ថ្មីៗនេះស្រ្តីវ័យជាង ៤០ ឆ្នាំត្រូវបានកាត់ទោសជាប់ពន្ធធនាគាររយៈពេល ៦ ខែ និងបញ្ឈប់ទង្វើរំលោភឯកជនភាពទៅលើតារាចម្រៀង និងសម្ដែង Rain ព្រមទាំងភរិយា Kim Tae Hee ដោយនាងបានចំណាយពេលជាង ៤០ ម៉ោងដើម្បីតាមដានពួកគេរហូតដល់ផ្ទះ។

សេចក្ដីសម្រេចនេះត្រូវបានធ្វើឡើងដោយផ្នែកព្រហ្មទណ្ឌទី ៩ នៃតុលាការក្រុងសេអ៊ូលនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ដោយគេបានរកឃើញស្រ្ដីរូបនេះមានពិរុទ្ធលើបទរំលោភឯកជនភាពលួចតាមដានខុសច្បាប់។ ថ្វីត្បិតតែជនល្មើសមិនបានបង្ករបួសស្នាមដល់កំពូលតារាសម្ដែងទាំងពីរពិតមែន ប៉ុន្តែនាងនៅតែបន្ដសកម្មភាពបែបនេះម្ដងហើយម្ដងទៀតជារឿយៗរួមមានការរំខានដល់ផ្ទះ គោះទ្វារផ្ទះ និងចុចកណ្ដឹងផ្ទះជាដើម។


តុលាការទទួលស្គាល់ថាជនល្មើសស្រីរូបនេះមានជំងឺផ្លូវចិត្តដែលជាហេតុបណ្ដាលឱ្យនាងប្រព្រឹត្តបទល្មើស ខណៈនាងជាជនងាយរងគ្រោះទាំងផ្លូវកាយ និងផ្លូវចិត្ត។ ទន្ទឹមនឹងនេះដែរ គេបានរាយការណ៍ថានាងមិនមានទីលំនៅច្បាស់លាស់ឡើយ ជាពិសេសនាងជាមនុស្សដែលមានការខ្វះខាតការគាំទ្រផ្នែកស្មារតីពីក្រុមគ្រួសារជាហេតុធ្វើឱ្យមានការព្រួយបារម្ភហានិភ័យនៃការប្រព្រឹត្តិបទល្មើសណាមួយ។ ដូច្នេះហើយទើបតុលាការសម្រេចចិត្តចាត់វិធានការដោយឃុំខ្លួននាងដើម្បីអប់រំ និងព្យាបាលទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្តផងដែរ។

គួរបញ្ជាក់ដែរថា ជនល្មើសវ័យជាង ៤០ ឆ្នាំរូបនេះត្រូវបានគេរាយការណ៍ថានៅចន្លោះខែមីនា និងខែតុលា ឆ្នាំ២០២២ នាងធ្លាប់បានទៅរំខានដល់ផ្ទះរបស់ Rain និង Kim Tae Hee ក្នុងទីក្រុង Yongsan-gu ទីក្រុងសេអ៊ូលរហូតដល់ទៅ ១៤ ដងព្រមទាំងបានចុចកណ្ដឹងគោះទ្វារផ្ទះញឹកញាប់ផងដែរ។ បើទោះបីជាមានការព្រមានរួចហើយក៏ដោយ ក៏នាងនៅតែបន្ដឡើងវិញសកម្មភាពដដែលៗនៅថ្ងៃទី២៧ ខែកុម្ភៈ រហូតដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ថែមទាំងបានទៅរំខានដល់ហាងសាឡនរបស់អ្នកទាំងពីរទៀតផង ៕



























Account
Security
Favourite Content