ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យផងដែរ។

Jiko bukken គឺជាពាក្យដែលប្រជាជនជប៉ុនសំដៅទៅលើផ្ទះណាដែលធ្លាប់មានមនុស្សស្លាប់ក្នុងស្ថានភាពគួរឱ្យរន្ធត់ ដូចជា ឃាតកម្ម ការធ្វើអត្តឃាត អគ្គិភ័យ ឬការស្លាប់របស់អ្នករស់នៅតែម្នាក់ឯងជាដើម។ ផ្ទះប្រភេទនេះ តែងមានតម្លៃទាបជាងទីផ្សារប្រមាណពី ១០ ទៅ ៥០ ភាគរយ អាស្រ័យទៅលើកម្រិតនៃភាពរន្ធត់នៃការស្លាប់របស់អ្នករស់នៅមុន។ យ៉ាងណាមិញ ពីមុនមក មនុស្សជាច្រើននៅតែព្យាយាមចៀសវាង jiko bukken ដោយសារតែមានជំនឿលើផ្លូវងងឹត តែអាចនឹងមិនមែនដូច្នេះទៀតទេក្នុងពេលបច្ចុប្បន្ន។
ទន្ទឹមគ្នានឹងការចាប់អារម្មណ៍ខ្លាំងលើ jiko bukken នេះហើយ ទើបធ្វើឱ្យ “សេវាកម្មកម្ចាត់ខ្មោច” ទទួលបានប្រជាប្រិយភាពកើនឡើងជាបន្តបន្ទាប់តាមពីក្រោយមក។ ជាក់ស្ដែង ក្រុមហ៊ុន Kajimode នៅទីក្រុងតូក្យូ បានផ្តល់សេវាកម្មត្រួតពិនិត្យ jiko bukken ដោយប្រើប្រាស់កាមេរ៉ាចាប់កម្តៅ និងឧបករណ៍ផ្សេងៗទៀតដើម្បីស្វែងរកព្រលឹង ឬអ្វីដែលមើលមិនឃើញ។ ក្នុងករណីដែលរកមិនឃើញរឿងរ៉ាវលើសពីធម្មជាតិទេ ក្រុមហ៊ុននឹងចេញលិខិតបញ្ជាក់ជូនថា ផ្ទះនោះគ្មានខ្មោចលងឡើយ។
ឧទាហរណ៍មួយទៀតគឺ សេវាកម្មជួលមនុស្សឱ្យទៅគេងចាំផ្ទះខ្មោច ដោយម្ចាស់ផ្ទះអាចចំណាយប្រាក់រហូតដល់ ៨៨ ០០០ យ៉េន ឬប្រមាណ ៥៤០ ដុល្លារអាមេរិក ដើម្បីបង្ហាញឱ្យអ្នកទិញ ឬអ្នកជួលដឹងថា ផ្ទះនោះមានសុវត្ថិភាព មិនមានអព្ភូតហេតុរន្ធត់អ្វីនោះឡើយ។

ការស្ទង់មតិកាលពីខែមីនា កន្លងទៅ បានបង្ហាញថា តម្លៃបន្ទប់ប្រភេទស្ទូឌីយោសម្រាប់ជួល នៅកណ្តាលក្រុងតូក្យូ បានកើនឡើង ១៣ ភាគរយ បើធៀបនឹងឆ្នាំមុន ដែលនេះជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានជាប់ៗគ្នារហូតដល់ ២២ ខែមកហើយ។ ឆ្លើយតបនឹងបញ្ហានេះ លទ្ធផលស្ទង់មតិនាពេលថ្មីៗ បានចង្អុលបង្ហាញថា ប្រជាជនជប៉ុនកាន់តែច្រើនកំពុងពិចារណារស់នៅក្នុង jiko bukken។
ចំណែកឯអ្នកវិនិយោគវិញ ក៏មានការចាប់អារម្មណ៍លើផ្ទះប្រភេទនេះខ្លាំងជាងមុនដែរ។ ដោយហេតុថា នៅក្នុងប្រទេសជប៉ុនមានច្បាប់ដែលចែងថា ម្ចាស់ផ្ទះមិនចាំបាច់លាតត្រដាងព័ត៌មានពីការស្លាប់នៅក្នុងផ្ទះឡើយ បន្ទាប់ពីហេតុការណ៍ទាំងនេះកន្លងផុតទៅ ៣ ឆ្នាំ។

ទន្ទឹមគ្នាដែរ កាលពីឆ្នាំ ២០២១ រដ្ឋាភិបាលជប៉ុនធ្លាប់បានចេញគោលការណ៍ណែនាំថា ម្ចាស់ផ្ទះដែលមានករណីស្លាប់បែប kodokushi ដែលជាការស្លាប់ដោយម្នាក់ឯង និងមិនមានអ្នកដឹងរយៈពេលយ៉ាងហោចណាស់ ៨ ថ្ងៃ មិនចាំបាច់លាតត្រដាងព័ត៌មាននោះឡើយ។ ដូច្នេះ សម្រាប់អ្នកវិនិយោគដែលបានទិញ jiko bukken នៅពេលបញ្ចុះតម្លៃ អាចបង្កើតប្រាក់ចំណេញបាន ប្រសិនបើលក់បន្តក្នុងតម្លៃពេញនៅពេលក្រោយ។
មិនថាខ្មោចមានពិត ឬមិនមានពិតនោះទេ ប៉ុន្តែអ្វីដែលពិតប្រាកដនោះគឺ jiko bukken មិនមែនគ្រាន់តែជារឿងផ្ទះខ្មោចដែលគេនិយាយតៗគ្នាទៀតឡើយ ប៉ុន្តែវាបានឆ្លុះបញ្ចាំងពីសង្គមជប៉ុនដែលកំពុងប្រឈមមុខនឹងបញ្ហាប្រជាជន ការកើនឡើងនៃការចំណាយក្នុងការរស់នៅ និងទីផ្សារអចលនទ្រព្យដែលកំពុងផ្លាស់ប្តូរ៕























Account
Security
Favourite Content