តារាសម្ដែងប្រុស លឹម ជាឡាយ បានចូលប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេល ២០ ឆ្នាំហើយ ដោយមានទាំងស្នាដៃថ្មីចាស់ច្រើន ហើយក៏ជាតារាមានបទពិសោធន៍ក្នុងកិច្ចការជំនួញដែរ។

ថ្មីៗនេះលោក លឹម ជាឡាយ តួឯកប្រុសរឿង “ថ្ងៃមុនស្អប់ ថ្ងៃនេះស្រឡាញ់” បានសម្រេចចិត្តបោះជំហានចូលក្នុងពិភពជំនួញ ដោយខ្លួនលោកផ្ទាល់ជាអគ្គនាយក (CEO) នៃផលិតផលថែរក្សាសម្រស់ ALIKA ក្នុងគោលបំណងនាំយកផលិតផលមានគុណភាពស្តង់ដារមកជូនប្រជាជនកម្ពុជា និងចូលរួមចំណែកជំរុញសេដ្ឋកិច្ចជាតិ តាមរយៈការនាំចូលផ្ទាល់។
លឹម ជាឡាយ បានប្រាប់ឱ្យអ្នកសារព័ត៌មានដឹងថា ការបង្កើតប្រេន ALIKA នេះ មិនមែនធ្វើឡើងតាមការនឹកឃើញភ្លាមៗនោះទេ ប៉ុន្តែលោកនិងក្រុមការងារបានចំណាយពេលសិក្សាស្រាវជ្រាវយ៉ាងហ្មត់ចត់អស់ពេលច្រើនខែ។ Freshie Boy ចំណាត់ថ្នាក់លេខ ១ ជំនាន់ទី៤ ឆ្នាំ ២០០៥ បានបញ្ជាក់ថា «គោលដៅរបស់ខ្ញុំ គឺមិនមែនគ្រាន់តែបង្កើតផលិតផលមកលក់ ដើម្បីចំណេញនោះទេ ប៉ុន្តែអ្វីដែលសំខាន់បំផុតគឺគុណភាព។ ALIKA គឺជាចំណងដៃរូបមន្តកូនខ្មែរ ១០០% ដែលផលិតនៅរោងចក្រខ្នាតធំនៅប្រទេសចិន ស្របតាមស្តង់ដារគុណភាពសហរដ្ឋអាមេរិក»។

បច្ចុប្បន្ន ផលិតផលដំបូងដែលត្រូវបានដាក់លក់ រួមមាន ហ្វមលាងមុខ និងស្កាប់ (Scrub) ហើយបន្ទាប់ទៅទៀត លោកក៏មានផែនការនាំយកផលិតផលដែលមានគុណភាពខ្ពស់ផ្សេងៗទៀត ដើម្បីបម្រើតម្រូវការរបស់ប្រជាជនកម្ពុជា។
ការបោះជំហានចូលក្នុងវិស័យផលិតផលថែរក្សាសម្រស់នាពេលនេះ ក៏ចំពេលដែលចរន្តនៃការគាំទ្រផលិតផលក្នុងស្រុកកំពុងមានសន្ទុះខ្លាំង ខណៈប្រជាជនខ្មែរមួយភាគធំ កំពុងងាកមកប្រើប្រាស់ផលិតផលដែលមានប្រភពច្បាស់លាស់ជំនួសឱ្យផលិតផលនាំចូលពីប្រទេសជិតខាង។ តារាប្រុសវ័យជិត ៤០ ឆ្នាំ លឹម ជាឡាយ បានសង្កត់ធ្ងន់ថា នេះជាឱកាសល្អបំផុតក្នុងការបង្ហាញ សក្ដានុពលកូនខ្មែរថា អាចបង្កើតផលិតផលដែលមានគុណភាពមិនចាញ់ផលិតផលប្រទេសក្រៅឡើយ។
ទោះបីកំពុងមមាញឹកក្នុងតួនាទីជា CEO លឹម ជាឡាយ បានបញ្ជាក់ថា លោកនឹងមិនបោះបង់អាជីពសិល្បៈដែលជាចំណូលចិត្តតាំងពីដើមនោះឡើយ។ ផ្ទុយទៅវិញ លោកមានគម្រោងពង្រីកវិសាលភាពសិល្បៈបន្ថែមទៀត ដោយក្នុងពេលឆាប់ៗនេះ លោកនឹងបង្ហាញវត្តមានក្នុងខ្សែភាពយន្តថ្មីដែលទទួលបានការឧបត្ថម្ភគាំទ្រដោយផ្ទាល់ពី ALIKA Cambodia។

ពិធីសម្ពោធជាផ្លូវការនៃផលិតផល ALIKA ត្រូវបានរៀបចំឡើងយ៉ាងឱឡារិកនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល កាលពីពេលថ្មីៗនេះ ដោយមានការចូលរួមយ៉ាងកុះករពីសំណាក់មិត្តភ័ក្ដិក្នុងរង្វង់សិល្បៈ និងអតិថិជនជាច្រើន។ កម្មវិធីនោះ ក៏មានការលេងហ្គេមកម្សាន្ត ចែករង្វាន់មាស និងការបញ្ចុះតម្លៃពិសេស ដើម្បីជាកាដូដល់អ្នកគាំទ្រផងដែរ។
លើសពីនេះ លោកក៏មានចក្ខុវិស័យវែងឆ្ងាយក្នុងការជ្រើសរើសសិល្បករ-សិល្បការិនីជំនាន់ក្រោយឱ្យមកចូលរួមការងារជាមួយក្រុមហ៊ុន ដើម្បីផ្ដល់ឱកាសការងារ និងជួយជ្រោមជ្រែងវិស័យសិល្បៈខ្មែរកាន់តែរីកចម្រើន៕


រូបភាព៖ ALIKA Cambodia



















































Account
Security
Favourite Content