យោងតាមប្រភពព័ត៌មាន Nate បានឲ្យដឹងថា ជីវិតរបស់អតីតគូស្វាមីភរិយាកូរ៉េ តារាស្រី Goo HyeSun និងតារាប្រុស Ahn JaeHyun គឺមានការប្រែប្រួលខ្លាំងស្ទើរមិនគួរឱ្យជឿ ជាពិសេសទាក់ទិននឹងបញ្ហាហិរញ្ញវត្ថុ ស្របពេលដែលការរស់នៅប្រចាំថ្ងៃក៏មើលទៅហាក់មានការលំបាក និងស្មុគស្មាញផងដែរ។
តារាប្រុស Ahn JaeHyun បានទម្លាយឲ្យដឹងថា លោកបានទទួលរងឥទ្ធិពលយ៉ាងខ្លាំងពីស្រា។ លោកញៀនស្រា និងហូបមិនបានគ្រប់គ្រាន់ ព្រមទាំងមានបញ្ហាផ្លូវចិត្ត បន្ទាប់ពីការលែងលះ។ តារាសម្ដែងរូបនេះបានឲ្យដឹងទៀតថា ក្រៅពីអាហារពេលព្រឹក លោកទទួលទានអាហារតែមួយពេលប៉ុណ្ណោះ ក្នុងមួយថ្ងៃ។ ដូច្នេះហើយ រយៈពេល ៤ ទៅ ៥ ឆ្នាំ ចុងក្រោយនេះ ស្ថានភាពសុខភាពរបស់លោកហាក់មានការអន់ខ្សោយ។
មែនទែនទៅ ដើម្បីថែរក្សាសុខភាព លោកត្រូវចំណាយប្រាក់ហោចណាស់ ៥០ ម៉ឺនវ៉ុន (៣៧០ដុល្លារ) ជារៀងរាល់ខែ ក្នុងការទិញ វីតាមីន និងអាហារមានជីវជាតិ សម្រាប់ទ្រទ្រង់រាងកាយ។ អ្វីដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើលនោះ រូបរាងរបស់ Ahn JaeHyun ហាក់មានការប្រែប្រួលច្រើន និងមើលទៅហត់នឿយគ្មានកម្លាំងកំហែង។ អាជីពរបស់លោកមានភាពរង្គោះរង្គើ ក្រោយការលែងលះចម្រូងចម្រាសជាមួយអតីតភរិយាតារាស្រី Goo HyeSun។ រឿងនេះដែរ ក៏បានក្លាយជាផ្នែកមួយធ្វើឲ្យប៉ះពាល់ដល់ស្ថានភាពផ្លូវចិត្ដរបស់លោក។
ក្រឡេកមកមើល តារាស្រី Goo HyeSun វិញ ជីវិតរបស់តារាស្រីរូបនេះក្រោយលែងលះជាមួយអតីតស្វាមី ក៏មិនមានភាពល្អប្រសើរឡើយ។ ជារឿយៗ រូបនាងតែងត្រូវគេរិះគន់ ដោយសារការសម្ដែងលែងមានគុណភាព។ មួយវិញទៀត រូបនាងតែងត្រូវបានគេលើកឡើងថា សម្ដែងទាមទារយកនូវចំណាប់អារម្មណ៍ ដោយថ្មីៗ នេះ នាងបង្ហាញខ្លួនក្នុងកម្មវិធីរបស់ស្ថានីយន៍ទូរទស្សន៍ tvN ព្រមទាំងលើកឡើងថា នាងគ្មានផ្ទះនៅ និងត្រូវរស់ស្នាក់នៅ គេងលើរថយន្ដ ឬនៅបណ្ណាល័យ។ ការហូបចុកក៏ពិបាក ត្រូវទទួលទានតែ មី និងបាយ ហើយលុបមុខមាត់ដោយប្រើកន្សែងសើម។
ការរិះគន់ជាហូរហែរ ធ្វើឲ្យតារាស្រីរូបនេះចេញបកស្រាយថា មូលហេតុដែលនាងគ្មានផ្ទះ ដោយសារតែនាងកំពុងសាងសង់ផ្ទះថ្មី ហើយនាងកំពុងផ្ដោតលើការសិក្សាផ្នែកសិល្បៈ។ ផ្ទះដែលនាងកំពុងសាងសង់គឺមានទំហំធំ កែច្នៃឲ្យមានភាពប្រណីតសិល្បៈ។
Goo HyeSun ត្រូវបានគេចាត់ទុកជាតារាស្រីម្នាក់ដែលមានទ្រព្យសម្បត្ដិច្រើនម្នាក់។ ភាពល្បីល្បាញរបស់នាងស្ទើរទាំងស្រុងទទួលបានមកពីការសម្ដែងក្នុងរឿង F4 ឬ Boy Over Flower។ នាងត្រូវបានគេរាយការណ៍សល់ប្រាក់រាប់លានដុល្លារក្រោយសម្ដែងរឿងមួយនេះ។ តែទោះជាយ៉ាងណាក្ដី អាជីពសិល្បៈរបស់នាងបច្ចុប្បន្ន ហាក់មិនមានការលេចធ្លោអ្វីឡើយ ផ្ទុយទៅវិញតែងត្រូវគេរិះគន់មិនឈប់ឈរ។
គួរបញ្ជាក់ថា តារាស្រី Goo HyeSun និងតារាប្រុស Ahn JaeHyun បានប្រកាសរៀបការក្នុងឆ្នាំ ២០១៦។ គួរឲ្យសោកស្ដាយ សាងគ្រួសារទើបបានជាង ៣ ឆ្នាំ អ្នកទាំងពីរក៏បានប្រកាសលែងលះគ្នា ខណៈការបញ្ចប់ចំណងគ្រួសារគឺមិនមែនដោយសន្ដិវិធីឡើយ។ រឿងអាស្រូវស្នេហារបស់តារាប្រុសស្រីទាំងពីរក្លាយជាប្រធានបទក្ដៅគគុកក្នុងឆ្នាំ ២០១៩ និងធ្វើឲ្យអ្នកទាំងពីរស្ទើរលែងមានកន្លែងឈរជើងក្នុងពិភពសិល្បៈតទៅទៀត៕