ផាត់សណ្តាយ ជាសហគមន៍អេកូទេសចរណ៍ធម្មជាតិដ៏មានសក្តានុពលមួយស្ថិតក្នុងខេត្តកំពង់ធំ។ មានទំហំផ្ទៃដីប្រមាណ ២៣,០០០ហិកតា សហគមន៍ដែលស្ថិតក្នុង ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានជីវជម្រុះដ៏សម្បូរបែប ជាទីឋានដ៏ស្រស់ត្រកាលក្នុងចិត្តទេសចរដែលនិយមដំណើរកម្សាន្តបែបសហគមន៍ និងទេសចរណ៍ធម្មជាតិ។

សហគមន៍អេកូទេសចរណ៍ ផាត់សណ្តាយ មានព្រៃសហគមន៍ ព្រៃលិចទឹកជាច្រើនហិកតា ការទស្សនាសត្វស្លាបចម្រុះជាច្រើនប្រភេទ ឱ្យចំណី និងទស្សនាត្រីមេពូជ ទស្សនាព្រែកអភិរក្សទាំង៥របស់សហគមន៍ សេវាកម្មផ្ទះស្នាក់ បោះតង់ ម្ហូបអាហារ មានកាណូតតូចធំ សម្រាប់ដឹកភ្ញៀវជិះកម្សាន្តតាមព្រៃសហគមន៍ ទស្សនាថ្ងៃរះនិងថ្ងៃលិចនៅផ្ទៃបឹងទន្លេសាបជាដើម។
សហគមន៍ទេសចរណ៍ធម្មជាតិ ដែលបង្កើតឡើងតាំងពីឆ្នាំ ២០១៩នេះ មានចម្ងាយប្រមាណត្រឹមជាង ៥០គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំ។ ទេសចរដែលមានបំណងទៅទស្សនាសហគមន៍មួយនេះមានជម្រើសច្រើនបែបក្នុងការធ្វើដំណើរ ដោយគេអាចធ្វើដំណើរតាមផ្លូវទឹកតាមរយៈកាណូតរបស់សហគមន៍ចេញពីទីរួមខេត្តតាមស្ទឹងសែន មកកាន់សហគមន៍ និងតាមរយៈផ្លូវគោកដោយរថយន្ត ឬម៉ូតូ។
គួរបញ្ជាក់ថា សហគមន៍ទេសចរណ៍ ផាត់សណ្តាយមានប្រជាជនរស់នៅជុំវិញនោះប្រមាណជាង ១ពាន់គ្រួសារ ដែលភាគច្រើនពឹងផ្អែកលើវិស័យទេសចរណ៍។ ភ្ញៀវទេសចរដែលបានទៅដល់សហគមន៍ដែលស្ថិតនៅលើបឹងទន្លេសាបនេះ មិនត្រឹមតែអាចសម្រាកលម្ហែកាយ និងទស្សនាធនធានធម្មជាតិក្នុងខេត្តកំពង់ធំប៉ុណ្ណោះទេ តែក៏អាចស្វែងយល់បានពីរបៀបរស់នៅរបស់បងប្អូនប្រជាសហគមន៍ដែលរស់នៅលើបឹងទន្លេសាប និងនៅក្បែរព្រៃលិចទឹក៕






























Account
Security
Favourite Content