ថ្មីៗនេះភាពយន្ដកុន “The Goldfinger” របស់តារាសម្ដែងល្បី Andy Lau ឬ លី តាវហួរ និង Tony Leung កំពុងផ្សព្វផ្សាយ និងចាក់បញ្ចាំងក្នុងរោងកុន។ នាឱកាសនោះដែរ ក្រុមការងារបានបញ្ចេញសកម្មភាពក្រៅឆាកជាច្រើនដល់អ្នកគាំទ្រ និងទស្សនិកជន។
អ្វីដែលធ្វើឲ្យអ្នកគាំទ្រកាន់តែរំភើបចិត្ដនោះ កាលអំឡុងពេលថតរឿងនោះ តារាសម្ដែងជើងចាស់ Chow YunFat បានបង្ហាញខ្លួន និងមកសួរសុខទុក្ខមិត្ដចាស់របស់ខ្លួន Andy Lau ផ្ទាល់។ លោកបានមកលើកទឹកចិត្ដ និងថែមទាំងថតរូបជួបជុំគ្នាដើម្បីទុកជាអនុស្សាវរីយ៍ថែមទៀត។ ក្នុងរូបភាពបង្ហាញឲ្យឃើញទឹកមុខសប្បាយរីករាយរបស់តារាសម្ដែងទាំងអស់ដែលមានវត្ដមាននៅទីនោះ។
តារាប្រុស Chow YunFat និង Andy Lau បានស្គាល់ពេលថតរឿង ស្ដេចល្បែងម៉ាកាវ ក្នុងឆ្នាំ ១៩៨៩ ក្រោយមកអ្នកទាំងពីរបន្ដរាប់អានគ្នារហូតមកដល់បច្ចុប្បន្ន។ មិត្ដភាពរបស់អ្នកទាំងពីរត្រូវបានមហាជនចាត់ទុកថា ជាមិត្ដភាពដ៏ល្អ និងរំជួលចិត្ដមួយ។ Chow YunFat តែងតែគាំទ្រ និងជួយផ្សព្វផ្សាយ ទាំងភាពយន្ដកុន និងចម្រៀងរបស់តារាប្រុស Andy Lau ទៀតផង។ បើយោងតាមប្រភពព័ត៌មានហុងកុង តារាប្រុសជើងចាស់ Chow YunFat ធ្លាប់បានណែនាំតារាប្រុស Andy Lau ទៅកាន់អ្នកដឹកនាំរឿងល្បីៗ ដើម្បីសម្ដែងរឿងថែមទៀត។
គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ តារាសម្ដែងជើងចាស់ Chow YunFat មិនសូវលេចមុខក្នុងភាពយន្ដកុនឡើយ ដោយលោកផ្ដោតលើជីវិតឯកជន និងតែងតែចំណាយពេលវេលាធ្វើអ្វីដែលខ្លួនស្រឡាញ់ពេញចិត្ដនោះ គឺការហាត់ប្រាណ ការរត់ នៅតំបន់ធម្មជាតិជាដើម។ តែទោះជាយ៉ាងណាក៏លោកមិនភ្លេចមិត្ដចាស់ដែលធ្លាប់សម្ដែងរួមគ្នា និងនៅតែថែរក្សាទំនាក់ទំនងបានយ៉ាងល្អ។ បើតាមសម្ដីមិត្ដរួមការងារដែលធ្លាប់សហការជាមួយតារាប្រុស Chow YunFat បានឲ្យដឹងថា លោកជាមនុស្សមានអត្ដចរិតល្អ និងជាមិត្ដម្នាក់គួរឲ្យចង់រាប់អាន៕