ក្មេងស្រីម្នាក់នេះបាន Debut នៅអាយុ ១៥ឆ្នាំ ក្លាយជាអាយដលក្នុងដួងចិត្តមនុស្សជាច្រើន គឺជាទេពធីតារបស់អ្នកលេងបណ្ដាញសង្គម និងជាក្មេងតូចដែលជនជាតិកូរ៉េខាងត្បូងកោតសរសើរ ប៉ុន្តែបែរជាមានហេតុការណ៍ដែលនឹកស្មានមិនដល់ ធ្វើឱ្យនាងសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងនៅអាយុត្រឹម ២៥ឆ្នាំ។ តើហេតុផលអ្វីធ្វើឱ្យនាងដើរដល់ផ្លូវទ័លបែបនេះ? ខាងក្រោមនេះ AMS សូមបង្ហាញពីរឿងរ៉ាវរបស់ Sulli តារាស្រីល្បីឈ្មោះរបស់កូរ៉ខាងត្បូង។




នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ អ្នកចាត់ការរបស់ Sulli បានទាក់ទងទៅ Sulli ដូចធម្មតា ប៉ុន្តែបែរជាមិនអាចទាក់ទងបាន ដូច្នេះហើយនាងក៏បានប្រញាប់ធ្វើដំណើរទៅកន្លែងស្នាក់នៅរបស់ Sulli នៅទីក្រុង Seongnam ខេត្ត Gyeonggi។ បន្ទាប់ពីដើរចូលទៅក្នុងផ្ទះ គេក៏បានប្រទះឃើញ Sulli ដែលស្ថិតក្នុងវ័យ ២៥ឆ្នាំលែងមានជីវិតបាត់ទៅហើយ។ បន្ទាប់ពីទទួលបានការរាយការណ៍ ប៉ូលីសក៏បានប្រញាប់ប្រញាល់ទៅទីកន្លែងកើតហេតុ។ តាមរយៈការឆែកឆេ ពួកគេបានរកឃើញថា នៅក្នុងផ្ទះពុំមានស្លាកស្នាមចូលលុកលុយនោះឡើយ ដូច្នេះគេក៏លែងសង្ស័យថានេះជាករណីឃាតកម្ម។ Sulli បានជ្រើសបញ្ចប់ជីវិតខ្លួនឯងក្នុងវ័យដែលជីវិតកំពុងរីករុងរឿង។ នាងមានអាយុត្រឹមតែ ២៥ឆ្នាំ ជាតារាស្រីល្បីឈ្មោះរបស់ប្រទេសកូរ៉េ និងជាអតីតសមាជិកក្រុម f(x) ដែលជាក្រុមនារីល្បីឈ្មោះមួយផងដែរ។ កំពុងមានអនាគតល្អ ជីវិតនិងការងារក៏ទើបតែចាប់ផ្ដើម តែហេតុអ្វីបានជានាងសុខចិត្តបោះបង់ជីវិតខ្លួនឯង?
ខ្សែជីវិតរបស់ Sulli
នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ១៩៩៤ Sulli បានកើតនៅក្រុងប៊ូសាន។ មុននឹងបាន Debut ជាតារាខេប៉ុប នាងធ្លាប់ចូលរួមសម្ដែងក្នុងភាពយន្តជាច្រើនរឿងក្នុងនាមជាតារាសម្ដែងកុមារប៉ុន្តែគ្រាន់តែជាតួរាយរង ឬតួដែលចេញមួយឈុតៗតែប៉ុណ្ណោះ។ នៅពេលនោះ ក្រុមអ្នករកតារារបស់ SM Entertainment ក៏បានមកជួប Sulli នៅទីតាំងថត ហើយក៏បបួលនាងទៅធ្វើតេស្តនៅក្រុមហ៊ុន។ ពេលនោះ SM Entertainment គឺជាក្រុមហ៊ុនកម្សាន្តឈានមុខគេរបស់កូរ៉េខាងត្បូង។ មនុស្សជាច្រើនមានក្ដីស្រមៃចង់ចូលផលិតកម្មនេះ។ នៅឆ្នាំ២០០៥ ក្រោយឆ្លងកាត់ការជម្រុះជាច្រើនវគ្គ Sulli នៅអាយុត្រឹមតែ១១ឆ្នាំក៏បានចូលរួមជា Trainee របស់ក្រុមហ៊ុន SM ជាផ្លូវការ។

នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០០៩ Sulli ក៏បាន Debut ក្នុងនាមជាសមាជិកក្រុម f(x) ដែលជាក្រុមនារី ដ៏ល្បីល្បាញ។ កាលនោះ ក្រុមរបស់នាងមានឈ្មោះល្បីល្បាញខ្លាំងនៅកូរ៉េខាងត្បូង ខណៈដែលបង្ហាញមុខមិនបានប៉ុន្មាន ពួកគេក៏ទទួលបានពានរង្វាន់សិល្បករថ្មីឆ្នើម ហើយបន្ទាប់ពីនោះក៏បានទទួលពានរង្វាន់ជាច្រើនទៀត ដូចជាពានរង្វាន់ក្រុមចម្រៀងពេញនិយមក្នុងកម្មវិធី Korean Music Awards លើកទី៨ និងពានរង្វាន់ Best Dance Performance សម្រាប់ក្រុមនារី ពីកម្មវិធី Mnet Asian Music Awards ឆ្នាំ២០១២ ជាដើម។

ពេលនោះ Sulli មានអ្នកគាំទ្រច្រើនខ្លាំង ដូច្នេះហើយក្រុមហ៊ុន SM ក៏បានជំរុញនាងឱ្យបានក្លាយជាតារាសម្ដែង និងបានក្លាយជាតួឯកស្រីក្នុងភាពយន្តជាច្រើនរឿង។ សិស្សច្បងក្នុងរង្វង់សិល្បៈក៏ស្រលាញ់ចូលចិត្តនាងជាច្រើន។ រូបភាពដែលគេចងចាំអំពី Sulli គឺភាពទន់ភ្លន់ ក្មេងខ្ចី គួរឱ្យស្រលាញ់ ស្បែកស និងទម្រង់មុខស្អាត។ នៅពេល Sulli មានស្នាដៃចេញមកកាន់តែច្រើន នាងក៏បានក្លាយជាទេពធីតាតូចមួយរូបដែលអ្នកលេងបណ្ដាញសង្គមគ្រប់គ្នាស្រលាញ់ចូលចិត្ត។
ចំណុចផ្លាស់ប្ដូរក្នុងជីវិត
រហូតមកដល់ខែកក្កដា ឆ្នាំ២០១៣ ចំណុចផ្លាស់ប្ដូរនៃជីវិតរបស់ Sulli ក៏បានចាប់ផ្ដើម បន្ទាប់ពីរឿងរ៉ាវស្នេហារបស់នាងត្រូវបានលាតត្រដាង។ នៅពេលនោះ Sulli មានអាយុ ២០ឆ្នាំ ប៉ុន្តែនាងបានទាក់ទងជាមួយតារាចម្រៀងប្រុស Choiza ដែលមានអាយុច្រើនជាងនាង ១៤ឆ្នាំ។ នៅប្រទេសកូរ៉េខាងត្បូង ការហាមប្រាមមិនឱ្យអ្នកចម្រៀងមានស្នេហាបានក្លាយជាច្បាប់ទូទៅក្នុងគ្រប់ផលិតកម្មទៅហើយ។ ប្រសិនបើមានតារាណាម្នាក់ មានចេតនាលាក់បាំងជីវិតស្នេហាខ្លួនឯង ហើយត្រូវគេលាតត្រដាងនៅពេលក្រោយនោះ ផ្លូវជីវិតរបស់តារាម្នាក់នោះនឹងមិនងាយស្រួលនោះឡើយ។ នៅពេលដែលអ្នកគាំទ្រជាច្រើនមានអារម្មណ៍ថាពួកគេត្រូវបានបោកប្រាស់ ពួកគេនឹងចាប់ផ្ដើមបញ្ចេញមតិវាយប្រហារ ឬអាចនឹងធ្វើរឿងធ្ងន់ធ្ងរជាងនេះទៅទៀត។

បើទោះបីជាខាងផលិតកម្មរបស់ Sulli បានប្រញាប់ចេញមកបំភ្លឺភ្លាមៗថា Sulli និង Choiza គ្រាន់តែជាមិត្តនឹងគ្នា ប៉ុន្តែនៅខែសីហា ឆ្នាំ២០១៣ Sulli ក៏ចេញមុខទទួលស្គាល់យ៉ាងបើកចំហរថាខ្លួនកំពុងមានទំនាក់ទំនងស្នេហាជាមួយ Choiza។ បន្ទាប់ពីនោះក៏មាន anti fan ចាប់ផ្ដើមបញ្ចេញមតិលើអ៊ិនធិណិតដើម្បីវាយប្រហារ Sulli។ នៅពេលដែល Sulli ទៅមន្ទីរពេទ្យព្រោះមិនស្រួលខ្លួន anti fan ក៏បង្កើតពាក្យចចាមអារ៉ាមថា Sulli ប្រើជីវិតភ្លើតភ្លើនរហូតដល់កើតរោគស្ត្រី។ នៅពេលដែល Sulli បណ្ដោយខ្លួនញ៉ាំច្រើន anti fan ក៏និយាយថា Sulli មានផ្ទៃពោះ ហើយកូនក្នុងពោះគឺជាកូនអ្នកនេះ កូនអ្នកនោះ។ នៅពេលដែល Sulli ឡើងយន្តហោះនិងមានអាការមិនសូវស្រួល ក៏មានពាក្យចចាមអារ៉ាមថានាងបានសេពសារធាតុមិនល្អ ឬផឹកគ្រឿងស្រវឹងជាដើម។ សរុបរួមៗគឺសុទ្ធតែជាពាក្យចចាមអារ៉ាមគ្មានហេតុផល។


នៅអាយុត្រឹមតែ ២០ឆ្នាំ Sulli ត្រូវប្រឈមនឹងសម្ពាធដ៏មហាសាល។ ហេតុផលដំបូងគឺដោយសារនាងគឺជាអ្នកដែលបើកចំហររឿងស្នេហាដោយខ្លួនឯងរហូតដល់ផែនការស្ដារកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនត្រូវបានបំផ្លាញ ដូច្នេះគេអាចដឹងមុនបាត់ទៅហើយថានឹងមានផលបែបណាចំពោះវិថីអាជីពរបស់នាងនាពេលអនាគត។ ក្រៅពីឧបសគ្គរឿងការងារ មួយថ្ងៃៗ Sulli ត្រូវប្រឈមមុខជាមួយការ Bully លើអ៊ិនធឺណិត និងពាក្យជេរត្មះតិះដៀលជាច្រើនរបស់ហ្វេនៗ។ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤ ក្រុមហ៊ុន SM បានចេញសេចក្ដីថ្លែងការណ៍ថាមួយរយៈចុងក្រោយនេះ មាន Comment ដែលបង្កប់ចេតនាមិនល្អ រួមទាំងព័ត៌មានចចាមអារ៉ាមដែលគ្មានការពិតចេញមកជាច្រើន ធ្វើឱ្យ Sulli មានអាការហត់នឿយទាំងផ្លូវកាយនិងផ្លូវចិត្ត ដូច្នេះហើយក្រុមហ៊ុនសម្រេចចិត្តផ្អាកការហាត់សម និងការងារសម្ដែងរបស់ Sulli មួយរយៈ។


នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៥ Sulli ក៏ចេញមកប្រកាសថានាងនឹងផ្ដោតសំខាន់លើការងារសម្ដែង ដូច្នេះហើយនាងបានសម្រេចចិត្តចាកចេញពីក្រុម f(x)។ បន្ទាប់ពីនោះ Sulli ក៏ហាក់ដូចជាដកសម្ពាធធំមួយចេញខ្លួន និងបានចាប់ផ្ដើមជីវិតរស់នៅតាមបែបរបស់ខ្លួនឯងយ៉ាងឯករាជ្យ។ នាងតែងតែបង្ហោះរូបភាពខ្លួនឯងលើអ៊ិនស្តាក្រាម ដោយភាគច្រើនគឺជារូបភាពដែលមើលទៅរាងសិចស៊ី និងមានរូបគូជាមួយមិត្តប្រុសក្នុងលក្ខណៈស្និទ្ធស្នាលថែមទៀតផង។ អាចនិយាយបានថាជាការផ្លាស់ប្ដូរ ៣៦០ដឺក្រេ។ ដំបូងៗក្រុមអ្នកគាំទ្ររបស់នាងជាច្រើនមិនអាចទទួលយកបាននោះទេ ព្រោះរូបភាពរបស់ Sulli ក្នុងកែវភ្នែករបស់គ្រប់គ្នាគឺជាក្មេងស្រីតូចបរិសុទ្ធ ជាព្រះនាងរបស់មហាជន គួរឱ្យស្រលាញ់ ក្មេងខ្ចី ប៉ុន្តែសុខៗបែរជាផ្លាស់ប្ដូរស្ទីលតែងខ្លួនភ្លាមៗមកជាបែបសិចស៊ី ជាមនុស្សធំពេញវ័យ ដែលនាំឱ្យមានមតិចម្រូងចម្រាសទ្រង់ទ្រាយធំមិនធ្លាប់មានលើបណ្ដាញសង្គមកូរ៉េខាងត្បូង។


ក្រៅពីនេះ Sulli ក៏ចាប់ផ្ដើមទទួលការងារថតភាពយន្តខ្នាតធំ ហើយក្រៅពីការងារសម្ដែងនាងក៏ឧស្សាហ៍ Live វីដេអូជាប្រចាំ។ រូបបែប Live របស់នាងគឺមើលទៅធម្មជាតិខ្លាំង ពោលគឺនាងតែងតែនិយាយលេងជាមួយហ្វេនៗដោយមិនផាត់មុខ ហើយកំឡុងពេលដែលនាង Live នោះក៏តែងតែមានមនុស្សចូលមកជេរ និងវាយប្រហារ Sulli ដូចគ្នា ប៉ុន្តែនាងនៅតែរក្សាជំហររហូតអាចឆ្លងកាត់មកបាន។ ទោះជារវល់ការងារខ្លាំង ប៉ុន្តែនៅពេល Live ម្ដងៗ Sulli មើលទៅមានភាពស្រស់ស្រាយ និងមានស្នាមញញឹមជាប់ជានិច្ច ជាមនុស្សស្រីមាឌតូចដែលមើលទៅរឹងមាំ។
ចាប់ផ្ដើមបាក់ទឹកចិត្ត
បើទោះបីជា Sulli អាចស៊ូទ្រាំជាមួយសម្ពាធពី Comment ជាច្រើនលើអ៊ិនធឺណិត ប៉ុន្តែសង្សាររបស់នាងបែរជាមិនអាចទទួលយកបាន ហើយនៅទីបំផុត ទំនាក់ទំនងរបស់ពួកគេក៏ត្រូវបានបញ្ចប់។ នៅខែមីនា ឆ្នាំ២០១៧ Sulli ដែលរងសម្ពាធពីបញ្ហាផ្សេងៗស្រាប់ទៅហើយ ក៏មានអារម្មណ៍ថាទ្រាំលែងបាន ហើយបន្ទាប់ពីបែកបាក់ស្នេហា Sulli ធ្លាប់បាននិយាយថា៖ “ខ្ញុំត្រូវបានមនុស្សជុំវិញខ្លួនធ្វើបាបផ្លូវចិត្តខ្លាំង ខ្ញុំចាប់ផ្ដើមមានអារម្មណ៍អសុវត្ថិភាព មិត្តដែលធ្លាប់តែស្និទ្ធស្នាលបំផុតក៏បោះបង់ខ្ញុំចោល ខណៈពេលនោះខ្ញុំមានអារម្មណ៍ថាជីវិតត្រូវរលាយ ខ្ញុំនឹងលែងបើកចិត្តជាមួយអ្នកណាទៀតហើយ”។

នៅពេលនោះ Sulli ទើបតែមានអាយុ ២៣ឆ្នាំប៉ុណ្ណោះ។ នាងចូលចិត្តបង្ហោះរឿងរ៉ាវរបស់ខ្លួនឯងលើបណ្ដាញសង្គមស្ទើរតែរៀងរាល់ថ្ងៃ។ កន្លងមកនាងច្រើនតែផុសនិយាយពីសៀវភៅដែលនាងបានអាន ឬរឿងរ៉ាវដែលនាងកំពុងចាប់អារម្មណ៍រៀនសូត្រ។ ប៉ុន្តែក្រោយមកនាងក៏បានបង្ហោះរូបថតដែលនាងមិនបានពាក់អាវទ្រនាប់លើអ៊ិនស្តាក្រាម រហូតនាំឱ្យមានការវិភាគនិងរិះគន់យ៉ាងខ្លាំង។ មានមនុស្សជាច្រើនបានមក Comment វាយប្រហារនាង។ Sulli ធ្លាប់និយាយក្នុងកម្មវិធីមួយថាការពាក់អាវទ្រនាប់គឺជាជម្រើសរបស់មនុស្សម្នាក់ៗ។ នាងគិតថាគ្រោងដែករបស់អាវទ្រនាប់មិនល្អចំពោះសុខភាពនោះទេ ដូច្នេះហើយទើបនាងមិនពាក់វា។ ក៏ប៉ុន្តែពាក្យសម្ដីទាំងនេះក៏មិនបានធ្វើឱ្យពាក្យរិះគន់លើអ៊ិនធឺណិតថមថយឡើយ។



នៅពេលទៅញ៉ាំបាយជាមួយមិត្តភក្ដិហើយ Sulli ចាប់ផ្ដើម Live ក៏មានអ្នកលេងបណ្ដាញសង្គមជាច្រើនចូលមក Comment និងតិះដៀលរឿងដែលនាងមិនពាក់អាវទ្រនាប់។ សរុបមក មិនថា Sulli ផុសពីរឿងអ្វីក៏ដោយនៅលើអ៊ិនស្តាក្រាម ឬនៅពេល Live មិនថានាងនិយាយរឿងអ្វី ក៏តែងតែមានមនុស្សតាមជេរ និង bully នាងរហូត។ នៅលើបណ្ដាញសង្គមរបស់នាង គឺពោរពេញដោយពាក្យសម្ដីរិះគន់ជាន់ពន្លិច និងបំណងអាក្រក់។ យូរៗទៅ សភាពផ្លូវចិត្តរបស់ Sulli ក៏ចាប់ផ្ដើមទ្រុឌទ្រោម។ នាងត្រូវទៅទទួលការព្យាបាលរៀងរាល់សប្ដាហ៍ តែរឿងនេះទើបតែត្រូវបានលាតត្រដាងនៅពេលក្រោយប៉ុណ្ណោះ ដោយសារ Sulli គឺជាមនុស្សដែលគោរពខ្លួនឯងខ្លាំង ទើបដំបូងៗនាងមិនដែលបើកចំហរថានាងមានជំងឺបាក់ទឹកចិត្តនោះទេ។

Sulli ធ្លាប់ស្នើសុំឱ្យខាងក្រុមហ៊ុនជួយចាត់ការចំពោះអ្នក comment ជាច្រើនដែលមានចេតនាអាក្រក់ ប៉ុន្តែក្រុមហ៊ុន SM មិនបានចាត់វិធានការអ្វីឡើយ ថែមទាំងព្រងើយកន្តើយយ៉ាងខ្លាំងចំពោះរឿងនេះ។ ក្នុងមួយរយៈចុងក្រោយនៃជីវិតរបស់ Sulli មនុស្សជាច្រើនអាចមើលដឹងថានាងមានអាការមិនសូវស្រួលនោះទេ នៅពេល Live ម្ដងៗក៏ហាក់ដូចជាមមើមមាយភាំងៗ។ ពេលខ្លះនៅសុខៗក៏ចេញមក Live ទាំងកណ្ដាលយប់ហើយក៏យំមុខកាមេរ៉ាដោយមិននិយាយពាក្យអ្វីមួយម៉ាត់។ អ្នកដែលបារម្ភពីនាងមានអារម្មណ៍ខ្វល់ខ្វាយចំពោះអាកប្បកិរិយាបែបនេះរបស់នាង។ នាងធ្លាប់បង្ហោះរូបភាពមួយលើអ៊ិនស្តាក្រាមជារូបភាពតុក្កតាដែលដាច់ដៃដាច់ជើង ហើយមានពេលមួយនាងបានបង្ហោះឃ្លីបអាំងសាច់អន្ទង់ និងធ្វើជាបញ្ចូលសំឡេងជាអន្ទង់ថា “ជួយខ្ញុំផង ជួយខ្ញុំផង”។ និយាយចប់នាងក៏សើចឮៗ។ អ្នកលេងបណ្ដាញសង្គមជាច្រើនបានរិះគន់ទង្វើរបស់នាងពេលនោះ។ អ្នកខ្លះនិយាយថា Sulli ដូចជាមានជំងឺសរសៃប្រសាទ។
មានពេលមួយ Sulli និងមិត្តភ័ក្ដិកំពុង Live វីដេអូ ហើយមានបុរសម្នាក់តាមថតនាងរហូត។ បុរសម្នាក់នោះបានកាន់ទូរស័ព្ទហើយដើរសំដៅមករក Sulli។ បើតាមធម្មតា ក្នុងស្ថានការណ៍បែបនេះ Sulli គ្រាន់តែបដិសេធបុរសនោះត្រង់ៗក៏បាន ប៉ុន្តែអាកប្បកិរិយាដែល Sulli បង្ហាញចេញនៅពេលនោះគឺនាងបានប្រើដៃទាំងពីរបាំងមុខ ហើយក៏ឱនក្រាបចុះក្នុងតុតែម្ដង ធ្វើឱ្យមិត្តរបស់នាងប្រញាប់បិទ Live ភ្លាម។ រូបភាពនេះបង្ហាញឱ្យឃើញថា Sulli កំពុងមានអាការភ័យខ្លាចដល់កម្រិតកំពូល។ ការ bully ជាច្រើនបានធ្វើឱ្យផ្លូវចិត្តរបស់នាងទន់ខ្សោយ និងខ្ទេចខ្ទីបន្តិចម្ដងៗ។ នេះអាចជាសញ្ញាគ្រោះថ្នាក់ដែលនាងព្យាយាមប្រាប់ទៅពិភពលោកខាងក្រៅ ប៉ុន្តែមហាជនក៏មិនបានចាប់អារម្មណ៍ត្រង់ចំណុចនេះឡើយ។


នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ ឬរយៈពេលមួយសប្ដាហ៍មុន Sulli បាត់បង់ជីវិត នាងបាននិយាយក្នុងវីដេអូ Live ថា៖ “ខ្ញុំមិនចូលចិត្តជេរដៀលអ្នកណាទេ បើពាក្យជេរទាំងនោះក្លាយជាតួអក្សរ វានឹងកាន់តែគួរឱ្យខ្លាចណាស់ បើសិនជាអាចគួរតែប្រើពាក្យសម្ដីស្រាលៗទៅក៏ល្អ។ នាងសង្ឃឹមថាអ្នកគាំទ្រ និងអ្នកលេងបណ្ដាញសង្គមនឹងប្រើពាក្យសម្ដីដែលមិនធ្ងន់ៗជាមួយនាង មិនមែនចាំតែជេរស្ដី និងមួលបង្កាច់នាង។ នៅចុងវីដេអូ នាងបានសម្លឹងមើលកាមេរ៉ាទាំងទឹកភ្នែក ដែលនេះអាចជាសញ្ញាស្នើសុំជំនួយ។ Sulli ក៏ធ្លាប់ប្រាប់ដែរថា៖ “ខ្ញុំមិនដឹងថាអនាគតនឹងមានរឿងអ្វីកើតឡើងនោះទេ ខ្ញុំអស់កម្លាំងមែនទែនហើយ ប៉ុន្តែគ្មានអ្នកណាស្ដាប់សំឡេងខ្ញុំសោះ។ បើខ្ញុំនិយាយថា ពេលនេះខ្ញុំលំបាកណាស់ ក៏ប្រហែលជាគ្មានអ្នកណាយល់”។

ការវាយប្រហារដោយពាក្យសម្ដី និងការ bully តាមអ៊ិនធឺណិតធ្វើឱ្យផ្លូវចិត្តរបស់ Sulli ខ្សោយទៅៗរហូតដល់ចំណុចសូន្យ។ ការស្នើសុំជំនួយដោយគ្មានការឆ្លើយតប ធ្វើឱ្យនាងជ្រើសរើសវិធីចុងក្រោយបំផុតគឺបញ្ចប់ជីវិតខ្លួនឯង ហើយក៏មិនបានបន្សល់ទុកសំបុត្រលាអ្វីដែរ។ តាមរយៈសៀវភៅកំណត់ហេតុរបស់នាង ធ្វើឱ្យមហាជនអាចដឹងថា ពេលវេលាជីវិតចុងក្រោយរបស់នាងបានកន្លងទៅយ៉ាងលំបាក។ ទំព័រចុងក្រោយនៃសៀវភៅកំណត់ហេតុបានសសេរតែពាក្យមួយម៉ាត់គត់គឺពាក្យ “វេទនា”។
ដូចដែលយើងគ្រប់គ្នាដឹងស្រាប់ថាលើលោកនេះគ្មានអ្នកណាជ្រើសរើសបញ្ចប់ជីវិតខ្លួនដោយគ្មានមូលហេតុនោះទេ។ នាងប្រហែលជាគិតថាការមានជីវិតរស់នៅគឺពិតជាលំបាកវេទនាពេកហើយ។

បន្ទាប់ពី Sulli បាត់បង់ជីវិត ស្ថានីយទូរទស្សន៍កូរ៉េ SBS បានផលិតកម្មវិធីពិសេសមួយសម្រាប់ Sulli គឺកម្មវិធី “Unanswered Questions” ដើម្បីឱ្យទស្សនិកជនបានយល់ពីរឿងរ៉ាវពិត និងដើម្បីមហាជនអាចយល់ថា Sulli ត្រូវប្រឈមមុខនឹងអ្វីខ្លះ ហើយអ្វីទៅដែលធ្វើឱ្យនាងដើរដល់ផ្លូវទ័ល។ ក្រុមការងារកម្មវិធីបានទាក់ទងទៅកាន់មនុស្សជាច្រើនដែលធ្លាប់ Comment ជេរ Sulli និងបានសម្ភាសពួកគេបែបសម្ងាត់ ធ្វើឱ្យយើងបានឮពាក្យសម្ដីដ៏ហួសចិត្តជាច្រើនដូចជា៖


អ្នកលេងអ៊ិនធឺណិត A បាននិយាយថា៖ “Comment ដែលខ្ញុំជេរ Sulli នោះបានកន្លងទៅ ១០០សប្ដាហ៍ហើយ។ បើខ្ញុំទើបតែសរសេរវាកំឡុង ១០សប្ដាហ៍មុន Sulli បាត់បង់ជីវិត ខ្ញុំនឹងសូមទោស។ ប៉ុន្តែពេលនេះវាបានកន្លងផុត ១០០សប្ដាហ៍ហើយ អ្នកចង់ឱ្យខ្ញុំសុំទោសធ្វើអីទៀត?”
អ្នកលេងអ៊ិនធឺណិត B និយាយថា៖ “ខ្ញុំគិតថាទោះបី Sulli ជាមនុស្សស្រី ប៉ុន្តែនាងមើលទៅរឹងមាំជាងមនុស្សប្រុសទៅទៀត ដូច្នេះហើយការដែលខ្ញុំជេរនាង ប្រហែលមិនធ្វើឱ្យនាងកើតអីនោះទេ នាងប្រាកដជាទទួលយកបាន ពាក្យសម្ដីទាំងនោះមិនអាចធ្វើអ្វីនាងបានឡើយ”។
អ្នកលេងអ៊ិនធឺណិត C និយាយថា៖ “ខ្ញុំមិនបានជេរឱ្យនាងទៅស្លាប់ឯណា ខ្ញុំគិតថាបើជាការជេរឱ្យទៅស្លាប់ទើបជា Comment ដែលមានផលអាក្រក់ ដូច្នេះហើយដែលខ្ញុំជេរនាងថារោគចិត្ត ឬអ្វីក៏ដោយ ខ្ញុំគិតថាពាក្យសម្ដីទាំងនេះមិនបានបំផ្លាញនាងទេ”។
អ្នកលេងអ៊ិនធឺណិត D និយាយថា៖ “បើទទួលយករឿងបែបនេះមិនបាន តើមកធ្វើជាអ្នកសិល្បៈធ្វើអី? ការធ្វើជាបុគ្គលសាធារណៈ គឺត្រូវទទួលយករឿងទាំងនេះឱ្យបាន ត្រូវអត់? បើទទួលយកមិនបាន គួរកុំបាច់មកធ្វើអ្នកសិល្បៈតាំងពីដំបូង”។
នៅមានពាក្យសម្ដីជាច្រើនទៀតដែលមានន័យស្រដៀងៗនេះ។ អ្វីដែលសំខាន់នោះគឺ អ្នកសរសេរ Comment ទាំងអស់នេះមិនបានគិតថាខ្លួនឯងមានបញ្ហាឡើយ ហើយគិតថាបញ្ហាគឺដោយសារ Sulli ខ្លួនឯង ដោយជឿថា Sulli គួរតែទទួលយករឿងទាំងអស់នេះបាន។


ក្រៅពីនេះ នៅមានសារព័ត៌មាន និងអ្នកសរសេរព័ត៌មានជាច្រើនដែលបានចុះផ្សាយព័ត៌មានរបស់ Sulli បែបអវិជ្ជមាន។ ស្ថានីយ SBS បានព្យាយាមស្វែងរកអ្នកសរសេរព័ត៌មានទាំងនោះ ប៉ុន្តែលទ្ធផលបង្ហាញថា អ្នកដែលសរសេរព័ត៌មានទាំងនោះសុទ្ធតែមិនបានបញ្ចេញអត្តសញ្ញាណពិតប្រាកដរបស់ខ្លួនឯង ប៉ុន្តែចេះតែសរសេរប្រឌិតព័ត៌មានបញ្ចេញបញ្ចូលសព្វសារពើដើម្បីបាន Like & View។ អាជ្ញាធរនៅសមាគមអ្នកសារព័ត៌មានកូរ៉េខាងត្បូងបានឱ្យដឹងថា អ្នកព័ត៌មានលាក់ឈ្មោះទាំងនេះសរសេរព័ត៌មានដើម្បីលុយដោយគ្មានប្រភពភស្តុតាងយោងអ្វីឡើយ ពួកគេធ្វើដើម្បីឱ្យបានល្បីប៉ុណ្ណោះ។ ចំណែកម្ចាស់ស្ថាប័នព័ត៌មានរបស់កូរ៉េខាងត្បូងក៏មិនដែលទាមទារមើលឯកសារយោងដូចគ្នា ព្រោះពួកគេផ្ទាល់ក៏ត្រូវការបង្កើត view ព្រោះបើព័ត៌មានត្រូវបានចែករំលែកកាន់តែទូលំទូលាយ ស្ថាប័នរបស់ពួកគេក៏កាន់តែល្បីហើយនឹងទទួលបានថ្លៃផ្សាយពាណិជ្ជកម្មកាន់តែខ្ពស់។ ក្រោយៗមក បើទោះបីជាក្រុមការងាររបស់កម្មវិធីអាចទាក់ទងទៅអ្នកព័ត៌មានអនាមិកមួយចំនួនបានតាមទូរស័ព្ទ ប៉ុន្តែពួកគេក៏មិនបានគិតថាខ្លួនបានបង្កបញ្ហាឡើយ ថែមទាំងនិយាយទៀតថា បើពួកគេមិនសរសេរក៏នៅមានអ្នកផ្សេងសរសេរ ហើយគិតថារឿងនេះក៏មិនមែនរឿងធំអ្វី ដោយមិនបានដឹងខ្លួនឡើយថា Comment អាក្រក់ៗ និងការផ្សាយព័ត៌មានទាំងអស់នេះបានទាញទម្លាក់ Sulli ចូលនរកម្ដងបន្តិចៗ។
ក្លាយជាទេពធីតាម្ដងទៀតក្រោយពេលស្លាប់
ការបាត់បង់ជីវិតរបស់ Sulli បានបង្កភាពតក់ស្លុតនៅទូទាំងប្រទេសកូរ៉េខាងត្បូង។ គ្រួសាររបស់នាងមិនចង់ជឿឡើយថានេះគឺជាការពិត ព្រោះបើទោះជា Sulli មានជីវិតលំបាកយ៉ាងណា ប៉ុន្តែនាងក៏មិនដែលបង្ហាញពីភាពអស់សង្ឃឹមឱ្យក្រុមគ្រួសារបានឃើញឡើយ។
មួយខែមុន Sulli បាត់បង់ជីវិត នាងបានសរសេរក្នុងកំណត់ហេតុថា៖ “ចង់ក្លាយជាមនុស្សដែលអាចធ្វើឱ្យគ្រប់គ្នាមានអារម្មណ៍កក់ក្ដៅ ចង់និយាយអរគុណដល់អ្នកគ្រប់គ្នា មិនថាក្នុងអនាគតនឹងស្អប់គ្នា ឬស្រលាញ់គ្នា គឺអាស្រ័យលើអ្នកទាំងអស់គ្នាហើយ”។ សំណេរនេះអាចឱ្យយើងយល់បានពីអារម្មណ៍របស់ Sulli ក្នុងពេលនោះ។ បើទោះបីជាត្រូវមហាជនជេរស្ដី និងមួលបង្កាច់ ប៉ុន្តែនាងនៅតែព្យាយាមធ្វើឱ្យខ្លួនឯងក្លាយជាមនុស្សដែលគ្រប់គ្នាចូលចិត្ត។

ដោយយល់ថា Sulli ត្រូវគេរិះគន់យ៉ាងសាហាវកាលនៅមានជីវិត ដូច្នេះហើយបន្ទាប់ពី Sulli ស្លាប់ មិត្តភ័ក្ដិនិងគ្រួសារបានរៀបចំពិធីបុណ្យសពនិងកាន់ទុក្ខយ៉ាងស្ងៀមស្ងាត់ ដោយសង្ឃឹមថានាងនឹងចាកចេញទៅដោយស្ងប់សុខ។
តែរឿងដែលគួរឱ្យអស់សំណើចនោះគឺ នៅពេលដែលព័ត៌មានមរណភាពរបស់ Sulli ត្រូវបានចុះផ្សាយ សិល្បករ និងស្ថាប័នព័ត៌មានធំៗរបស់កូរ៉េខាងត្បូងបានចូលរួមបង្ហាញការរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះការចាកចេញរបស់ Sulli។ ក្រុមអ្នកគាំទ្រជាច្រើនបានរៀបចំកម្មវិធីផ្សេងៗជាច្រើនដើម្បីកាន់ទុក្ខនាង។ នៅលើអ៊ិនធឺណិតមានតែពាក្យកោតសរសើរចំពោះ Sulli ចំណែកពាក្យដៀលត្មះ និងមួលបង្កាច់នាងក៏ត្រូវបានកែប្រែត្រលប់ឱ្យគ្រប់គ្នាយល់ពីនាង និងអភ័យទោសដល់នាង។ កាលមានជីវិតមានតែពាក្យសម្ដីបង្កប់ពិសព្រួសដាក់គ្នា ដល់ពេលនាងស្លាប់បាត់ទៅហើយ ទើបបែរមកធ្វើល្អ និងផ្ដល់អំណោយល្អៗបំផុតលើលោកឱ្យទៅនាង ប៉ុន្តែនាងលែងទទួលដឹងអ្វីទៀតទៅហើយ។

បន្ទាប់ពី Sulli ទទួលមរណភាព វីដេអូសម្ភាសមួយរបស់នាងត្រូវបានគេសើរើមកឡើងវិញ ដោយខណៈដែលនៅមានជីវិត នាងបាននិយាយជាមួយស្នាមញញឹមបង្កប់ទឹកភ្នែកថា៖ “បងៗ និងអ្នកសារព័ត៌មានអើយ ជួយអាណិតស្រលាញ់ខ្ញុំបន្តិចទៅ ទស្សនិកជនគ្រប់គ្នា សូមជួយស្រលាញ់ខ្ញុំផង”។

បន្ទាប់ពី Sulli ស្លាប់ Goo Hara ដែលជាមិត្តជិតស្និទ្ធរបស់នាងធ្លាប់បានយំក្នុងវីដេអូ Live និងនិយាយថា នឹងនាំយកដួងចិត្តនិងវិញ្ញាណរបស់ Sulli មកបន្តដើរទៅមុខជាមួយនាង។ តែអ្វីដែលគួរឱ្យសោកស្ដាយនោះគឺ បន្ទាប់ពីនោះមិនបានប៉ុន្មាន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ គេក៏ប្រទះឃើញ Goo Hara ស្លាប់នៅក្នុងផ្ទះរបស់ខ្លួន នៅវ័យត្រឹម ២៨ឆ្នាំ។ មានការសង្ស័យថា ការស្លាប់បន្តបន្ទាប់គ្នារបស់ Sulli និង Goo Hara អាចមានពាក់ព័ន្ធនឹងគ្រួសារអ្នកមាន ប៉ុន្តែគួរឱ្យស្ដាយ គេមិនបានរកឃើញភស្តុតាងអ្វីចំពោះរឿងនេះនោះទេ រហូតមកដល់ពេលនេះគឺបានត្រឹមតែសង្ស័យ។
តាមរយៈករណីរបស់ Sulli មេរៀនមួយដែលយើងគួររៀនសូត្រនោះគឺ ពាក្យសម្ដីមួយប្រយោគៗនៅលើអ៊ិនធឺណិតអាចជួយជីវិតមនុស្សបាន ប៉ុន្តែក៏អាចបំផ្លាញមនុស្សបានដូចគ្នា ៕

























Account
Security
Favourite Content