងណាដែរ?



























































Account
Security
Favourite Content