ក្រុមហ៊ុនបច្ចេកវិទ្យាជីវៈ Colossal ត្រៀមបណ្ដាក់ទុនចំនួន ៤៣៥លានដុល្លារអាមេរិក ជាមួយនឹងគោលដៅដែលចង់បង្កើតសត្វដែលផុតពូជ ឱ្យមានជីវិតរស់ឡើងវិញ។

ការបង្កើតសត្វដែលផុតពូជទៅហើយ ឱ្យត្រឡប់មកមានជីវិតវិញ អាចនឹងមែនរឿងដែលមិនអាចទៅរួចដូចពីមុនទៀតទេ ព្រោះបច្ចុប្បន្ននេះ វិស្វកម្មហ្សែន និងជីវវិទ្យាសំយោគកំពុងតែមានការអភិវឌ្ឍទៅមុខគួរឱ្យកត់សម្គាល់។ ជាក់ស្ដែង ក្រុមហ៊ុន Colossal Biosciences កំពុងតែធ្វើការយ៉ាងមមាញឹកទៅលើគម្រោងស្ដារឡើងវិញ នូវជីវិតរបស់ ដំរី Woolly Mammoth បក្សី Dodo និងខ្លា Tasmanian ដែលបានផុតពូជអស់ពេលរាប់ឆ្នាំមកហើយ។
យោងតាម CNN ដើម្បីអាចធ្វើឱ្យគម្រោងខាងលើនេះទទួលបានជោគជ័យ អ្នកវិទ្យាសាស្ត្រអាចនឹងប្រើប្រាស់បច្ចេកទេសចំនួន ៣ គឺ ការក្លូន (Cloning) វិស្វកម្មហ្សែន (Genetic Engineering) និងការបង្កាត់ពូជបែបបុរាណ (Traditional Back Breeding)។

ជាក់ស្ដែង ការក្លូន គឺជាវិធីសាស្ត្រដែលអាចបង្កើតសត្វនានា សឹងតែដូចគ្នាបេះបិទទៅនឹងហ្សែនដើម។ តួយ៉ាង កាលពីជាង ៣០ឆ្នាំមុន អ្នកវិទ្យាសាស្រ្តធ្លាប់បានក្លូនថនិកទីមួយ គឺ Dolly the Sheep បានជោគជ័យម្ដងរួចមកហើយ។ ទន្ទឹមគ្នានេះកាលពីពេលថ្មីៗកន្លងទៅ អ្នកវិទ្យាសាស្រ្តក៏ធ្លាប់បានក្លូន Black-Footed Ferret ដែលកំពុងតែស្ថិតក្នុងកម្រិតគ្រោះថ្នាក់ បានជោគជ័យដូចគ្នា។ ក៏ប៉ុន្តែអ្វីដែលជាឧបសគ្គនោះគឺថា ដំណើរការទាំងមូលនៃការក្លូន ត្រូវបានលាក់បាំង និងទំនងជាមិនអាចប្រើប្រាស់បានសម្រាប់សត្វដែលបានផុតពូជអស់ពេលជាយូរឆ្នាំមកហើយនោះទេ។
ដោយឡែកសម្រាប់អ្នកវិទ្យាសាស្រ្តមកពី Grazelands Rewilding វិញ អ្នកវិទ្យាសាស្រ្តក្រុមនេះបានប្រើប្រាស់ការបង្កាត់ពូជតាមបែបប្រពៃណីដើម្បីធ្វើឱ្យសត្វគោ Aurochs ដែលបានផុតពូជតាំងតែពីសតវត្សទី១៧ ត្រឡប់មកមានជីវិតវិញ។ ជាក់ស្ដែង ក្រុមអ្នកវិទ្យាសាស្រ្តពីប្រទេសហូឡង់មួយនេះ បានបង្កាត់ពូជសត្វគោចញ្ចឹម ដែលជាសែស្រឡាយរបស់សត្វគោ Aurochs គួបផ្សំនឹងចំណេះដឹងផ្នែកហ្សែន អស់ ៧ជំនាន់រួចហើយ ព្រមទាំងបញ្ចាក់ថា សត្វគោជំនាន់ថ្មីនេះមានហ្សែនដូចគ្នានឹងគោ Aurochs រហូតដល់ទៅ ៩៩ភាគរយ។

ដូចគ្នាដែរ នៅក្នុងបេសកកម្មដែលចង់ឃើញដំរី Mammoth បក្សី Dodo និងខ្លា Tasmanian មានជីវិតឡើងវិញនេះ អ្នកវិទ្យាសាស្ត្ររបស់ Colossal នឹងពឹងផ្អែកទៅលើហ្សែនរបស់សត្វក្នុងអម្បូរដែលនៅមានជីវិតរស់នៅ និងមានសែស្រឡាយជិតគ្នាបំផុតទៅនឹងសត្វទាំង ៣នេះ។ តួយ៉ាង អម្បូរសត្វដែលមានសែស្រឡាយជាមួយគ្នានឹងដំរី Mammoth គឺសត្វដំរីអាស៊ី។
ក្រុមហ៊ុនខាងលើនេះ បានរាយការណ៍ពីការងាររបស់ខ្លួនបន្ថែមថា សម្រាប់ដំរី Mammoths កំពុងតែមានដំណើរទៅមុខយ៉ាងរលូន ស្របពេលដែលខ្លា Tasmanian មានដំណើរការរហ័សជាងអ្វីដែលបានគ្រោងទុក ដោយឡែកបក្សី Dodo ជាសត្វដែលបានជួបប្រទះនឹងបញ្ហាច្រើនជាងគេ។


លោក Beth Shapiro ដែលជាប្រធានផ្នែកវិទ្យាសាស្រ្តពី Colossal បានប្រាប់ CNN ថា៖ “វាមិនអាចទៅរួចទេ នៅពេលដែលចង់បានឥរិយាបថ សរីរវិទ្យា និងហ្សែនឱ្យមានលក្ខណៈដូចគ្នា ១០០ភាគរយទៅនឹងថនិកសត្វទាំងនោះ។ នៅពេលដែលពូជសត្វណាមួយបានបាត់បង់ គឺបានបាត់បងហើយ។ ដូច្នេះ យើងត្រូវវិនិយោគដើម្បីឱ្យប្រាកដចិត្តថានឹងគ្មានអ្វីត្រូវផុតពូជបន្តទៀត”។
ដ្បិតគម្រោងខាងលើនេះ ប្រៀបបានទៅនឹងពន្លឺថ្មីមួយសម្រាប់ជីវិតនៅលើពិភពលោកក្ដី ក៏ប៉ុន្តែអ្នកជំនាញមួយចំនួនបានយល់ឃើញថា វាជាគម្រោងមួយដែលស្ទើរតែមិនអាចទៅរួច ព្រោះបរិយាកាសក្នុងពេលបច្ចុប្បន្ននេះមានការផ្លាស់ប្ដូរច្រើន ហើយបើសិនជាសត្វដែលផុតពូជទៅហើយនោះ ត្រឡប់មកមានជីវិតឡើងវិញ ក៏អាចនឹងជួបប្រទះនឹងបញ្ហានៃការរស់រានមានជីវិតក្នុងប្រព័ន្ធអេកូឡូស៊ីថ្មីនេះដែរ។


គួរបញ្ចាក់ផងដែរថា ក្រុមហ៊ុនបច្ចេកវិទ្យាជីវៈមួយនេះបានបង្កើតឡើង ដោយលោក Ben Lamm និង លោក George Church កាលពីឆ្នាំ ២០២១ ជាមួយនឹងដើមទុនដំបូងត្រឹម ១៥លានដុល្លារអាមេរិក មុននឹងចំនួននេះបានកើនឡើងជាបន្តបន្ទាប់ រហូតមកដល់ ៤៣៥លានដុល្លារអាមេរិក ក្រោយពីបន្ថែមទឹកប្រាក់ចំនួន ២០០លានដុល្លារអាមេរិកបន្ថែមទៀត នៅដើមឆ្នាំ ២០២៥នេះ៕
























































Account
Security
Favourite Content