បទចម្រៀង «នួននាង» ច្រៀងដោយតារាចម្រៀងវ័យក្មេង សំឡេងផ្អែមត្រជាក់ ម៉ម ពេជ្ជរិទ្ធ នៅតែជាចម្រៀងមួយបទ ស្ដាប់មិនចេះជិនណាយ។ មិនត្រឹមតែពីរោះលន្លង់លន្លោច នាំអារម្មណ៍អ្នកស្ដាប់ស្រមៃនឹកឃើញទៅដល់រូបភាព ដ៏ស្រស់ត្រកាលនៃធម្មជាតិ និង វីរភាពរបស់មន្ត្រីឧទ្យានុរក្សនោះទេ តែចម្រៀងមួយបទនេះ បង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅ បើអ្នកស្ដាប់ដោយប្រើបេះដូង។


នួននាង ជាចម្រៀងមួយបទ តាក់តែង និពន្ធទំនុកច្រៀងដោយ លោកជំទាវ ឌិត នីតា សម្រួលទំនុកច្រៀងដោយលោក ជួប ប៉ារីស និងនិពន្ធបទភ្លេងដោយលោក សួង ទិតធានី (គ្រូបា)។ វីដេអូចម្រៀងផ្ដិតយកទិដ្ឋភាពនៅតំបន់ព្រៃភ្នំជាច្រើនកន្លែង ក្នុងប្រទេសកម្ពុជា បង្ហាញសម្រស់ដ៏ត្រកាលនៃព្រៃព្រឹក្សា អមជាមួយនឹងចម្រៀងពោរពេញដោយអត្ថន័យ។ ចម្រៀងនេះដែរ អ្នកនិពន្ធបានឆ្លុះបញ្ចាំងពីក្ដីស្រឡាញ់ និងវីរភាពរបស់មន្ត្រីឧទ្យានុរក្ស ក្នុងការលះបង់កម្លាំងកាយចិត្តដើម្បីថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស។

តាមរយៈអត្ថន័យខាងលើនេះ ធ្វើឱ្យយើងបានជ្រួតជ្រាបអំពីជម្រៅចិត្តនៃក្ដីស្រឡាញ់របស់មន្ត្រីឧទ្យានុរក្ស ចំពោះធនធានធម្មជាតិ ពួកគាត់នេះហើយ គឺជាអ្នកលះបង់ដ៏ធំធេង ស៊ូរស់នៅឆ្ងាយផ្ទះ រស់នៅក្នុងព្រៃជាមួយនឹងធម្មជាតិ។ អត្ថន័យចម្រៀងមួយបទនេះ គឺពិតជាស័ក្ដិសមណាស់ ដើម្បីលើកទឹកចិត្ត ទៅដល់មន្ត្រីឧទ្យានុរក្សគ្រប់រូបរបស់កម្ពុជា បង្ហាញអំពីការដឹងគុណនូវការលះបង់ដ៏ធំធេងមួយនេះ។

រីឯចំណងជើងបទចម្រៀង វិញនោះ ក៏បានបង្កប់អត្ថន័យ អំពីរុក្ខជាតិម្យ៉ាង ដែលមានឈ្មោះ «នាងនួន»។ អ្នកនិពន្ធបានជ្រើសរើសពាក្យនាងនួន ធ្វើជាចំណងជើង គឺតំណាងឱ្យរុក្ខទេវតាថែរក្សាព្រៃព្រឹក្សា ជានាមរបស់ប្រភេទរុក្ខជាតិម្យ៉ាងដែលប្រជាជនខ្មែរនិយមហៅថា “នាងនួន”។

ទាក់ទងនឹងបទចម្រៀងដ៏ពីរោះរណ្ដំនេះដែរ នឹងមានបទចម្រៀងមួយបទទៀត ឆ្លើយតបទៅនឹងបទ ចម្រៀងនួននាង របស់ ពេជ្ជរិទ្ធ ដែលនឹងចេញជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ ដែលជាស្នាដៃនិពន្ធ ដោយលោក ជំទាវ ឌិត នីតា។ ដូចនេះសូមប្រិយមិត្តទាំងអស់រង់ចាំតាមដាននៅលើ AMS-Infotainment ថា តើបទចម្រៀងបទ ឆ្លើយតបទៅនឹងបទ នួននាង នេះ ច្រៀងដោយតារាចម្រៀងរូបណា និងមានអត្ថន័យពិសេសបែបណា។ សូមរង់ចាំតាមដានទាំងអស់គ្នា៕
ទស្សនាបទ នួននាង៖




















































Account
Security
Favourite Content