តារាសម្តែងចិន Chen Xiao បានវិលត្រឡប់មកជួបអ្នកគាំទ្រវិញក្នុងរូបរាងខុសប្លែកមើលសឹងមិនស្គាល់ បន្ទាប់ពីការសម្រាកផ្អាកការងារមួយរយៈ និងការលែងលះ។


បន្ទាប់ពីឃ្លាតពីក្រសែភ្នែកសាធារណជនអស់រយៈពេលយូរ Chen Xiao បានវិលត្រឡប់មកវិញដើម្បីផ្សព្វផ្សាយរឿងភាគថ្មីរបស់ខ្លួនមានចំណងជើងថា Da Sheng Yi Ren ប៉ុន្តែអ្នកគាំទ្រជាច្រើនបានចាប់អារម្មណ៍ និងព្រួយបារម្ភចំពោះការប្រែប្រួលរូបរាងរបស់តារាប្រុសរូបនេះច្រើនជាង។
បង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយថ្មីៗនេះ Chen បានធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលជាមួយនឹងរូបរាងស្គមស្គាំង អាកប្បកិរិយាហត់នឿយ និងទឹកមុខស្លេកស្លាំង។ ស្លៀកពាក់ឈុតខ្មៅជាមួយសក់វែង លោកមើលទៅហាក់ខុសឆ្ងាយពីតួអង្គល្បីៗដែលលោកធ្លាប់សម្ដែងដូចជា Shen Xingyi ដ៏មានមន្តស្នេហ៍ក្នុងរឿង Nothing Gold Can Stay ឬតួអង្គ យ៉ាងកួ ក្នុងរឿង The Romance of the Condor Heroes។ មតិលើអ៊ីនធឺណិតជាច្រើនបានបង្ហាញការព្រួយបារម្ភទាំងសុខភាព និងស្ថានភាពផ្លូវចិត្តរបស់លោក។
ប្រភពជិតស្និទ្ធបានបង្ហើបថា តារាប្រុសវ័យ ៣៨ឆ្នាំរូបនេះនៅពិបាកចិត្តច្រើន និងបានទៅស្រុកកំណើតដើម្បីសម្រាក បន្ទាប់ពីការបែកគ្នាជាមួយតារាសម្តែង Michelle Chen ដែលបានរៀបការជាមួយគ្នាតាំងពីឆ្នាំ២០១៦។ ការស្រកទម្ងន់គួរឱ្យកត់សម្គាល់បានបង្កឱ្យមានការព្រួយបារម្ភតាំងពីពាក់កណ្តាលឆ្នាំ ២០២៥ ប៉ុន្តែប៉ុន្មានខែក្រោយមក ស្ថានភាពរបស់លោកហាក់ដូចជាមិនផ្លាស់ប្តូរ។



ផ្ទុយទៅវិញ អតីតភរិយាលោកគឺតារាសម្ដែង Michelle Chen បានត្រលប់មកធម្មតាវិញយ៉ាងឆាប់រហ័សក្នុងការចូលរួមក្នុងកម្មវិធីផ្សេងៗ។ រឿងភាគចុងក្រោយរបស់នាងគឺ Letter to the Butterfly ដែលនាងសម្តែងជាមួយតួប្រុសវ័យក្មេងជាង ១៩ ឆ្នាំ គ្រោងនឹងចាក់បញ្ចាំងនៅខែធ្នូ ខុសគ្នាតែប៉ុន្មានថ្ងៃប៉ុណ្ណោះពីរឿង Da Sheng Yi Ren របស់ Chen Xiao។
ការកំណត់ពេលចេញផ្សាយនេះបានបន្ថែមការចាប់អារម្មណ៍កាន់តែខ្លាំងក្នុងចំណោមទស្សនិកជន ខណៈអ្នកគាំទ្រជាច្រើនមើលឃើញថាការចេញរឿងភាគ Comeback របស់អតីតគូស្នេហ៍មួយនេះអាចជា “ការប្រឈមមុខដាក់គ្នាក្រោយការលែងលះ”។ ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកគាំទ្រកំពុងទន្ទឹងរង់ចាំលទ្ធផលនៃការប្រកួតប្រជែងនេះថាតើរឿងមួយណានឹងទទួលបាន Rating ខ្ពស់ជាង។
ផលិតដោយ iQIYI និងផ្អែកលើប្រលោមលោករបស់អ្នកនិពន្ធ Zhao Zhiwu រឿងភាគ Da Sheng Yi Ren ឬ Legend of the Magnate នឹងបង្ហាញពីរឿងក្តីរបស់តួអង្គ Guo Bingyuan ជាបុរសវ័យក្មេងម្នាក់ដែលត្រូវបាននិរទេសខ្លួនក្រោមការចោទប្រកាន់មិនពិតនៅចុងរាជវង្សឈីង។ ក្នុងរឿងនេះ Chen Xiao បានរួមសម្ដែងជាមួយតារាស្រី Sun Qian និងតារាប្រុស Luo Yizhou ៕
























































Account
Security
Favourite Content