អាចនិយាយបានថាទេពកោសល្យពីកំណើតរបស់មនុស្សម្នាក់ៗអាចនឹងកើតឡើងតាមរយៈការផ្ទេរពីសមាជិកគ្រួសារពីមួយជំនាន់ទៅមួយជំនាន់។ ជាក់ស្ដែង តារាចម្រៀងរបស់កូរ៉េខាងត្បូងទាំងនេះសុទ្ធតែមានសមាជិកគ្រួសារដែលជាអ្នកសិល្បៈ ដោយមានអ្នកខ្លះមានឪពុកម្ដាយជាអ្នកតារាចម្រៀង តារាសម្ដែង និងអ្នកខ្លះទៀតមានសាច់ញាតិដែលជាអ្នកនៅពីក្រោយផលិតកម្មល្បីទៀតផង។
តស់! មកស្គាល់តារាចម្រៀង K-pop ទាំង ៥រូប ដែលមានឈាមជ័រជាអ្នកសិល្បៈ។
១. Anton សមាជិក RIIZE
នៅក្នុងវិស័យតន្រ្តីប៉ុបកូរ៉េប្រហែលជាគ្មានអ្នកណាទេ ដែលមិនស្គាល់ពីពង្សាវតាររបស់ Anton ដោយហេតុតារាចម្រៀងវ័យ ២០ឆ្នាំរូបនេះមានឳពុកជាសិល្បករតន្រ្តីល្បីឈ្មោះមួយរូបនៅក្នុងប្រទេសកូរ៉េខាងត្បូង គឺលោក Yoon Sang និងមានម្ដាយជាសិល្បការនីផ្នែកសម្ដែង លោកស្រី Shim Hyejin។
ត្បិតធ្លាប់ចេញមុខនៅក្នុងកម្មវិធីទូរទស្សន៍ផ្សេងៗតាំងពីក្មេងក៏ពិតមែន តែឪពុកម្ដាយរបស់ Anton មិនបានគាំទ្រឱ្យកូនប្រុសខ្លួនប្រឡូកក្នុងវិស័យតន្ត្រីឡើយ ដោយតារាប្រុសសញ្ជាតិអាមេរិករូបនេះត្រូវចំណាយពេលជាង ១ឆ្នាំក្នុងការលួងលោម ទើបអ្នកមានគុណទាំងពីរនាក់យល់ព្រម។
២. Sunny សមាជិក Girls’ Generation
អ្នកណាមិនដឹងថា សមាជិកក្រុមចម្រៀងនារីជំនាន់ទី២ ដ៏ល្បីល្បាញដូចជា Sunny ជាក្មួយស្រីរបស់លោក Lee Soo Man ដែលជាអ្នកបង្កើតផលិតកម្មជួរមុខដូចជា SM Entertainment។
ត្បិតមានខ្សែរបណ្ដាញក៏ពិតមែន តែ Sunny មិនបានប្រើប្រាស់វាក្នុងអាជីពរបស់ខ្លួនឡើយ ដោយតារាស្រីវ័យ ៣៥ឆ្នាំរូបនេះបានតស៊ូជាអ្នកហ្វឹកហាត់អស់រយៈពេល ៥ឆ្នាំ និងផ្ដល់ប្ដូរផលិតកម្មម្ដងជាពីរដង មុននឹងក្លាយជាសមាជិកក្រុម Girls’ Generation ដូចដែលអ្នកគាំទ្រស្គាល់ក្នុងពេលសព្វថ្ងៃនេះ។
៣. Belle សមាជិក KISS OF LIFE
មួយក្នុងចំណោមសមាជិកទាំង៤នាក់របស់ក្រុមចម្រៀងនារីជំនាន់ទី ៥ Belle មានដើមកំណើតក្នុងគ្រួសារដែលមានឪពុកជាអ្នកចម្រៀង និងអ្នកនិពន្ធ Shim Shin ដែលជាបុគ្គលមានប្រជាប្រិយភាពមួយរូបប្រចាំទសវត្សរ៍ឆ្នាំ ៩០។ មិនត្រឹមតែប៉ុណ្ណោះទេ នាងក៏ត្រូវជាបងប្អូនជីដូនជាមួយនឹងតារាចម្រៀងស្រីប្រភេទ R&B ដូចជា Cherry Coke ផងដែរ។
តាមគន្លងរបស់គ្រួសារ Belle ក៏ធ្លាប់ធ្វើជាអ្នកនិពន្ធចម្រៀងនៅក្រោមផលិតកម្ម SM Entertainment ផងដែរ មុននាងចាប់ផ្ដើមអាជីពជាអ្នកចម្រៀង K-pop នៅក្នុងឆ្នាំ ២០២៣។
៤. Kim Chaewon សមាជិក LE SSERAFIM
មេក្រុម LE SSERAFIM ក៏ជាតារាដែលរស់នៅក្នុងត្រកូលអ្នកសិល្បៈម្នាក់ដែរ ដោយ Chaewon មានម្ដាយជាសិល្បករសម្ដែងផ្នែកល្ខោនតន្រ្តី លោកស្រី Lee Ran Hee។
គួរបញ្ជាក់ផងដែរថា LE SSERAFIM មិនជាចំណុចចាប់ផ្ដើមដំបូងរបស់នាងក្នុងវិថីសិល្បៈនោះទេ ដោយតារាស្រីវ័យ ២៤ឆ្នាំរូបនេះធ្លាប់ជាអតីតសមាជិករបស់ក្រុមចម្រៀង K-pop និង J-pop Iz*One ផងដែរ។
5. Boram សមាជិក T-ARA
បើនិយាយពីអ្នកដែលចូលចិត្តស្ដាប់បទ Day by Days អ្នកណាមិនស្គាល់ Boram ក៏ប៉ុន្តែអ្នកគាំទ្រអាចនឹងមិនធ្លាប់ដឹងទេថា នាងជាកូនស្រីរបស់អ្នកចម្រៀង Jeon Young Rok និងអ្នកសម្ដែង Lee Mi Young។
ប្រឡូកក្នុងវិស័យសិល្បៈតាំងតែមានអាយុ ២២ឆ្នាំ Boram បានអភិវឌ្ឍខ្លួនជារឿយរហូតអាចក្លាយខ្លួនជាបុគ្គលម្នាក់ដែលមានពហុទេពកោសល្យ មិនថាជាតារាចម្រៀង តារាសម្ដែង និងពិធីការិនីនោះទេ។
ត្បិតមានផលបុណ្យបែបនេះក្ដី តែទាំងអស់នេះមិនបានកំណត់ជោគវាសនារបស់សិល្បករខាងលើនៅក្នុងវិថីសិល្បៈឡើយ។ ពួកគេម្នាក់ៗសុទ្ធសឹងតែទទួលបានឱកាស និងភាពជោគជ័យ ដោយសារតែទេពកោសល្យ សមត្ថភាព និងការតស៊ូព្យាយាមរបស់ខ្លួនឯងផ្ទាល់៕