តារាចម្រៀងកូរ៉េ Rain បានចែករំលែកពីស្ថានភាពរាងកាយដែលកំពុងចុះខ្សោយ រហូតនិយាយថា រាងកាយខ្លួនមិនរឹងមាំដូចមុនទេ ក្រោយធ្វើរោគវិនិច្ឆ័យរកឃើញថាមានបញ្ហាសន្លាក់ឆ្អឹងក និងចង្កេះ ដែលនាំឱ្យពិបាកប្រើប្រាស់ជីវិតប្រចាំថ្ងៃ។

កាលពីថ្ងៃទី ២៩ ខែមករា Rain បានបង្ហោះវីដេអូមួយដែលមានចំណងជើងថា “My Back… What Did You Say About My Condition?” លើឆានែល YouTube ផ្ទាល់ខ្លួនដែលមានឈ្មោះថា Season B Season។ នៅក្នុងវីដេអូនេះ លោកបានបង្ហាញថា ខ្លួនបានជួបប្រទះនឹងបញ្ហាសន្លាក់ឆ្អឹងក និងការឈឺចង្កេះ ដែលជំរុញឱ្យលោកត្រូវស្វែងរកការព្យាបាលពីអ្នកជំនាញ។
ជាក់ស្ដែង តារាប្រុសវ័យ ៤៣ឆ្នាំ បានធ្វើរោគវិនិច្ឆ័យរកឃើញថា មានបញ្ហាសន្លាក់ឆ្អឹងកប៉ោង (Herniated discs) នៅត្រង់ឆ្អឹង C5 និង C6 ព្រមទាំងមានបញ្ហាត្បៀតឆ្អឹងខ្នង L5 និង L6 (Spinal stenosis) នៅត្រង់ចង្កេះ។ ទន្ទឹមគ្នានេះ លោកបានរៀបរាប់ពីអាការៈរបស់ខ្លួនបន្ថែមថា៖ “សូម្បីតែត្រង់កន្លែងដែលខ្ញុំពាក់ខ្សែក្រវាត់ ក៏មានការឈឺចាប់ខ្លាំងរហូតធ្វើឱ្យខ្ញុំចង់ស្រែកយំដែរ”។


បន្ទាប់ពីបានពិនិត្យលទ្ធផលស្កេន MRI របស់តារាចម្រៀង និងតារាសម្ដែងរូបនេះរួច គ្រូពេទ្យជំនាញបានពន្យល់ថា ឆ្អឹងកត្រង់កន្លែងតារាប្រុសឈឺនោះ បានជួបនឹងបញ្ហាស្រុតចុះខ្លាំង ស្របពេលឆ្នឹងខ្នងផ្នែកខាងក្រោមរបស់លោកក៏មានសញ្ញានៃការចុះខ្សោយ និងរលាកផងដែរ។ ទន្ទឹមគ្នានេះ គ្រូពេទ្យក៏បានណែនាំនូវវិធីសាស្ត្រព្យាបាលជាច្រើនបែប រួមមានការព្យាបាលដោយរំញោច ការម៉ាស្សា ការចាក់ថ្នាំ និងការព្យាបាលដោយអុកស៊ីសែនជាដើម។
ក្រោយពីបញ្ចប់ការព្យាបាលដំបូងរួច ស្ថានភាពក និងខ្នងរបស់ Rain មានភាពប្រសើរជាងមុនភ្លាមៗ ដោយលោកនិយាយថា៖ “ភាពឈឺចាប់ដែលខ្ញុំមានអម្បាញ់មិញនេះ បានធ្លាក់ចុះច្រើនមែនទែន”៕






















































Account
Security
Favourite Content