ដើម្បីបរិស្ថាន និងជាចំណែកក្នុងការចូលរួមថែរក្សាភាពស្រស់ស្អាតរបស់ឆ្នេរសមុទ្រតារាចម្រៀង Step និង SK បានដឹកនាំក្រុមការងារ ដើរប្រមែប្រមូលសំរាមតាមឆ្នេរសមុទ្រ ក្នុងដំណើរកម្សាន្តទៅកាន់កោះស្តេច ដែលស្ថិតក្នុងខេត្តកោះកុង ។


នៅក្នុងសកម្មភាពថ្ងៃទី ២ នៃដំណើរកម្សាន្តនៅកោះស្តេច ប្រុសស្អាត Step បានដឹកនាំក្រុមការងារប្រមាណជា ១០ នាក់ ដើររើសសំរាមនៅតាមបណ្តោយឆ្នេរសមុទ្រ ក្នុងតំបន់កោះស្តេច។ មិនតែប៉ុណ្ណោះ ក៏មានវត្តមានស្រីស្អាត SK ចូលរួមផងដែរ ពួកគេបានរៀបចំថង់ខ្មៅ និងស្រោមដៃច្រើនគូ ដើម្បីពាក់ធ្វើការងារមួយនេះ ដោយធ្វើការរើសសម្រាមនៅតាមឆ្នេរ និងប្រមូលបានសម្រាមយ៉ាងច្រើន។
នៅក្នុងសកម្មភាពនៃការដើររើសសំរាមនេះដែរ មិនបានស្អាតគ្រប់ជ្រុង គ្រប់កន្លែង ក្នុងតំបន់ឆ្នេរ កោះស្តេច នោះទេ តែនេះជាសកម្មភាពនៃការភ្ញោចអារម្មណ៌របស់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ បញ្ឈប់នូវសកម្មភាពបោះសំរាមពាសវាលពាសកាល ហើយបន្តចូលរួមថែរក្សាបរិស្ថាន ដើម្បីភាពស្រស់ស្អាត និងដើម្បីការពារជីវិតសត្វសមុទ្រផងដែរ។ ការចូលរួមសម្អាត និងថែរក្សាបរិស្ថានមិនមែនជាកាតព្វកិច្ចរបស់នរណាម្នាក់ តែជាកាតព្វកិច្ចយើងទាំងអស់គ្នា ភាពស្រស់ស្អាត កើតចេញពីអ្នកទាំងអស់គ្នា ដូច្នេះ រួមគ្នាដើម្បីបរិស្ថានស្អាត ។



ចង់បញ្ជាក់ដែរថា លោក Step និងកញ្ញា SK គឺជាតារាចម្រៀងរបស់ផលិតកម្ម GenMusix ដែលរាល់បទចម្រៀងរបស់អ្នកទាំងពីរតែងទទួលបានគាំទ្រពីសំណាក់ស្រទាប់យុវវ័យ មិនថាជាអាល់ប៊ុមទោល ឬច្រៀងរួមគ្នានោះទេ៕























Account
Security
Favourite Content