ជាការពិតដែល កញ្ញា សំណាង អេលីណា Miss International Cambodia 2023 ស្ទើរតែជាប់ Top15 ទៅហើយក្នុងការប្រកួតអន្តរជាតិកាលពីឆ្នាំមុន តែដោយសារស្ថាប័នអន្តរជាតិសម្រេចជ្រើសរើសយកអ្នកជាប់ vote ៣នាក់ ធ្វើឱ្យពិន្ទុរបស់នាងធ្លាក់ទៅចំណាត់ថ្នាក់លេខរៀងទី១៦ (Top16) ទៅវិញ។ ទន្ទឹមការសោកស្តាយនេះ អេលីណា បានធ្វើឱ្យហ្វេនៗ និងអ្នកស្នេហាវិស័យបវរកញ្ញាសប្បាយចិត្តវិញពេលដឹងថា កម្ពុជាបានជាប់ Top7 Best in National Costume ក្នុងការប្រកួតអន្តរជាតិនេះ។
ដោយឡែក សម្រាប់ឆ្នាំ ២០២៤ ក្រុមហ៊ុន Cambodia International Models (CIM) បានត្រឡប់មករៀបចំការប្រកួត Miss Cambodia 2024 សាជាថ្មី ដើម្បីស្វែងរកម្ចាស់ជយលាភីដ៏ល្អស័ក្កសមសម្រាប់តំណាងកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ ក្រោមការឧបត្ថម្ភធំពីហាងពេជ្រ CSNJ របស់លោកឧកញ៉ា ចិន សំណាង។
លោក ម៉ែន និមលរតន៍ CEO ក្រុមហ៊ុន Cambodia International Models បញ្ជាក់ក្នុងពិធីសន្និសីទសារព័ត៌មានថា CIM នៅតែរក្សាជំហរក្នុងការរៀបចំការប្រកួត Miss Cambodia 2024 ដោយផ្តោតសំខាន់ទៅលើសមត្ថភាព ចំណេះដឹង និងទេពកោសល្យរបស់បេក្ខភាពដែលមកដាក់ពាក្យប្រកួត។ សំខាន់ជាងនេះ បេក្ខភាពត្រូវមានភាពឆ្លាតវ័យ អាចបត់បែន និងមានពេលវេលាគ្រប់គ្រាន់សម្រាប់ធ្វើការជាមួយក្រុមហ៊ុនក្រោយជាប់ជាម្ចាស់ជយលាភី។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ លោក អេង ស៊ីម៉េង នាយកគ្រប់គ្រង CIM។
លោក ម៉ែន និមលរតន៍ និង លោក អេង ស៊ីម៉េង សង្ឃឹមថា យើងនឹងអាចចម្រាញ់យកបេក្ខភាពម្នាក់ដ៏មានសមត្ថភាព ដើម្បីតំណាងកម្ពុជាទៅចូលរួមប្រកួតកម្មវិធី Miss International 2024 នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាពេលឆាប់ៗខាងមុខនេះ។
ជាការលើកទឹកចិត្តដល់ម្ចាស់ជយលាភី Miss Cambodia 2024 លោកឧកញ៉ា ចិន សំណាង ម្ចាស់ហាងពេជ្រ CSNJ មិនត្រឹមតែឧបត្ថម្ភឈុតខ្សែកពេជ្រ និងមកុដច្នៃតាមលំនាំប្រាសាទព្រះវិហារជាមួយត្បូងរតនគិរីដ៏មានតម្លៃប៉ុណ្ណោះទេ លោកថែមទាំងប្រកាសផ្តល់រថយន្តមួយគ្រឿងតម្លៃខ្ទង់ម៉ឺនដុល្លារ និងសំបុត្រយន្តហោះ business class ផងដែរ។
លោកឧកញ៉ាបានមានប្រសាសន៍ថា លោកនៅពុំទាន់អស់ចិត្តដែលកាលពីឆ្នាំមុនកម្ពុជាយើងមិនទាន់អាចទម្លុះចូលវគ្គ Top15 បាន ដូច្នេះទើបឆ្នាំនេះលោករៀបចំរង្វាន់ជាច្រើន ដើម្បីលើកទឹកចិត្តដល់ម្ចាស់ជយលាភី Miss Cambodia 2024 ដែលនឹងត្រូវជ្រើសជា Miss International Cambodia 2024 បន្ទាប់ពី សំណាង អេលីណា។ លោកមានជំនឿចិត្តថា កម្ពុជាយើងនឹងអាចបំបែកកំណត់ត្រាចូលវគ្គ Top ចុងក្រោយបាន ព្រោះលោក និងក្រុមហ៊ុន CIM រួមទាំង អេលីណា មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹងគុណភាពម្ចាស់ជយលាភី។
សូមជម្រាបផងដែរថា ក្រុមហ៊ុន Cambodia International Models នៅបន្តទទួលពាក្យប្រកួត Miss Cambodia 2024 ពីថ្ងៃនេះរហូតដល់ចុងខែកក្កដា ឆ្នាំ ២០២៤ ហើយការប្រកួតផ្តាច់ព្រ័តនឹងធ្វើឡើងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០២៤ ខាងមុខ។ សុភាពនារីទាំងឡាយ ដែលមានបំណងចង់ដាក់ពាក្យចូលរួមប្រកួតកម្មវិធី Miss Cambodia 2024 អាចទំនាក់ទំនងទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ Cambodia International Models និង Miss Cambodia៕