កាលពីប៉ុន្មានខែមុនអ្នកបង្កើតមាតិកា ហេង វិសាល និងគ្រួសារ បានប្រគេនដី ៤ ហិកតាដល់ព្រះសង្ឃ ដើម្បីកសាងមណ្ឌលវិបស្សនាថ្មី ដើម្បីជាប្រយោជន៍ដល់សង្គម និងជួយឲ្យមនុស្សម្នាជាច្រើនមានពេលគ្រប់គ្រាន់ជាមួយខ្លួនឯង តាមរយៈការធ្វើវិបស្សនា។

ទង្វើនោះទទួលបានការគាំទ្រខ្លាំង ហើយកាលពីម្សិលមិញថ្ងៃ ២២ខែកក្កដា ឆ្នាំ ២០២៦ កន្លងទៅ ហេង វិសាល និងភរិយា ព្រមទាំងគ្រួសារ បានរៀបចំពិធីបុកគ្រឹះសាងសង់មណ្ឌលវិបស្សនា មួយនៅខាងខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ជាអធិបតីភាពរបស់ ឧបនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ានី។
នេះជាបំណងប្រាថ្នាដ៏ធំមួយនៅក្នុងជីវិតមាតិកា និងជាម្ចាស់ផលិតផលថែរក្សាសម្រស់ WeYoung ទីបំផុតបានសម្រេចហើយ។ វិសាល បានឲ្យដឹងថានោះជារឿងពិត ហើយក៏រំភើបចិត្តជាពន់ពេកដែរ។ ស្វាមីរបស់ ស្រីនា បានបន្ថែមថា សូមឲ្យទីនោះក្លាយទៅជាប្រយោជន៍របស់មហាជន, សូមឲ្យទីនេះជួយឲ្យមនុស្សជាច្រើនស្វែងរកឃើញសេចក្ដីសុខ, សូមឲ្យទីនេះជាកន្លែងដែលដោះនៅទុក្ខភ័យទាំងពួង។

ងាកមកមើលសំណេរ ជា ស្រីនា បានបញ្ជាក់ថា បើនាងមិនស្គាល់ការអប់រំចិត្តតាមវិបស្សនាទេ ប្រហែលឥឡូវនេះម្ចាស់ប្រេន WeYoung កំពុងបាក់ទឹកចិត្ត ស្អប់ពិភពលោក គ្មានសន្តិភាពក្នុងខ្លួន។ ស្រីនា បញ្ជាក់ថា នាងពិតជាសប្បាយរីករាយ និងរំភើបជាខ្លាំងដែលមណ្ឌលអប់រំចិត្តតាមវិបស្សនាញាណនៅខេត្តកំពង់ឆ្នាំងបានចាប់ផ្ដើមកសាងជាស្ថាពរ។
គួរបញ្ជាក់ថា គូស្វាមីភរិយាទាំង ២ នេះជាមនុស្សចូលចិត្តទៅវិបស្សនា ថែមទាំងណែនាំក្រុមគ្រួសារ មិត្តភ័ក្ដិឲ្យទៅធ្វើការអប់រំចិត្តតាមរយៈការធ្វើវិបស្សនានេះដូចគ្នាផងដែរ។ មិនត្រឹមតែប្រគេនដី ៤ ហិកតា វីសាល និង ស្រីនា ក៏បានបរិច្ចាគប្រាក់ ១ ម៉ឺនដុល្លារ ពីលើថែមទៀត ដើម្បីចូលរួមក្នុងការកសាង។
សម្រាប់ទីតាំងកន្លែងវិបស្សនានោះជាប់វត្តក្រាំងល្វា ឬឈ្មោះវត្តឧទុម្ពរ នៅភូមិក្រាំងល្វា ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ពិធីបញ្ចុះបឋមសិលាសាងសង់ធម្មសាលនៃមណ្ឌលអប់រំចិត្តតាមវិបស្សនាញាណ មានការចូលរួមពីពុទ្ធបរិស័ទច្រើនកុះករ៕








រូបភាព៖ Sreynea Near
























Account
Security
Favourite Content